រាជធានីភ្នំពេញ ៖ កម្មករសំណង់ម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មនៅក្នុងការដ្ឋានសំណង់របស់ឈ្មោះប៉ាង ណាំ ភេទប្រុស អាយុ៦០ឆ្នាំ ដែលមានទីតាំងនៅផ្ទះលេខ៤៣Eo ផ្លូវលេខ២៨០ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន កាលពីវេលាម៉ោង៧ និង៤០នាទីព្រឹក ថ្ងៃទី២៩ ឧសភា ឆ្នាំ២០១១។
តាមប្រភពព័ត៌មាននៅក្នុងការដ្ឋានសំណង់ខាងលើនេះបានឱ្យដឹងថា មុនពេលកើតហេតុឈ្មោះស៊ុម ផន ភេទប្រុស អាយុ៥៤ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម(ស្លាប់) បានបំពេញការងារនៅ ក្នុងការដ្ឋានធ្វើជាកម្មករចុះរណ្តៅដីដើម្បីកាត់ផ្តាច់សរសរគ្រឹះចេញពីគ្រឹះដើម្បីភ្ជាប់ដែកតឡើងលើធ្វើជាសរសរអគារសំណង់។ ខណៈពេលកំពុងបំពេញការងារនោះឈ្មោះស៊ុម ផន ត្រូវខ្សែកាបដែលស្ទូចកំណាត់គ្រឹះបេតុងដែលមានទំងន់រាប់តោនគីឡូក្រាមដាច់ធ្លាក់សង្កត់ចំកណ្តាលខ្លួនស្លាប់ភ្លាមៗនៅនឹងកន្លែង។
ក្នុងហេតុការណ៍ខាងលើនេះសមត្ថកិច្ចមូលដ្ឋានសហការជាមួយនគរបាលការិយាល័យបច្ចេកទេសនៃស្នងការដ្ឋានរាជធានីភ្នំពេញបានចុះទៅពិនិត្យជាក់ស្តែងនៅកន្លែងកើតហេតុ ហើយបានសន្និដ្ឋានថា ឈ្មោះស៊ុម ផន ស្លាប់ដោយសារគ្រោះថ្នាក់ការងារបណ្តាលមកពីមានការធ្វេសប្រហែសរបស់កម្មករសំណង់ជាមួយគ្នា។ បន្ទាប់ពីមានការចូលរួមពិនិត្យរួចរាល់ហើយ សមត្ថកិច្ចបានអនុញ្ញាតឱ្យក្រុមគ្រួសារនាំសពរបស់ឈ្មោះស៊ុន ផន ទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី។ ក្រុមគ្រួសាររបស់ឈ្មោះស៊ុម ផន មានការសោកស្តាយយ៉ាងខ្លាំងចំពោះសពដែលស្លាប់ចោលប្រពន្ធកូនមុនអាយុ ៕
ចែករំលែកព័តមាននេះ