គេថាជឿឱ្យមានបញ្ញា បើជឿខ្វះការពិចារណាអាចនឹងផុងខ្លួនខាតបង់ទ្រព្យសម្បត្តិ។ ខណៈបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម ជិតចូលមកដល់យើងឃើញថា ប្រទេសជិតខាងយើងកំពុងតែមានជំនឿយ៉ាងខ្លាំងលើក្រដាស$2 ដែលមានប្រថាប់រូបនាគស្រោបមាសថា ជារបស់ពិសេសជួយនាំហេងដល់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម VN express។
ប្រាកដណាស់ ប្រជាជនវៀតណាមកំពុងផ្អើលសម្រុកទិញក្រដាសប្រាក់២ដុល្លារអាមេរិក ដែលប្រថាប់រូបនាគស្រោបមាស និងលេខសម្គាល់ក្រដាសប្រាក់មានកន្ទុយលេខ ការ៉េប្រាំបួន «9999» នៅក្នុងតម្លៃ២លានដុង ស្មើនឹង៨២ដុល្លារអាមេរិកក្នុង១សន្លឹក ដើម្បីទុកជាលុយសំណាង អំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីវៀតណាម នាពេលខាងមុខ។
បុណ្យតេតវៀតណាម ឬបុណ្យចូលឆ្នាំប្រពៃណីវៀតណាម គឺជាពិធីបុណ្យដ៏ធំ និងសំខាន់បំផុតរបស់ប្រទេសវៀតណាម ដែលនឹងចាប់ផ្តើមពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ខណៈដែលថ្ងៃសំខាន់បំផុតគឺនៅថ្ងៃទី១០ ខែកុម្ភៈ។
នៅក្នុងឆ្នាំនេះ ក្រដាសប្រាក់២ដុល្លារអាមេរិកប្រថាប់រូបនាគស្រោបមាស កំពុងទទួលបានការចាប់អារម្មណ៍ និងលក់នៅក្នុងតម្លៃខ្ពស់ ជាពិសេសអ្នកចង់បានលេខសម្គាល់នាំសំណាង ដែលមានលេខដូចគ្នា បី ឬបួនខ្ទង់ជាប់គ្នា ហើយម្ចាស់ហាងលក់គ្រឿងអលង្កាជាច្រើនក៏ត្រូវតាមប្រមាញ់ក្រដាសប្រាក់នាំសំណាងនេះ ដើម្បីបន្តលក់ឱ្យអតិថិជននៅក្នុងតម្លៃកាន់តែខ្ពស់។
ក្រដាសប្រាក់២ដុល្លារអាមេរិកប្រថាប់រូបនាគស្រោបមាស ដែលមានលេខដូចគ្នាចំនួន ៤ខ្ទង់គឺកម្រមានណាស់ ហើយត្រូវបានគេស្វែងរកខ្លាំងជាទីបំផុត ខណៈដែលក្រដាសដែលមានលេខសម្គាល់ធម្មតាមានតម្លៃថោក និងងាយស្រួលរកជាង។ នេះបើយោងតាមការបញ្ជាក់ពីលោក Chinh ដែលជាអ្នកលក់កាក់តុបតែង និងក្រដាសប្រាក់។ លោកបន្ថែមថា «ខ្ញុំបានរកឃើញក្រដាសប្រាក់២ដុល្លារអាមេរិកតែមួយសន្លឹកគត់ ដែលមានលេខសម្គាល់ 9999 ហើយត្រូវបានលក់ក្នុងតម្លៃ២លានដុង។
ទន្ទឹមនឹងនោះ ក្រដាស២ដុល្លារអាមេរិក ដែលមានលេខសម្គាល់ 666, 888 ឬ 999 ត្រូវបានលក់ក្នុងតម្លៃ ៤០ម៉ឺន ទៅ ៦០ម៉ឺនដុង ឬ ១៦ ទៅ ២៥ដុល្លារក្នុង១សន្លឹក។ លោក Tuan ដែលបើកអាជីវកម្មស្រដៀងនឹងលោក Chinh នៅស្ថិតទីក្រុងហាណូយ បាននិយាយថា ក្រដាសប្រាក់២ដុល្លារអាមេរិក ដែលមិនមានលេខសំណាងមានតម្លៃទាបជាងច្រើនគឺក្នុងមួយសន្លឹកត្រឹមតែ ២០ម៉ឺនដុង ឬ ៨ដុល្លារ។
នៅក្នុងប្រទេសវៀតណាម ក្រដាសប្រាក់២ដុល្លារអាមេរិក ត្រូវបានប្រើប្រាស់ជាគ្រឿងតុបតែងសុទ្ធសាធ ឬជាគ្រឿងអលង្កា លុយសំណាង និងវត្ថុអនុស្សាវរីយ៍ប៉ុណ្ណោះ។ លើសពីនេះទៀត ក្រដាសប្រាក់ និងកាក់បរទេសតុបតែងលម្អផ្សេងៗ ដែលមានរូបនាគមានលក់នៅលើទីផ្សារ ដែលមានតម្លៃចាប់ពី ១ម៉ឺន ដល់ ២០ម៉ឺនដុង៕
ចំណែកនៅប្រទេសកម្ពុជាយើងវិញ ក៏មានបងប្អូនកាត់ខ្សែស្រឡាយចិន មានជំនឿលើការពាក់បណ្តោងរូបមាន់ ដើម្បីកាត់ឆុង ឬដើម្បីជួយឱ្យពួកគាត់ប្រែក្លាយពីឆុងអាក្រក់ មកជាឆុងល្អវិញ។ ចុះប្រិយមិត្តអ្នកស្តាប់ ជឿលើអ្វីដែរ? (ប្រភព ៖ VNExpress)
ចែករំលែកព័តមាននេះ