ខេត្តកំពង់ស្ពឺ ៖ ក្មេងស្ទាវពីរក្រុមបានឈ្លោះទាស់ទែងគ្នាពេលរាំវង់កម្សាន្តក្នុងពិធីឡើងគេហដ្ឋានថ្មីមួយ នៅក្នុងភូមិតាដក់ ឃុំព្រៃក្រសាំង ស្រុកឧដុង្គ បណ្តាលឱ្យភាគីម្ខាងរងរបួសធ្ងន់ និងស្រាល កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត ។ មន្ត្រីប៉ូលិសព្រហ្មទណ្ឌស្រុកឧដុង្គ បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ឧសភា នៅលំនៅឋានរបស់ឈ្មោះតែម រ៉ន ក្នុងភូមិ-ឃុំខាងលើ បង្កឱ្យមានការផ្អើលឆោឡោ ហើយយុវជនពីរនាក់រងរបួសត្រូវបានបញ្ជូនមកមន្ទីរពេទ្យបង្អែកដើម្បីសង្គ្រោះបន្ទាន់ទាំងយប់ ។
លោក សម សាក់ នាយរងការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌខេត្តបានឱ្យដឹងថា យុវជនរងរបួសទាំងពីរនាក់នេះ ម្នាក់ឈ្មោះសៅ មុល អាយ១៩ឆ្នាំ នៅភូមិកើតហេតុ ត្រូវភាគីម្ខាងកាប់ត្រូវក្តោងច្រមុះ ថ្ងាស គល់ក្លៀកស្តាំ រងរបួសធ្ងន់ កំពុងសង្គ្រោះបន្ទាន់ និងម្នាក់ទៀតឈ្មោះងិន ដា អាយុ២៣ឆ្នាំ នៅភូមិជាមួយគ្នា រងរបួសចំដៃឆ្វេងតែស្រាល ។
លោកសម សាក់ បន្តថា តាមការបំភ្លឺរបស់ជនរងគ្រោះគឺភាគីម្ខាងជាជនដៃដល់មកពីភូមិអង្គសេរីបន្ទាយខ្មែរ ដែលត្រូវជាបងប្អូនម្ចាស់ផ្ទះ បានមករាំលេងដែរ ក៏មានការប្រើពាក្យសម្តីប៉ះពាល់គ្នារវាងក្មេងស្ទាវក្នុងភូមិ ព្រមទាំងរាំកាច់កុង និងប៉ះដៃជើងគ្នាក៏ទាញកាំបិតកាប់គ្នាផ្អើលពេញវង់រាំ ហើយធុងបាស់ត្រូវបានបញ្ឈប់ការចាក់ភ្លាមៗដែរ ។
មន្ត្រីប៉ូលិសស្រុកផ្តល់ព័ត៌មានថា ជនដៃដល់បន្សល់ទុកម៉ូតូមួយគ្រឿងម៉ាកស្មាស់នៅក្បែរកន្លែងកើតហេតុដែលបានប្រទះឃើញនៅពេលព្រឹកឡើង ។ ប៉ូលិសកំពុងសើុបអង្កេតរកម្ចាស់ម៉ូតូ និងក្រុមបង្កស្នាមរបួសនេះ ជាបន្តទៀត ៕
ចែករំលែកព័តមាននេះ