ខេត្តបាត់ដំបង ៖ ការដឹកជញ្ជូនឈើប្រណីត របស់ក្រុមឈ្មួញទុច្ចរិតមិនមែនតែនៅតាមតំបន់ព្រៃភ្នំនានាក្នុងស្រុកសំឡូតទេ សូម្បីតែនៅក្នុងក្រុងបាត់ដំបង ក៏គេតែងឃើញការដឹកជញ្ជូនឈើប្រណីត តាមរទេះសណ្តោងដោយម៉ូតូទាំងយប់ទាំងថ្ងៃ ចល័តពីកន្លែងមួយទៅកន្លែងមួយយ៉ាងសកម្មផងដែរ ដោយគ្មានការរំខានពីមន្ត្រីព្រៃឈើ ឬអាជ្ញាធរក្រុងឡើយ ។
ការដឹកជញ្ជូនឈើប្រណីតនៅក្នុងក្រុងបាត់ដំបង គេសង្កេតឃើញពួកឈ្មួញតែងប្រើរទេះអូសដោយម៉ូតូដែលមានលក្ខណៈតូចតាច ធ្វើចរាចរណ៍ពាសពេញផ្លូវនានាក្នុងក្រុងទាំងយប់ទាំងថ្ងៃដែលមើលទៅហាក់ដូចជាការដឹកជញ្ជូនឈើនេះមានសេរីភាពបំផុតមិនខុសច្បាប់ឡើយ ។
តាមប្រភពព័ត៌មានថា ឈើប្រណីតទាំងនេះ ត្រូវគេដឹកជញ្ជូនចល័តចេញពីកន្លែងស្តុកទុកលួចលាក់ទៅដាក់តាមសិប្បកម្មនានាក្នុងក្រុងបាត់ ដំបង ដែលជាកន្លែងសិប្បកម្មគ្មានច្បាប់អនុញ្ញាតឡើយ ។ ឈើប្រណីតភាគច្រើនត្រូវគេដឹកចេញពីកន្លែងស្តុកទុកក្នុងរោងម៉ាស៊ីនអារឈើគ្មានច្បាប់មួយ និងឃ្លាំងស្តុកឈើលួចលាក់របស់ថៅកែស្រីមួយទៀតនៅខាងលិចអតីតរោងតម្បាញស្ថិតក្នុងភូមិអូរតាគាំ២ សង្កាត់ទួកតាឯក ក្រុងបាត់ដំបង ហើយឈ្មួញប្រើក្រុមកម្មករឱ្យដឹកជញ្ជូនឈើទាំងនេះទៅដាក់តាមរោងសិប្បកម្មនានាពាសពេញក្នុងក្រុងដែលភាគច្រើនគឺជាកន្លែងសិប្បកម្មគ្មានច្បាប់អនុញ្ញាត ដូចជាម៉ាស៊ីន រ៉ៃអារឈើនៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក នេះជាដើម ។
មន្ត្រីមូលដ្ឋានម្នាក់ដែលសុំមិនប្រាប់ឈ្មោះនិយាយថា ឈ្មួញតែងដឹកជញ្ជូនឈើប្រណីតតាមរថយន្តកាមរី ឬរថយន្តនីស្សាន់ ចូលទៅកាន់រោងម៉ាស៊ីនអារឈើ និងកន្លែងស្តុកទុកនៅភូមិអូរតាគាំ២នោះ នៅពេលយប់ ឬដឹកទៅកាន់រោងម៉ាស៊ីនមួយកន្លែងទៀតក្នុងសង្កាត់ចំការសំរោង ។ សកម្មភាពនេះហាក់ដូចជាមិនលាក់បាំងពេកទេ តែបែរជាគ្មានមន្ត្រីព្រៃឈើណាម្នាក់អើពើឡើយ ។
មន្ត្រីរូបនេះក្រើនរំលឹកថា ការប៉ុនប៉ងបង្ក្រាបបទល្មើសព្រៃឈើនៅតាមបណ្តាកន្លែងលាក់ឈើប្រណីតទាំងនេះ មិនពិបាកទេ សំខាន់ត្រង់ថា តើលោកមន្ត្រីព្រៃឈើមានឆន្ទៈពិតប្រាកដក្នុងបង្ក្រាបបទល្មើសនេះដែរឬយ៉ាងណា? ពីព្រោះជាញឹកញាប់ឈើទាំងនេះ ត្រូវពួកកម្មករដឹកជញ្ជូនតាមរទេះចេញពីកន្លែងលាក់ទុកទាំងថ្ងៃដែលជាការងារយល់បំផុតក្នុងការបង្ក្រាប តែសកម្មភាពនេះបែរជាមិនរំខាន ដល់មេព្រៃទៅវិញ ។
បច្ចុប្បន្នការដឹកជញ្ជូនឈើប្រណីតចូលក្នុងក្រុងបាត់ដំបង ត្រូវគេសង្កេតឃើញភាគច្រើនមានប្រភពចេញពីស្រុកសំឡូតដែលជាស្រុកមួយសំបូរដោយធនធានធម្មជាតិបំផុតក្នុងខេត្តបាត់ដំបង ។ ការកាប់បំផ្លាញ និងដឹកជញ្ជូនឈើប្រណីតនៅក្នុងស្រុកនោះកំពុងដំណើរការយ៉ាងសកម្មបំផុត ឬក្រុមឈ្មួញទុច្ចរិត ដែលមានអំណាច ប៉ុន្តែឈើប្រណីតមួយចំនួនត្រូវពួកឈ្មួញនាំចេញពីស្រុកវាលវែង ខេត្តពោធិ៍សាត់តាមច្រកចង្អៀតចូលក្នុងភូមិសាស្ត្រភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ដោយមានការឃុបឃិតគ្នាជាមួយមេព្រៃ និងមន្ត្រីផ្សេងៗទៀតនៅតំបន់នោះ ។ ប៉ុន្តែសកម្មភាពនេះត្រូវបានបដិសេធដោយមន្ត្រីព្រៃឈើនៅស្រុកសំឡូត ។
លោកណារ៉េត នាយកសង្កាត់រដ្ឋបាលព្រៃឈើ ស្រុកសំឡូត បញ្ជាក់ប្រាប់កោះសន្តិភាពថា ការបង្ក្រាបបទល្មើសព្រៃឈើនៅតំបន់នោះមានការលំបាក ព្រោះតែភូមិសាស្ត្រស្មុគស្មាញ ម្យ៉ាងទៀត មន្ត្រីរបស់លោកមួយចំនួនគ្មានការស្មោះត្រង់ជាមួយលោកដែលជាហេតុធ្វើឱ្យរូបលោកជួបការលំបាកកាន់តែខ្លាំង ។ លោកណារ៉េត បានបញ្ជាក់ថា ក្រោយពីការចេញផ្សាយរបស់កោះសន្តិភាពភាពអំពីបទល្មើសព្រៃឈើនេះ រូបលោកបានទៅពិនិត្យនៅតំបន់បទល្មើសនោះរួចហើយ តែលោករកមិនឃើញមានបទល្មើសព្រៃឈើនៅតំបន់នោះទេ ។
បើតាមប្រជាពលរដ្ឋនៅតំបន់នោះអះអាងផ្ទុយពីមន្ត្រីព្រៃឈើថា ការកាប់បំផ្លាញព្រៃឈើ ឬការដឹកជញ្ជូនឈើនៅតំបន់នោះមានសកម្មភាពគគ្រឹកគគ្រេងពេញព្រៃគ្មានការថមថយទេ ។ ប្រភព បើស្ថាប័នណាមួយចង់ទៅពិនិត្យ ឬបង្ក្រាបបទល្មើសព្រៃឈើនៅតំបន់នោះប្រហែលជារកភស្តុតាងបទល្មើសមិនឃើញទេ ព្រោះបទល្មើសទាំងនេះត្រូវស្ងាត់ស្ងៀមមិនកំរើកឡើយ វាហាក់ដូចជាមានអ្នកចាំ ផ្តល់សញ្ញាជាមុនឱ្យពួកឈ្មួញទុច្ចរិតបញ្ឈប់សកម្មភាពជាបណ្តោះអាសន្ន ប៉ុន្តែវានឹងកំរើកឡើងវិញភ្លាមនៅពេលផែនការបង្ក្រាបនោះដកថយ ៕
ចែករំលែកព័តមាននេះ