ខេត្តស្វាយរៀង៖ ក្រុមក្មេងទំនើង ចំនួន ០២នាក់ បានឌឺដងដាក់គ្នា ហើយណាត់ តាមទូរសព្ទមកកា.ប់គ្នាលេង តែជាអកុសល យុវជនម្នាក់មកតាមមើលគេកា.ប់គ្នា ក៏ត្រូវបានគេកា.ប់ក្បាលមួយកាំបិត រងរបួសធ្ងន់ធ្ងរ។
ករណីនេះ បានកើតឡើង កាលពីយប់ថ្ងៃទី២៩មករា ២០២៤ នៅភូមិថ្នល់ទទឹង សង្កាត់ច្រកម្ទេសក្រុងបាវិត ខេត្តស្វាយរៀង។
ប្រជាពលរដ្ឋ បានឃើញហេតុការណ៍ ប្រាប់ថា មានយុវជនឈាមរាវ ០២នាក់ បានឆាត តាមប្រព័ន្ធ facebook ឌឺដង និងហៅគ្នា មកកា.ប់គ្នាលេង។ ស្រាប់តែភាគីម្ខាង មកតាមការណាត់។
ប្រភពបន្តថា មុនពេលកើតហេតុ គេឃើញឈ្មោះ វ៉ៃ សារិទ្ធ អាយុ ១៩ឆ្នាំ បានមកដឹកជនរងគ្រោះ ឈ្មោះ វ៉ាត់ ប៊ុនលាភ ភេទប្រុស អាយុ ១៨ឆ្នាំ ទៅជាមួយបានគ្នា ទាំងជនរងគ្រោះ មិនបានដឹងរឿងអ្វីសោះ ក៏ឡើងជិះម៉ូតូ ទៅជាមួយគេ។ តែអកុសល នៅពេលទៅដល់ ត្រូវជនបង្ក ឈ្មោះ សួន មករា ភេទប្រុស ដែលជាភាគីឌឺដង កា.ប់ចំក្បាលជនរងគ្រោះមួយកាំបិត ផុងលលាដ៍ របួសធ្ងន់ធ្ងរ ហើយត្រូវសាច់ញាតិ និងបងប្អូនជនបង្ក ស្រែកថា «ចោរៗ» ហើយព្រួតគ្នាវាយថែមម្នាក់មួយដៃម្នាក់មួយជើង បណ្ដាលឲ្យជនរងគ្រោះ សន្លប់ឈឹង។
ប្រភពបានបន្តទៀតថា ក្រោយមក ត្រូវបានបងប្អូនជនរងគ្រោះ ទៅដល់កន្លែងកើតហេតុ ហើយហៅរថយន្តសាមុយ បញ្ជូនជនរងគ្រោះ ទៅសង្គ្រោះ នៅមន្ទីរពេទ្យ ខេត្តស្វាយរៀង។ នៅសម្រាកព្យាបាលក្នុងពេទ្យ បានរយៈពេល ០២ថ្ងៃ គឺនៅយប់ថ្ងៃទី៣១មករា ២០២៤ ឈានចូលថ្ងៃទី១ ខែកុម្ភៈ ២០២៤ ដោយសារករណីខាងលើនេះ រងរបួសធ្ងន់ធ្ងរពេក ក្រុមគ្រូពេទ្យ មិនអាចជួយសង្គ្រោះបាន យុវជនរងគ្រោះ ក៏បានបាត់បង់ជីវិត នៅរំលងអធ្រាត្រនេះទៅ។
សមត្ថកិច្ចបានឲ្យដឹងថា ពាក់ព័ន្ធករណីខាងលើនេះ ជនបង្ក ដែលបានណាត់គ្នា មកកា.ប់គ្នាលេង មានឈ្មោះ សួន មករា។ រីឯជនរងគ្រោះ ឈ្មោះ វ៉ាត់ ប៊ុនលាភ។ យុវជនទាំងបីនាក់ ( សួនមករា វ៉ៃសារិទ្ធ និងវ៉ាត់ប៊ុនលាភ រស់នៅក្នុងភូមិកើតហេតុជាមួយគ្នា។
សមត្ថកិច្ច បានបន្តថា ករណីខាងលើនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យុវជន ២នាក់ គឺភាគីជម្លោះ ឈ្មោះ សួន មករា និងឈ្មោះ វ៉ៃ សារិទ្ធ យកទៅសាកសួរ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ហើយកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ខេត្តស្វាយរៀង ចាត់ការតាមនីតិវិធី។ រីឯស.ពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកោសល្យវិច្ច័យ រួចប្រគល់ជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី៕ វ៉ាន់ ប៊ុនធឿន

ចែករំលែកព័តមាននេះ