ខេត្តកំពង់ឆ្នាំង ៖ បទល្មើសរថយន្តដឹកឈើគ្រញូងតាមបណ្តោយផ្លូវជាតិលេខ៥ កំពុងកើតឡើងយ៉ាងគគ្រឹកគគ្រេង ដែលមិនត្រឹមតែមានភ្លើងខៀវពីសមត្ថកិច្ចប្រដាប់អាវុធប៉ុណ្ណោះទេ ថែមទាំងមានករណីសមត្ថកិច្ចទាំងនោះឈ្លោះគ្នាព្រោះតែរឿងលាភសក្ការៈពីបទល្មើសទាំងនេះ ព្រោះតែពួកគេខ្លះដៃម្ខាងចាប់ ដៃម្ខាងជួញខ្លួនឯង ដៃម្ខាងទៀតនាំផ្លូវគេចពីសមត្ថកិច្ច។ ករណីនេះកំពុងកើតរៀងរាល់យប់សម្រាប់ខេត្តកំពង់ឆ្នាំង។ ដូចករណីកាលពីយប់ថ្ងៃទី២៨ ឧសភា នេះ ការឈ្មោះគ្នាបែកផ្សែងរឿងចាប់រថយន្តឡង់គ្រីស្ស័រ១គ្រឿង មានឈើគ្រញូងធំៗចំនួន២ដុំ។
ស្ថិតក្រោមក្រសែភ្នែកអ្នកតាមដាន និងដឹងរឿងត្រីងៀតឆ្លៀតពងនេះបានហៅក្រុមទាំងនោះថា «ជាអាជ្ញាកណ្តាលផង ជាកីឡាករផង» ព្រោះតែដៃម្ខាងចាប់ ដៃម្ខាងលែង ឬបើឆ្លងកាត់ត្រូវតែបង់លុយ បើមិនអញ្ចឹងរថយន្ត៣-៤គ្រឿងដែលដេកចាំស្ទាក់ផ្លូវនឹងបើកការប្រដេញចាប់ជាមិនខាន។ ពេលខ្លះរថយន្តល្មើសខំប្រឹងបើករត់រហូតក្រឡាប់ស្លាប់ក៏មាន។ ប៉ុន្តែពេលខ្លះក៏មានរថយន្តសមត្ថកិច្ចក្រឡាប់ដែរ ដូចករណីយប់ទៀបភ្លឺថ្ងៃទី២៩ ឧសភា នេះ។
ទោះបីជាយ៉ាងណាក៏ដោយ កោះសន្តិភាពសូមមិនបញ្ចេញឈ្មោះ ឬអត្តសញ្ញាណបុគ្គលទាំងនោះទេ សូមបញ្ចេញតែហេតុការណ៍ប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់អ្នកខេត្តវិញពិតជាដឹងច្បាស់។ នៅវេលាម៉ោងជាង៩យប់ ថ្ងៃទី២៨ ឧសភា លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិស្មែត ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ សមត្ថកិច្ចប៉ូលិស និងសមត្ថកិច្ចអធិការកិច្ចបានចាប់រថយន្តឡង់គ្រីស្ស័រ១គ្រឿងដែលធ្វើដំណើរសំដៅទៅភ្នំពេញ។ ពេលចាប់ឃាត់នោះឃើញមានឈើគ្រញូងត្រឹមតែ២ដុំធំប៉ុណ្ណោះ ដែលឈើនេះបានសរសេរអក្សរថា «ឈើធ្វើតាកំប៉ោង»។ ក្រោយពីចាប់រថយន្តនោះមិនបានប៉ុន្មាននាទីផង ក៏មានមន្ត្រីកងរាជអាវុធហត្ថខេត្តចូលទៅបង្កឱ្យមានជម្លោះដោយថា ពួកគេជាមន្ត្រីនគរបាលយុត្តិធម៌ ពួកគេទើបមានសិទ្ធិចាប់រថយន្តល្មើសនេះ ហើយបានរារាំងមិនឱ្យប៉ូលិសនាំយករថយន្តមកកាន់ស្នងការដ្ឋានខេត្តទេ។ ប៉ុន្តែក្រោយពីមានអន្តរាគមន៍ពីព្រះរាជអាជ្ញា ទើបយករថយន្តឡង់គ្រីស្ស័រពាក់ស្លាកលេខប៉ៃលិន 2A-0111 ទៅកាន់ស្នងការដ្ឋានបាន។
ប្រភពដដែលបន្តថា ខណៈដែលមន្ត្រីប៉េអឹមរូបនោះទៅបង្កជម្លោះ ព្រោះតែរឿងលាភសក្ការៈ និងបានតាំងខ្លួនថាមានតែគេទេដែលអាចចាប់រថយន្តនោះបាន គឺមន្ត្រីរូបនោះស្ថិតក្នុងខោជើងខ្លី ពាក់អាវក្រហម មិនមែនមានឯកសណ្ឋានឡើយ។ ប្រភពដដែលបន្តថា នៅយប់នោះក៏មានរថយន្តកាមរីឆ្លាមរបស់សមត្ថកិច្ចពណ៌ខ្មៅ១គ្រឿងក៏បានក្រឡាប់នៅភ្នំដាំផ្កាដែរ ខណៈដេញរថយន្តដឹកឈើ។
លោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការនគរបាលខេត្តមានប្រសាសន៍ថា តាមគោលការណ៍របស់គណៈបញ្ជាការឯកភាពខេត្ត គឺដាក់កម្លាំងឈរជើងនៅចំណុចស្ពានស្រះអង្គាម ដើម្បីចាប់រថយន្តដឹកឈើប្រណីត ប៉ុន្តែត្រង់ថា បុគ្គលណា សមត្ថកិច្ចណា ធ្វើខុសពីនីតិវិធីដូចជាយកលុយ ឬធ្វើអ្វីទៀតដែលខុស គឺទទួលខុសត្រូវខ្លួនឯង។
ទាំងនេះសបញ្ជាក់ថា ជារៀងរាល់យប់បទល្មើសដឹកឈើប្រណីត គឺកើតមានឥតឈប់ឈរ ហើយភាគច្រើនគឺដឹកចេញពីស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលព័ត៌មានជាច្រើននិយាយថា ជាឈើរបស់ឧកញ៉ាដ៏មានឥទ្ធិពលម្នាក់ដែលកំពុងតែប្រមូលគ្រញូងពីតំបន់វាលវែង។ ឈើប្រណីតអស់នេះដឹកជញ្ជូនកាត់តាមខេត្តកំពង់ឆ្នាំង ទៅភ្នំពេញ ឬអាចឆ្លងស្ពានព្រែកក្តាមទៅខេត្តកំពង់ចាម និងហួសទៅទល់ដែនវៀតណាម។ ដូចករណីយប់មិញនេះ សមត្ថកិច្ចមិនគួរទាស់គ្នាទេ រួមដៃគ្នាបង្ក្រាបបទល្មើសឱ្យខាងតែបាន ដើម្បីស័ក្តិសមជាសមត្ថកិច្ចដ៏ល្អ៕
ចែករំលែកព័តមាននេះ