ខេត្តបន្ទាយមានជ័យ ៖ គ្រឿងចក្រ និងមន្ត្រីបរិស្ថានចំនួន៣នាក់ ត្រូវបានប្រជាពលរដ្ឋជាង១.០០០នាក់ មកពីស្រុក២ គឺសំពៅលូន និងម៉ាឡៃ បានធ្វើការរារាំង និងឃាត់ទុកបន្ទាប់មកក៏ឱ្យអ្នកបញ្ជាគ្រឿងចក្របើកដោយអមទាំងមន្ត្រីបរិស្ថានទាំង៣នាក់ ហែហមដោយអ្នកស្រុកកកខាប់ប្រៀបបីដូចជា ចាប់បានចំណាប់ខ្មាំងយកមកហែដូច្នេះដែរ កាលពីថ្ងៃទី២៨ ឧសភា នៅចំណុចព្រំប្រទល់ស្រុកសំពៅលូន ខេត្តបាត់ដំបង និងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ការលើកគ្នាតវ៉ា និងចាប់ឃាត់គ្រឿងចក្ររួមជាមួយមន្ត្រីបរិស្ថានខាងលើ គឺធ្វើឡើងលើដងផ្លូវមួយខ្សែស្ថិតក្នុងភូមិដំណាក់ថ្មី ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដោយប្រជាពលរដ្ឋប្រដាប់ដោយកាំបិត ពូថៅ ដំបង ដងរែក ព្រមទាំងជំពាមកៅស៊ូទៀតផង ។ ការឃាត់ខ្លួនមន្ត្រីបរិស្ថាន និងគ្រឿងចក្រយកមកហែហមនេះ គេឃើញប្រជាពលរដ្ឋហាក់បីមានចំនួនច្រើនលើសលុបរហូតដើរពេញដងផ្លូវ ។ ប្រជាពលរដ្ឋខ្លះអះអាងថា ខ្លួននៅស្រុកសំពៅលូន និងខ្លះទៀតអះអាងថា នៅស្រុកម៉ាឡៃ ប៉ុន្តែមានដីក្នុងស្រុកសំពៅលូន ។ បើតាមការឱ្យដឹងពីប្រជាពលរដ្ឋដែលលើកគ្នាតវ៉ាបាននាំគ្នានិយាយថា ការដែលពួកគាត់ហាមឃាត់ និងរារាំងគ្រឿងចក្ររបស់មន្ត្រីបរិស្ថាននោះ គឺពួកគាត់ខ្លាចការកាយព្រំដីរបស់មន្ត្រីបរិស្ថានធ្វើឱ្យបាត់បង់ដីពួកគាត់ដែលបានកាន់កាប់តាំងពីឆ្នាំ១៩៩៩ ឬ២០០០ មកម៉្លេះ ។ អ្នកខ្លះអះអាងថា មាន៥ហិកតា អ្នកខ្លះថា មាន៣ហិកតា ឯអ្នកខ្លះមាន២ហិកតា តាមសមាជិកក្នុងគ្រួសារតិច ឬច្រើន។ ប្រជាពលរដ្ឋដែលលើកគ្នាតវ៉ានេះភាគច្រើនមកពីស្រុកសំពៅលូន ឯមួយចំនួនតូចមកពីស្រុកម៉ាឡៃ ។
តាមប្រជាពលរដ្ឋនិយាយថា គ្រឿងចក្រនិងមន្ត្រីបរិស្ថានបានចាប់មកពីចំណុចភូមិចំការតាប៊ុន ឃុំជ្រៃ សីម៉ា ស្រុកសំពៅលូន ប៉ុន្តែការនាំគ្រឿងចក្រ និងមន្ត្រីទាំង៣ មកធ្វើជាក្បួនដង្ហែនោះ គឺស្ថិតលើដងផ្លូវនៅភូមិដំណាក់ថ្មី ឃុំតាគង់ ស្រុកម៉ាឡៃ ប្រហែល១គីឡូម៉ែត្រ ។ បន្ទាប់មកក៏ដោះលែងឱ្យមន្ត្រីទាំង៣ វិលត្រឡប់ ទៅស្រុកភូមិវិញ ឯគ្រឿងចក្រត្រូវបានប្រជាពលរដ្ឋឱ្យវិលទៅវិញដែរ និងសុំមិនឱ្យមកប៉ះពាល់ដីរបស់ពួកគាត់ទៀតទេ គឺឆាប់នាំចេញពីដីរបស់ពួកគាត់។
ទីតាំងដីទំនាស់នោះទោះបីបើស្ថិតក្នុងស្រុកសំពៅលូនក៏ពិតមែន ប៉ុន្តែប្រជាពលរដ្ឋដែលទៅពីស្រុកម៉ាឡៃ ហើយមានដីក្នុងស្រុកសំពៅលូន នោះអះអាងថា ដីទីនោះពីអតីតជាដីស្រុកម៉ាឡៃ ត្រូវកាត់ឱ្យស្រុកសំពៅលូន គ្រប់គ្រងទើបពួកគាត់មានដីនៅទីនោះ រហូតបច្ចុប្បន្ន ។ មានការអះអាងថា ដីដែលពួកគាត់មានគឺបានមកពីការបែងចែកឱ្យពីអាជ្ញាធរក្រោយពីការធ្វើសមាហរណកម្ម ។
ជុំវិញបញ្ហាខាងលើមន្ត្រីបរិស្ថានមួយរូបក្នុងចំណោម៣រូបដែលត្រូវប្រជាពលរដ្ឋឃាត់ខ្លួនជាមួយគ្រឿងចក្រ គឺលោកមុំ ផល្លា អាយុ៣៥ឆ្នាំ ជាមន្ត្រីបរិស្ថានអនុរក្សប្រចាំខេត្តបាត់ដំបង បានប្រាប់ថា ការយកគ្រឿងចក្រមកចំណុចភូមិចំការតាប៊ុន ស្រុកសំពៅលូន តាមគោលការណ៍គឺដើម្បីកាយព្រំប្រទល់តំបន់បរិស្ថានដែនជម្រកសត្វព្រៃនិងដើម្បីឱ្យដឹងពីទិន្នន័យចំនួនប្រជាពលរដ្ឋដែលនៅក្បែរៗនោះតែប៉ុណ្ណោះ ។ លោកបន្តថា ការធ្វើនេះ គឺតាមបញ្ជាថ្នាក់លើរបស់លោកក្នុងនោះក៏តាមបញ្ជារបស់លោកជុំ ស៊ីប អភិបាលស្រុកសំពៅលូនផងដែរ ។
លោកជុំ ស៊ីប អភិបាលស្រុកសំពៅលូន ពុំអាចទំនាក់ទំនងសុំការបំភ្លឺបានទេ ។ ចំណែកឯលោកទេព ឃុនណាល់ អភិបាលស្រុកម៉ាឡៃ បានប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៩ ឧសភា ថា ប្រជាពលរដ្ឋរបស់លោកមួយចំនួនពិតជាមានដីនៅក្នុងស្រុកសំពៅលូនមែន ហើយលោកបន្តថា ការបានដីទាំងនោះគឺតាំងពីសម័យធ្វើសមាហរណកម្មមកម៉្លេះ ។ ចំណែកលោកឆាយ យួប ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបងវិញ បានប្រាប់កោះសន្តិភាពតាមទូរស័ព្ទថា ការយកគ្រឿងចក្រចូលទៅចំណុចខាងលើ គឺដើម្បីធ្វើការតាមកំណត់ព្រំដែនតំបន់បរិស្ថានតែប៉ុណ្ណោះ ហើយលោកបន្តថា គោលការណ៍កាយព្រំដែននេះ គឺមិនមែនទៅយកដីប្រជាពលរដ្ឋនោះទេ។ លោកបន្តថា គោលការណ៍របស់ថ្នាក់លើគ្រោងធ្វើការអភិវឌ្ឍចំណុចនោះតាមរយៈក្រុមហ៊ុនមួយដើម្បីឱ្យប្រជាពលរដ្ឋមានការងារធ្វើ កាត់បន្ថយការចំណាកស្រុកទៅរកការងារធ្វើនៅប្រទេសជិតខាងដោយខុសច្បាប់ ។ លោកប្រធានមន្ទីរបន្តទៀតថា ក្រោយការកាយព្រំកំណត់ដីបរិស្ថានរួចនឹងមានការដោះស្រាយជូនប្រជាពលរដ្ឋវិញ តាមគោលការណ៍មិនឱ្យប្រជាពលរដ្ឋណាម្នាក់អត់ដីនោះឡើយ ៕
ចែករំលែកព័តមាននេះ