ខេត្តព្រះវិហារ ៖ នៅព្រឹកថ្ងៃទី២៨ ឧសភា កន្លងទៅនេះ នៅស្រុកឆែបជាប់ព្រំដែនប្រទេសឡាវ មានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ វិទ្យាល័យ ហ៊ុន សែន ដូនទន់ មានអគារសិក្សាមួយខ្នង៦បន្ទប់ អគារកាត់ដេរមួយខ្នង៣បន្ទប់និងអគារទីចាត់ការមួយខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។
ពិធីនោះធ្វើឡើងក្រោមអធិបតីភាពលោកនាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោកឧត្ដមសេនីយ៍ទោបណ្ឌិត ហ៊ុន ម៉ាណែត មេបញ្ជាការរងកងទ័ពជើងគោក និងជានាយរងសេនាធិការចម្រុះតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ពិធីនេះក៏មានការចូលរួមផងដែរ ពីលោកអ៊ុំ ម៉ារ៉ា អភិបាលនៃគណៈអភិបាលខេត្ដ ជាអាជ្ញាធរដែនដី អភិបាលរងខេត្ដ ក្រុមប្រឹក្សាខេត្ដ មន្ដ្រីរាជការជុំវិញខេត្ដ មន្ដ្រីរាជការស្រុកឆែប ក្រុមប្រឹក្សាស្រុក ឃុំ ជាអាជ្ញាធរមូលដ្ឋាន កងកម្លាំងទាំងបីប្រភេទ ព្រះសង្ឃ តាជី យាយជី គ្រូបង្រៀន សិស្សានុសិស្ស យុវជនកាកបាទ ក្រហមខេត្ដ និងប្រជាពលរដ្ឋសរុបប្រមាណជាង១.០០០នាក់ ។
លោកអ៊ុង វុទ្ធី អភិបាលស្រុកឆែប បានរាយការណ៍អំពីសមិទ្ធផលដែលស្រុកឆែបអនុវត្ដបាន ក្រោមការដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ និងអំណោយជាច្រើនទៀតដែលស្រុកឆែបទទួលបានតាមរយៈការឧបត្ថម្ភដ៏ថ្លៃថ្លាពីសំណាក់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ អំណោយទឹកនោះមានដូចជា ផ្លូវគមនាគមន៍ទៅកាន់តំបន់ដាច់ស្រយាល ផ្លូវលំ សាលារៀន មណ្ឌលសុខភាព អណ្ដូងទឹក និងវត្ដអារាម។ល។
លោកអ៊ុំ ម៉ារ៉ា អភិបាលខេត្ដ បានមានប្រសាសន៍លើកឡើងនូវសមិទ្ធផលជាច្រើនដែលស្រុកឆែប ជាស្រុកដាច់ស្រយាលមួយនេះ ទទួលបានជាប្រវត្ដិសាស្ដ្រ។ នេះគឺជាលើកទីមួយហើយដែលស្រុកឆែប មានវិទ្យាល័យប្រចាំស្រុក ដែលមានអគារសិក្សា១ខ្នង៦បន្ទប់ អគារកាត់ដេរ១ខ្នង៣បន្ទប់ និងអគារទីចាត់ការ១ខ្នង និងមានផ្លូវគមនាគមន៍អាចធ្វើចរាចរណ៍ចេញចូលបានគ្រប់ពេលវេលា ខុសប្លែកពីប៉ុន្មានឆ្នាំមុនដែលស្រុកមួយនេះស្ថិតក្នុងសង្គ្រាម ។
លោកឧត្ដមសេនីយ៍ទោបណ្ឌិត ហ៊ុន ម៉ាណែត មេបញ្ជាការរងកងទ័ពជើងគោក និងជានាយរងសេនាធិការចម្រុះ បានមានប្រសាសន៍សំណេះសំណាលទៅកាន់អង្គពិធី ដោយបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជាមាតាបិតារបស់លោក។ គ្រប់ពេលវេលាសម្ដេច និងលោកជំទាវតែងតែបានគិតគូរដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ពិសេសគឺប្រជាពលរដ្ឋរស់នៅតំបន់ព្រំដែនដែលជាតំបន់ដាច់ស្រយាល។
លោកនាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ បានថ្លែងទៅកាន់អង្គពិធី ដោយលោកនាយឧត្ដមសេនីយ៍បានបញ្ជាក់យ៉ាងច្បាស់ថា ពេលនេះគឺជាពេលដែលប្រជាពលរដ្ឋកម្ពុជាទទួលបានសិទ្ធិជាម្ចាស់លើជោគវាសនារបស់ខ្លួន ដោយបានឃើញសមទ្ធិផលពិតៗដែលសបញ្ជាក់ឱ្យឃើញអំពីសច្ចភាពក្នុងការដឹកនាំ និងអភិវឌ្ឍន៍ ប្រទេសជាតិក្រោមគោលនយោបាយដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាទាំងបីជាអ្នកដឹកនាំដ៏ឆ្នើមតាំងពីប្រទេសមានតែបាតដៃទទេ នាថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩។
អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់វិទ្យាល័យ ហ៊ុន សែន ដូនទន់ នាព្រឹកនោះ សម្រាប់ប្រជាជនចូលរួម១.០១៨នាក់ ក្នុងម្នាក់ៗទទួលបានសារុង១ តាជីយាយជី៥០នាក់ ក្នុងម្នាក់ៗទទួលបានកំណាត់ស១ដុំ ថវិកា៥.០០០រៀល។ លោកគ្រូអ្នកគ្រូ៤៤នាក់ ម្នាក់ៗទទួលបានសារុង១ ថវិកា៣ម៉ឺនរៀល សិស្សានុសិស្ស៤៩៥នាក់ ម្នាក់ៗទទួលបានប៊ិច១ដើម សៀវភៅ១ក្បាល ថវិកា៥.០០០រៀល។ សិស្សកាយឫទ្ធិ៥០នាក់ ម្នាក់ៗថវិកា១ម៉ឺនរៀល យុវជនកាកបាទក្រហម៥០នាក់ ម្នាក់ៗថវិកា១ម៉ឺនរៀល។ កងកម្លាំងក្នុងស្រុកទាំងបីប្រភេទ៣អង្គភាព ក្នុង១អង្គភាពថវិកា៤០ម៉ឺនរៀល ក្រុមប្រឹក្សាឃុំ៤៤នាក់ ម្នាក់ៗថវិកា៣ម៉ឺនរៀល ។ ជូនវិទ្យាល័យនូវកុំព្យូទ័រ១គ្រឿង (១កំប្លេ) ម៉ាស៊ីនភ្លើង១០គីឡូវ៉ាត់១គ្រឿង និងជួយសាងសង់បន្ទប់ទឹកចំនួន៤បន្ទប់ ។ ឧបត្ថម្ភវត្ដឆែបម៉ាស៊ីនភ្លើង១គ្រឿង ឧបត្ថម្ភដល់ឃុំទាំង៨ក្នុងមួយឃុំៗម៉ាស៊ីនភ្លើង១គ្រឿង និងជួយកសាងរបងស្នាក់ការគណបក្សស្រុកប្រវែង៤០០ម៉ែត្រផងដែរ៕
ចែករំលែកព័តមាននេះ