(ថៃ)៖ ករណីភ្លើងឆេះព្រៃនៅតាមជួរភ្នំនៃតំបន់មេគង្គឧត្តមថារ៉ា ក្នុងខេត្តឈៀងម៉ៃ ប្រទេសថៃ បានរាលដាលដល់កន្លែងជាច្រើនជំរុញឱ្យមន្ត្រីនៅក្នុងតំបន់ព្យាយាមទប់ស្កាត់ និងព្រមានពីគ្រោះមហន្តរាយ ។
សារព័ត៌មានថៃ PBS World បានចេញផ្សាយនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ថា ភ្លើងឆេះព្រៃដែលបានចាប់ផ្តើមនៅថ្ងៃទី១ ខែកុម្ភៈ នៅតែបន្តឆាបឆេះឥតស្រាកស្រាន្ដនៅតាមជួរភ្នំនៃតំបន់មេគង្គឧត្តមថារ៉ា ទោះបីមានសេចក្ដីរាយការណ៍ពីមន្ត្រីក្នុងតំបន់ថា ពួកគេបានខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់អស់រយៈមួយកំណាត់ថ្ងៃកាលពីល្ងាចមិញក៏ដោយ ហើយមុខភ្លើងនៅតែបន្តរាលដាលកាន់តែធំទៅៗ ជំរុញឱ្យអាជ្ញាធរត្រូវចល័តឧបករណ៍ ដើម្បីពន្លត់ភ្លើងទាំងយប់ទាំងថ្ងៃ។
ប៉ុន្តែឈានមកដល់ថ្ងៃនេះ ទោះបីភ្លើងឆេះព្រៃមិនទាន់រលត់ ប៉ុន្តែភ្លើងនេះមិនទាន់ឈានដល់ការប្រកាសអាសន្ន ឬបង្កឱ្យមានការបំពុលខ្យល់ធ្ងន់ធ្ងរដែលអាចប៉ះពាល់ដល់សុខភាពអ្នកស្រុកក្នុងខេត្តឈៀងម៉ៃ នៅឡើយទេ ដោយតែចរន្តខ្យល់បានបក់ផាត់ផ្សែងទាំងនោះបានលឿន ។
ស្របគ្នានៃហេតុការណ៍ភ្លើងឆេះព្រៃនៅខេត្តឈៀងម៉ៃ នៅឯខេត្តត្រាត ឯណោះវិញ សារព័ត៌មាន thethaiger.com បានផ្សាយថា អគ្គិភ័យដ៏សន្ធោសន្ធៅបានលេបត្របាក់ព្រៃឈើនៅក្នុងស្រុកមឿងត្រាត អស់ជិត១០០ហិចតា ទោះបីជាមានការខិតខំប្រឹងប្រែងពីក្រុមពន្លត់អគ្គីភ័យក៏ដោយ ភ្លើងនៅតែមិនអាចទប់ស្កាត់បាន ហើយមានក្ដីបារម្ភថា វាអាចរាលដាលដល់ព្រៃទំហំ២០០០ហិចតាដែលនៅជាប់គ្នា។
ឈានមកដល់ថ្ងៃទី១ ខែកុម្ភៈ អាជ្ញាធរថៃកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់ដើម្បីទប់ទល់នឹងអណ្ដាតភ្លើងដែលកំពុងរីករាលដាល ជាពិសេសផ្ទះស្នាក់របស់គ្រូបង្រៀនក្នុងមហាវិទ្យាល័យបច្ចេកទេសត្រាតដែលនៅជាប់ព្រៃនោះ ហើយរថយន្តពន្លត់អគ្គីភ័យត្រូវបានដាក់ពង្រាយការពារដើម្បីត្រៀមឆ្លើយតបប្រសិនបើមានភ្លើងឆ្លងកាត់និងបង្កជាភ្លើងឆេះព្រៃបន្ថែមទៀត។
ក្រោយកើតមានហេតុការណ៍ភ្លើងឆេះព្រៃធំៗផ្ទួនៗបែបនេះ សារព័ត៌មានថៃ The Nation បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែកុម្ភៈថា ឧទ្យានជាតិជួរភ្នំ ថុងផាភូមិ ក្នុងខេត្ត Kanchanaburi បានបិទផ្លូវខ្នងភ្នំទេសចរណ៍ដ៏ល្បីល្បាញមួយខ្សែ ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ដោយសារការព្រួយបារម្ភថា អាចកើតមានហេតុការណ៍អគ្គីភ័យដោយចៃដន្យក្នុងរដូវប្រាំង។
គួរកត់សម្គាល់ថា បើតាមនាយកដ្ឋានឧតុនិយមថៃ បានប្រកាសឱ្យដឹងថា រដូវប្រាំងនៅប្រទេសថៃនឹងចាប់ផ្តើមនៅចុងខែកុម្ភៈ ដែលត្រូវបានព្យាករណ៍ថា នឹងមានសីតុណ្ហភាពក្ដៅខ្លាំងខុសពីធម្មតា ជាមួយសីតុណ្ហភាពខ្ពស់បំផុតដល់កម្រិតកំពូលដល់ទៅ៤៤,៥អង្សាសេ ដែលជំរុញឱ្យមានការព្រមាន ឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះហេតុការណ៍ភ្លើងឆេះព្រៃ ដែលមានហានីភ័យខ្ពស់នារដូវប្រាំងឆ្នាំ២០២៤នេះ៕ អត្ថបទ៖ អោម ចែតច័ន្ទណារ៉ា
ចែករំលែកព័តមាននេះ