ខេត្តកំពត ៖ បុរសជាកសិករម្នាក់ក្នុងចំណោមអ្នកភូមិផ្ទះជិតគ្នា៤នាក់ទៀតបានទិញកូនក្របីមួយនឹមមកចិញ្ចឹម ដោយចងជើងទាំងបួនដាក់ក្នុងរ៉ឺម៉កម៉ូតូដឹកទៅកាន់លំនៅឋាននៅភូមិអូរក្រសារ ឃុំអូរក្រសារ ស្រុកដំណាក់ចង្អើរ ខេត្តកែប ជួបគ្រោះអកុសលហូរហែ ដោយសារតែកុងត្រូលជំរិតទារប្រាក់គ្មានត្រាប្រណី ។
បុរសអ្នកទិញកូនក្របីនេះឈ្មោះហៀង ទិត អាយុ២៩ឆ្នាំ ជាកសិករ បាននិយាយថា ដោយរូបគាត់គ្មានមធ្យោបាយដឹកតាមរថយន្ត គាត់ក៏ជួលរ៉ឺម៉កម៉ូតូអ្នករស់នៅក្នុងភូមិជាមួយគ្នាទៅជួយដឹក ព្រមទាំងពឹងអ្នករស់នៅជិតខាង៣នាក់ទៀតឱ្យជួយចាប់កូនក្របីទាំងពីរចងជើងរួចដឹកតាមរ៉ឺម៉កមកផ្ទះ ។
បញ្ហាដែលបុរសកសិកររូបនេះជួបការលំបាក គឺពេលដឹកកូនក្របីមកតាមផ្លូវត្រូវ សមត្ថកិច្ចដែលដាក់កុងត្រូលជជុះគាបសង្កត់ទារប្រាក់ពីរូបគាត់ប្រៀបបីដូចរូបគាត់ដឹកក្របីលួចគេ ។ កសិករឈ្មោះលី ហាវ អាយុ៤៧ឆ្នាំ ជាម្ចាស់រ៉ឺម៉កម៉ូតូ និងជាអ្នករស់នៅជិតខាងជាមួយម្ចាស់កូនក្របី បានឱ្យដឹងថា រូបគាត់បានទៅជួយដឹកកូនក្របី ដែលឈ្មោះហៀង ទិត ទិញពីឃុំកោះតូច ស្រុកទឹកឈូ ។ ប៉ុន្តែទំរាំមកដល់លំនៅឋានវិញ កូនក្របីដែលនៅក្នុងរ៉ឺម៉កគាត់ស្ទើរតែងាប់អស់ទៅហើយ ដោយសារកុងត្រូលជជុះ ហៅឈប់ឱ្យបង់លុយច្រើនកន្លែងពេក ហើយការហៅឱ្យឈប់មួយកន្លែងៗមានរយៈពេលជិតមួយម៉ោងទំរាំអង្វរត្រូវថ្លៃគ្នា ។
បុរសជាកសិកររូបនេះបានបន្តទៀតថា កូនក្របីដែលទិញមកនេះមានលិខិតបញ្ជាក់ច្បាស់លាស់ ពីអាជ្ញាធរភូមិ-ឃុំ និងប៉ុសិ៍្តរដ្ឋបាលឃុំផងដែរ។ ប៉ុន្តែរូបគាត់ឆ្ងល់ថា បើមានលិខិតបញ្ជាក់ត្រឹមត្រូវហើយ ហេតុអ្វីក៏សមត្ថកិច្ចដែលដាក់កុងត្រូលជជុះតាមផ្លូវនៅតែឃាត់ និងគំរាមទារប្រាក់ពីរូបគាត់ទៀត? ការទារប្រាក់ពីរូបគាត់នេះកន្លែងខ្លះទារ១០.០០០រៀល កន្លែងខ្លះ១៥.០០០រៀលដូចខ្មោចទារសំណែន ។ ពួកគាត់និយាយទាំងមុខក្រហមថា ពេលផុតប៉ូលិសចូលដល់ប៉េអឹម ផុតពីប៉េអឹមចូលដល់ពេទ្យសត្វទៀត ។ ទោះបីរូបគាត់បង្ហាញលិខិតដល់ពេទ្យសត្វ ក៏ពេទ្យសត្វរកលេសបន្ទោសតាមបច្ចេកទេសពេទ្យដែរ ដូចជាចោទថា គាត់ចងជើង សត្វត្រូវពិន័យអស់មួយម៉ឺនរៀលទៀត ទើបអាចបន្តដំណើរទៅមុខទៀតបាន ។
កសិកររូបនេះរអ៊ូរទាំថា គាត់ចងជើងក្របីឱ្យដេកដាក់ក្នុងរ៉ឺម៉ក ដើម្បីបិទបាំងផងអស់ប្រាក់ប៉ុណ្ណឹងទៅហើយ ចុះទំរាំឱ្យឈរក្នុងរ៉ឺម៉កទៀតប្រហែលជាអស់ប្រាក់ស្មើនឹងថ្លៃទិញកូនក្របីនេះមិនខាន ។
ពួកគាត់និយាយថា គេដឹកគោ ក្របី ទាំងឡានៗយកទៅលក់នៅព្រំដែនវៀតណាម តើជួបការលំបាកបែបណាទៅ បើដឹកកូនក្របីមួយនឹមលំបាកបែបនេះទៅហើយ ។
ខេត្តកំពតនៅមិនទាន់អស់កុងត្រូលជជុះ ឬមិនជជុះដូចរៀបរាប់ខាងលើនេះនៅឡើយទេ ។ កុងត្រូលបែបនេះ ខ្លាំងជាងកុងត្រូលជជុះទៅទៀត ដែលខេត្តកំពតគួរតែប្រឹងប្រែង«មើលផ្លូវ» និងជួយឈូសចោលផង ៕
ចែករំលែកព័តមាននេះ