ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិង្ហ​បុរី​បន្ត​មិន​ប្តូរ​គោលនយោបាយ​រូបិយ​វត្ថុ​របស់​ខ្លួន ខណៈ​អតិផរណា​នៅ​តែ​មាន

2 ខែ មុន

សិង្ហ​បុរី ៖ ធនាគារកណ្តាល​សិង្ហ​បុរី កាលពី​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២៤ កន្លង​ទៅ បាន​បន្ត​រក្សា​ការ​

សិង្ហ​បុរី ៖ ធនាគារកណ្តាល​សិង្ហ​បុរី កាលពី​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២៤ កន្លង​ទៅ បាន​បន្ត​រក្សា​ការ​កំណត់​គោលនយោបាយ​រូបិយ​វត្ថុ​របស់​ខ្លួន ដោយ​មិន​ផ្លាស់​ប្តូរ​ដូច​ការ​រំពឹង​ទុក​នៅ​ក្នុង​ការ​ពិនិត្យ​ឡើង​វិញ​ដំបូង​នៃ​ឆ្នាំ​នេះ ដោយសារ​តែ​សម្ពាធ​អតិផរណា​បន្ត​នៅ​កម្រិត​មធ្យម ជាមួយ​ការ​រំពឹង​ទុក​ថា កំណើន​មាន​ភាព​ប្រសើរ​ឡើង ហើយ​ដែល​នេះ​គឺជា​ការ​រក្សា​គោលនយោបាយ​រូបិយ​វត្ថុ​មិន​ផ្លាស់​ប្តូរ​ជា​លើក​ទី​៣​ជាប់​គ្នា​។

អាជ្ញាធរ​រូបិយ​វត្ថុ​សិង្ហ​បុរី ដែល​ហៅ​កាត់​ថា MAS បាន​អះអាង​ថា ខ្លួន​នឹង​រក្សា​អត្រា​នៃ​ការ​ឡើងថ្លៃ​សម្រាប់​ក្រុម​គោលនយោបាយ​ផ្អែក​លើ​អត្រា​ប្តូរ​ប្រាក់​របស់​ខ្លួន ដែល​ត្រូវ​បាន​ស្គាល់​ថា អត្រា​ប្តូរ​ប្រាក់​ដ៏​មាន​ប្រសិទ្ធភាព Nominal ហើយ​ជាមួយ​ការ​ទប់ស្កាត់​ការ​វិវឌ្ឍន៍​ជា​សកល​បន្ថែម​ទៀត សេដ្ឋកិច្ច​សិង្ហ​បុរី​ត្រូវ​បាន​រំពឹង​ថា នឹង​ពង្រឹង​នៅ​ឆ្នាំ​នេះ ជាមួយនឹង​កំណើន​កាន់តែ​ទូលំទូលាយ​។

MAS បាន​បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា អតិផរណា​ស្នូល​របស់​ខ្លួន ទំនងជា​នៅ​តែ​កើនឡើង​នៅ​ដើមឆ្នាំ​នេះ ប៉ុន្តែ​គួរតែ​ធ្លាក់​ចុះ​បន្តិច​ម្តង​ៗ និង​ធ្លាក់​ចុះ​នៅ​កម្រិត Q4 មុន​ពេល​បន្ត​ធ្លាក់​ចុះ​បន្ថែម​ទៀត​នៅ​ឆ្នាំ​ក្រោយ​។ លោក Chua Hak Bin សេដ្ឋវិទូ​របស់​ធនាគារ Maybank បាន​ថ្លែង​ថា ធនាគារកណ្តាល​ហាក់​កំពុង​រក្សា​ភាព​លំអៀង​នៃ​ការ​រឹត​បន្តឹង​នា​ពេល​បច្ចុប្បន្ន​នេះ ដោយសារ​តែ​រង្វាស់​អតិផរណា​ស្នូល​មាន​កម្រិត​លើស​ពី ៣% ខណៈ​ដែល​អតិផរណា​ស្នូល​ក្នុង​ខែធ្នូ កាលពី​ឆ្នាំ​មុន​គឺ ៣.៣% ពោល​ថយ​ចុះ​ពី​កម្រិត​កំពូល ៥.៥% កាលពីដើម​ឆ្នាំ​មុន​។

MAS បាន​បន្ត​ថា អតិផរណា​ស្នូល​ត្រូវ​បាន​ព្យាករណ៍​ថា នឹង​បន្ធូរបន្ថយ​ជា​មធ្យម​ចាប់ពី ២.៥-៣.៥% សម្រាប់​ឆ្នាំ ២០២៤ បន្ទាប់​ពី​ការ​កើនឡើង​នៅ​ក្នុង​ត្រីមាស​បច្ចុប្បន្ន ដោយសារ​តែ​ការ​ដំឡើង​ពន្ធ​លើ​ការ​លក់ ១% ចាប់ពី​ខែមករា​តទៅ ដែល MAS បាន​គូសបញ្ជាក់​ថា នឹង​មាន​ផល​ប៉ះពាល់​ជា​បណ្តោះអាសន្ន​។

យោង​តាម​ការ​ប៉ាន់​ស្មានជា​មុន ដែល​ចេញផ្សាយ​ដោយ​ក្រសួងពាណិជ្ជកម្ម​សិង្ហ​បុរី កាលពីដើម​ខែមករា​បាន​បង្ហាញ​ថា ផលិតផល​ក្នុងស្រុក​សរុប ឬ GDP បាន​កើនឡើង ២.៨% លើ​មូលដ្ឋាន​ប្រចាំឆ្នាំ​ក្នុង​ត្រីមាស​ទី​៤ កាលពី​ឆ្នាំ​មុន ។ GDP ពេញ​មួយ​ឆ្នាំ ២០២៣ គឺ ១.២% ហើយ​ក្រសួងពាណិជ្ជកម្ម​បាន​ព្យាករណ៍​ថា GDP នឹង​កើនឡើង​ពី ១ ទៅ ៣% នៅ​ឆ្នាំ​នេះ​។ MAS បន្ថែម​ថា ទស្សនវិស័យ​សម្រាប់​សេដ្ឋកិច្ច​ប្រទេស​សិង្ហ​បុរី គួរតែ​បន្ត​ប្រសើរ​ឡើង​នៅ​ឆ្នាំ ២០២៤ ទោះបីជា​នៅ​តែ​មាន​ហានិភ័យ​ទាំង​ការ​កើនឡើង និង​ការ​ធ្លាក់​ចុះ​ចំពោះ​ទស្សនវិស័យ​អតិផរណា​យ៉ាងណា​ក៏​ដោយ​។

ការ​សម្រេចចិត្ត​លើ​គោលនយោបាយ​របស់ MAS កាលពី​ថ្ងៃ​ទី​២៨ ខែមករា កន្លង​ទៅ គឺជា​ការ​សម្រេច​លើក​ដំបូង​នៅ​ក្រោម​កាលវិភាគ​ត្រួតពិនិត្យ​ថ្មី​របស់​ខ្លួន ដែល​ក្នុង​នោះ​ធនាគារកណ្តាល​នឹង​ធ្វើការ​ប្រកាស​គោលនយោបាយ​រៀង​រាល់​ត្រីមាស​ជំនួស​ឱ្យ​ពាក់កណ្តាល​ប្រចាំឆ្នាំ​។ ធនាគារកណ្តាល​សិង្ហ​បុរី បាន​ទុក​គោលនយោបាយ​រូបិយ​វត្ថុ​មិន​ផ្លាស់​ប្តូរ​កាលពី​ខែមេសា និង​ខែតុលា ឆ្នាំ​មុន ដោយ​ឆ្លុះ​បញ្ចាំង​ពី​ការ​ព្រួយបារម្ភ​អំពី​កំណើន​យឺត ដោយ​បាន​រឹត​បន្តឹង​គោលនយោបាយ​ការ​ពិនិត្យ​ឡើង​វិញ​ចំនួន​៥​ចំណុច​ជាប់​គ្នា​មុន​ពេល​នោះ​៕ (​ប្រភព ៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ