ខេត្តស្ទឹងត្រែង ៖ មានសេចក្តីរាយការណ៍មកថា ប្រជាពលរដ្ឋខ្មែរចំនួន២នាក់ទៀតហើយ ដែលត្រូវបានទាហានព្រំដែនឡាវចាប់ខ្លួន ខណៈពួកគេបានចូលទៅរកកាប់ឈើគ្រញូងក្នុងទឹកដីឡាវ ។ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពប្រចាំខេត្តស្ទឹងត្រែង បានបញ្ជាក់ឱ្យដឹងថា ករណីទី១-គឺបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៥ ឧសភា ២០១១ ស្ថិតនៅចំណុចចន្លោះបង្គោលសីមាលេខ០៥៨ និង០៥៩ ហើយបុរសដែលទាហានព្រំដែនឡាវចាប់ខ្លួននេះឈ្មោះដែង ខាំ រស់នៅក្នុងភូមិសែងម៉ា ឃុំស្រែសំបួរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។ ការចាប់ខ្លួននេះដែរ គឺដោយសារបុរសឈ្មោះដែង ខាំ នេះបានចូលក្នុងទឹកដីឡាវចម្ងាយប្រមាណ១.២០០ម៉ែត្រ ក្នុងបំណងដើម្បីទៅរកកាប់ឈើគ្រញូង ។
ករណីចាប់ខ្លួនទី២-បានកើតឡើងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២៩ ឧសភា ២០១១ នៅចន្លោះបង្គោលព្រំដែនលេខ០៦៣ ត្រង់ចំណុចអូរឡែ ឈមគ្នារវាងស្រុកសៀមប៉ាង របស់កម្ពុជា និងស្រុកប៉ាត់តុផន ខេត្តចំប៉ាសាក់ របស់ឡាវ ។ សេចក្តីរាយការណ៍បានបន្តថា បុរសដែលទាហានវរព្រំដែនឡាវចាប់ខ្លួននេះឈ្មោះញ៉ែម ដុំ អាយុ៣៦ឆ្នាំ មានស្រុកកំណើតនៅភូមិមានជ័យ ឃុំឫស្សីចារ ស្រុកស្នួល ខេត្តក្រចេះ ។
ការចាប់ខ្លួននេះគឺដោយសារជនរងគ្រោះរួមជាមួយបុរស២នាក់ផ្សេងទៀតដែលរត់រួចបានវង្វេងផ្លូវ ហើយបានចូលក្នុងទឹកដីឡាវប្រមាណ១គីឡូម៉ែត្រ ខណៈពួកគេបានចូលទៅរកកាប់ឈើគ្រញូង ។ នេះបើយោងតាមបុរស២នាក់ដែលរត់រួចបាននិយាយប្រាប់សមត្ថកិច្ចព្រំដែនកម្ពុជា ។ សេចក្តីរាយការណ៍បានបន្ថែមថា ពលរដ្ឋខ្មែរទាំងពីរនាក់ខាងលើនេះ ត្រូវបានទាហានព្រំដែនឡាវបញ្ជូនទៅកាន់ខេត្តចំប៉ាសាក់ហើយ ហើយនៅពេលនេះដែរ អាជ្ញាធរកម្ពុជា កំពុងទាក់ទងជាមួយអាជ្ញាធរឡាវ ដើម្បីរកការដោះលែងបុរសទាំងពីរនាក់នេះ ។
គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី១ មករា ២០១១ រហូតមកទល់នឹងថ្ងៃទី៣០ ឧសភា ២០១១ នេះ មានប្រជាពលរដ្ឋខ្មែរចំនួន១នាក់ ត្រូវបានទាហានព្រំដែនឡាវបាញ់សម្លាប់ និង១០នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន ព្រមទាំងមនុស្សចំនួន៨នាក់ បានត្រូវអាជ្ញាធរឡាវដោះលែង ៕
ចែករំលែកព័តមាននេះ