ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សួនកំណាព្យ

12 ឆ្នាំ មុន

– កើតជាមនុស្ស រស់ក្នុងលោក មានយសមានភោគ មិនដូចគ្នា
មានក្រសុខទុក្ខ រងវេទនា មានពៀរវេរា តាមកម្មខ្លួន ។
-កើតមានសង្ខា ត្រូវប្រឹងគិត ​​ ត្រិះរិះពិនិត្យ ឱ្យសមសួន
ចេះពិចារណា បានមាំមួន រក្សាចិត្តស្ងួន ឱ្យប្រពៃ ។
-កើតចិត្តធ្វើល្អ បវរពិត ចូរខំប្រព្រឹត្ត ទាំងយប់ថ្ងៃ
ចិត្តល្អ ធ្វើល្អ កើតសួស្តី ផុតទុក្ខចង្រៃ ក្នុងសន្តាន ។
-កើតធ្វើអាក្រក់ នៅក្នុងចិត្ត គេមិនដឹងពិត តែរំខាន
នាំចិត្តសៅហ្មង ពេញក្នុងប្រាណ ទុក្ខមានប៉ុន្មាន នៅមិនស្ងប់ ។
-ខ្លាចគេដឹងឮ រិតតែព្រួយ ពុំមានអ្វីជួយ ដឹងគេស្អប់
កេរ្តិ៍ឈ្មោះមិនល្អ ទោះកាយកប់ គង់តែត្រឡប់ ក្លិនអាស្រូវ ។

                             ធ្វើល្អចិត្តភ្លឺថ្លា
                          (បទពាក្យប្រាំពីរ)

-ធ្វើល្អ ទោះគេមិនបានដឹង          តែគង់រឹងប៉ឹង ស្ថិតថេរនៅ
ក្នុងចិត្តត្រេកអរ ព្រោះធ្វើត្រូវ        តាំងពីឥឡូវ តទៅមុខ ។
-បើគេដឹងឮ ចិត្តភ្លឺថ្លា                ធ្វើឱ្យចិន្តា រឹតតែសុខ
សាងអំពើល្អ រួចផុតទុក្ខ             ផុតការចាប់ចុក ឈឺខ្លោចផ្សា ។
-ចូរខំធ្វើម្ចាស់ លើខ្លួនឯង          ទូន្មានប្រឹងប្រែង អប់ចិន្តា
ឱ្យល្អប្រពៃ ចិត្តកាយា               ព្រមទាំងវាចា បានត្រសង ។
-កាយវាចាចិត្ត រាបរយល្អ          រឹងរឹតបវរ ឥតសៅហ្មង
ធ្វើឱ្យជីវិត ស្រស់បំព្រង            មនុស្សទេវតាផង សាទរក្រៃ ៕
                                        (និពន្ធដោយ បណ្ឌិត ពេជ្រ ភិរម្យ)