ខេត្តកោះកុង ៖ នារីខ្ចាត់ព្រាត់ម្នាក់ បានត្រូវសមត្ថកិច្ចប៉ូលិសព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្ត ចាប់ខ្លួនកាលពីថ្ងៃទី២៨ ឧសភា ឆ្នាំ២០១១ នៅតាមដងផ្លូវ បន្ទាប់ពីស្ត្រីរូបនេះបានលួចកងដៃម្ចាស់ហាងខារ៉ាអូខេម្នាក់ដែលមានទម្ងន់ជាង២តម្លឹង កាលពីថ្ងៃទី២៦ ឧសភា កន្លងទៅរួចគេចខ្លួនបាន២ថ្ងៃ។
លោកវរសេនីយ៍ត្រី ឡាយ ម៉េងឡាំង នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានឱ្យដឹងថា កាលពីថ្ងៃទី២៥ ឧសភា ឆ្នាំ២០១១ នារីម្នាក់ឈ្មោះលី ណាក់ អាយុ២៤ឆ្នាំ មានទីលំនៅក្នុងស្រុកពាមជរ ខេត្តព្រៃវែង បានរត់មកតាមសង្សារដល់ខេត្តកោះកុង ហើយដោយគ្មានគោលដៅច្បាស់លាស់ក៏បានចូលខ្លួនទៅសុំធ្វើការក្នុងហាងខារ៉ាអូខេមួយកន្លែងដែលស្ថិតក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ដែលមានម្ចាស់ហាងឈ្មោះសួន សុធា ភេទស្រី អាយុ៤៥ឆ្នាំ ។ លុះស្នាក់នៅបានមួយយប់ ស្អែកឡើងថ្ងៃទី២៦ ឧសភា ឆ្នាំ២០១១ វេលាម៉ោង៣រសៀលខណៈថៅកែដោះកងដៃមាស១តម្លឹង៣ជី និងកងដៃបា្លទីន១តម្លឹងទុកនៅក្នុងប្រអប់ក្បាលគ្រែរួចចេញទៅបោកគក់ខោអាវ នារីម្នាក់នោះ ស្រាប់តែលួចយកកងដៃទាំង២រួចគេចខ្លួនបាត់ ហើយមកដល់ថ្ងៃទី២៨ ឧសភា ឆ្នាំ២០១១ ទើបតាមចាប់ខ្លួនបាន ខណៈពេលដែលរូបនាងកំពុងជិះម៉ូតូឌុបតាមផ្លូវ ។
លោកឡាយ ម៉េងឡាំង បានបញ្ជាក់ទៀតថា តាមម្ចាស់ហាងខារ៉ាអូខេឈ្មោះសួន សុធា បញ្ជាក់ថា ដោយឃើញនារីឈ្មោះលី ណាក់ មករៀបរាប់ថា គ្មានគោលដៅជាទីពឹងពាក់ហើយសុំធ្វើការទើបរូបគាត់អាណិតព្រមទទួលឱ្យស្នាក់នៅដោយមិននឹកស្មានថា ជាមនុស្សមានពិសដូច្នេះសោះ ។ នៅចំពោះមុខសមត្ថកិច្ចនាងលី ណាក់បានសារភាពថា ខ្លួនពិតជាបានលួចកងដៃចំនួន២របស់ម្ចាស់ហាងខារ៉ាអូខេនោះមែន ដែលក្រោយពីលួចបាននាងយកកងដៃទាំង២ទៅលក់នៅផ្សារប៉ាក់ខ្លង ដែលមានអ្នកទិញ-លក់មាសឈ្មោះច័ន្ទ ហួយ ស្ថិតក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។ កងដៃមាសលក់បាន១.៩០០ដុល្លារ ចំណែកកងដៃបា្លទីនដូរយកមាស៣ជីវិញ និងប្រាក់៩០ម៉ឺនរៀល ។ លោកវរសេនីយ៍ត្រីឡាយ ម៉េងឡាំង បញ្ជាក់ទៀតថា ខណៈពេលសមត្ថកិច្ចចាប់ខ្លួននាងលី ណាក់ គឺដកហូតបានប្រាក់១០ដុល្លារ និង១៩ម៉ឺនរៀល ទូរស័ព្ទដៃចិនចំនួន២គ្រឿង ខ្សែ.កបា្លទីន២ខ្សែ ចិញ្ចៀនបា្លទីនដាំត្បូងស ចំនួន២វង់ ព្រមទាំងប្រាក់បាតចំនួន១.១៦០បាត។
នាងលី ណាក់ បានសារភាពទៀតថា ប្រាក់មួយចំនួនធំនាងបានប្រគល់ឱ្យសង្សារនាង តែពេលនេះគេបានគេចខ្លួនបាត់ហើយ ។ ល្បិចខាងលើនេះ គឺជាបទពិសោធន៍សម្រាប់ជនក្រោយៗទៀត ព្រោះនាងលី ណាក់ ពេលលួចបានក៏ផ្ទេរប្រាក់ឱ្យបក្សពួកយ៉ាងរហ័ស ហេតុនេះហើយទើបពាក្យចាស់ពោលថា ឈើកោងវល្លិព័ទ្ធមនុស្សខ្ចាត់ព្រាត់កុំយកខ្លួនបៀត» ។ ជនល្មើសត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ