រាជធានីភ្នំពេញ ៖ កិច្ចប្រជុំស្តីអំពីការលុបបំបាត់ការតាំងជម្រកបណ្តោះអាសន្ននៅលើផ្ទៃបឹងសាធារណៈរបស់រដ្ឋបានធ្វើឡើងនៅសាលាខណ្ឌសែនសុខ កាលពីរសៀលម៉ោង៣ ថ្ងៃទី ២៧ ឧសភា ឆ្នាំ២០១១ ក្រោមការដឹកនាំប្រជុំដោយលោកឃួង ស្រេង អភិបាលខណ្ឌសែនសុខ និងការចូលរួមដោយលោកប្រធានមន្ទីរកសិកម្ម ប្រធានមន្ទីរធនធានទឹក លោកម៉ក់ ហុង អធិការប៉ូលិស និងលោកគិត សុផល មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ និងមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋជាង២០០នាក់ផងដែរ ។
លោកឃួង ស្រេង អភិបាលខណ្ឌសែនសុខ បានមានប្រសាសន៍ថា ការសាងសង់ជម្រកស្នាក់នៅបណ្តោះអាសន្នរបស់ប្រជាពលរដ្ឋដើម្បីប្រកបមុខរបរនេសាទនៅលើបឹងសាធារណៈរបស់រដ្ឋពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើនឡើងបង្កភាពអនាធិបតេយ្យ និងបង្កភាពស្មុគស្មាញជាហេតុធ្វើឱ្យមានការលំបាកដោះស្រាយនៅពេលខាងមុខមិនខាន ។ លោកអភិបាលបានបន្តទៀតថា បឹងដែលរងការទន្ទ្រានពីសំណាក់ប្រជាពលរដ្ឋសង់សំណង់អនាធិបតេយ្យមានដូចជា បឹងសំរោង ស្ថិតនៅសង្កាត់សំរោង និងបឹងតាមោក ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ ។ ដូច្នេះប្រជាពលរដ្ឋត្រូវតែឆាប់រុះរើសំណង់នេះចេញ ហើយបើមិនរុះរើតាមសេចក្តីផ្សាយដំណឹងរបស់សាលាខណ្ឌនោះទេ សាលាខណ្ឌ និងចាត់វិធានការចុះរុះរើ ដោយមិនទទួលខុសត្រូវការខូចខាតនោះឡើយ ។
ទោះបីជាយ៉ាងណា លោកអភិបាលខណ្ឌសែនសុខ បានជំរាបជូនប្រជាពលរដ្ឋដែលមានលំនៅឋានខាងលើថា ចាប់ពីថ្ងៃទី៣០ ឧសភា ឆ្នាំ២០១១ រហូតដល់ថ្ងៃទី១០ មិថុនា ឆ្នាំ២០១១ ប្រជាពលរដ្ឋត្រូវតែរុះរើលំនៅឋានចេញជាបន្ទាន់ដោយមិនអនុញ្ញាតបន្តនោះឡើយ។ ប៉ុន្តែលោកក៏អនុញ្ញាតឱ្យប្រជាពលរដ្ឋចិញ្ចឹមត្រី៧ខែទៀត ព្រោះបើដេញពេលឥឡូវនេះត្រីវានៅតូចៗពេក ដោយរង់ចាំត្រី ធំសិន ។
គួរបញ្ជាក់ថា យោងតាមអនុក្រិតរបស់រាជរដ្ឋាភិបាលលេខ៦៥ អនក្របក ចុះថ្ងៃទី៩ មិថុនា ឆ្នាំ២០០៣ បានសម្រេចដាក់ផ្ទៃបឹងសំរោង ជាសម្បត្តិសាធារណៈរបស់រដ្ឋមានផ្ទៃសរុបចំនួន៣៣៦ហិកតា៕
ចែករំលែកព័តមាននេះ