ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រំលង​គ្នា​១​ថ្ងៃ​! គ្រូបង្វឹក​កំពូល​២​នាក់ ប្រកាស​ផ្លូវការ​នឹង​ចាក​ចេញពី​តំណែង​នៅ​ចប់​រដូវ​កាល​នេះ

5 ខែ មុន

អន្តរជាតិ ៖ រំលង​គ្នា​ត្រឹមតែ​១​ថ្ងៃ​ប៉ុណ្ណោះ លោក Jurgen Klopp និង​លោក Xavi បាន​ប្រកាស​ជា​ផ្លូវការ​

អន្តរជាតិ ៖ រំលង​គ្នា​ត្រឹមតែ​១​ថ្ងៃ​ប៉ុណ្ណោះ លោក Jurgen Klopp និង​លោក Xavi បាន​ប្រកាស​ជា​ផ្លូវការ​រៀងខ្លួន​ថា នឹង​ចាក​ចេញពី​តំណែង​ជា​គ្រូបង្វឹក​នៅ​បញ្ចប់​រដូវ​កាល​នេះ​ដូច​គ្នា​។

ជា​រឿង​ដ៏​ភ្ញាក់ផ្អើល និង​ខកចិត្ត​បំផុត​សម្រាប់​អ្នកគាំទ្រ និង​អ្នក​គ្រប់​ក្នុង​ក្លិប Liverpool បន្ទាប់​ពី​លោក Jurgen Klopp កាលពី​យប់​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២៤ (​ម៉ោង​នៅ​កម្ពុជា​) បាន​ប្រកាស​ថា លោក​នឹង​ចាក​ចេញពី​តំណែង​ជា​អ្នកចាត់ការ​ទូទៅ Liverpool នៅ​បញ្ចប់​រដូវ​កាល​នេះ ក្រោយ​ចំណាយពេល​ជិត​៩​ឆ្នាំ​ជាមួយ​ក្រុម​រហស្សនាម​ហង្ស​ក្រហម​មួយ​នេះ​។

មូលហេតុ​នៃ​ការ​សម្រេចចិត្ត​ចាកចេញ​នេះ លោក Klopp បាន​បញ្ជាក់​ថា ដោយសារ​លោក​អស់កម្លាំង​ក្នុង​ការ​ដឹកនាំ​។ អ្នកចាត់ការ​សញ្ជាតិ​អា​ល្លឺ​ម៉​ង់​វ័យ​៥៦​ឆ្នាំ​រូប​នេះ បាន​និយាយ​ថា «​ខ្ញុំ​មិន​ដែល​ចង់​ធ្វើ​ជា​អ្នកដំណើរ​នោះ​ទេ​។ ជំនាញ​ដឹកនាំ​របស់ខ្ញុំ​គឺ​ផ្អែក​លើ​ថាមពល អារម្មណ៍ ទំនាក់ទំនង ហើយ​ត្រូវការ​អ្នក​ទាំងអស់​គ្នា​។ ខ្ញុំ​គឺជា​ខ្ញុំ ទោះ​នៅ​ទីណា​ក៏​ដោយ ហើយ​បើ​ខ្ញុំ​មិន​អាច​ដូច​បែប​នេះ​តទៅ​ទៀត​ទេ ខ្ញុំ​ត្រូវការ​បញ្ឈប់​វា​»​។

ចាប់តាំងពី​ចូលរួម​ជាមួយ Liverpool នៅ​ក្នុង​ឆ្នាំ ២០១៥ លោក Jurgen Klopp បាន​ដឹកនាំ​ក្រុម​មួយ​នេះ​ពី​ការ​ធ្លាក់​ទម្រង់​លេង​ជា​ច្រើន​ឆ្នាំ​ត្រឡប់​ទៅ​រក​ភាព​ខ្លាំង​បំផុត​នៃ​បាល់ទាត់​អឺរ៉ុប​របស់​ពួក​គេ​វិញ ជា​ពិសេស​ការ​ឈ្នះ​ពានរង្វាន់ UEFA Champions League និង​ពានរង្វាន់​លី​គ​ក្នុងស្រុក English Premier League លើក​ដំបូង​របស់​ពួក​គេ​កាលពី​រដូវ​កាល ២០១៩-២០ ក្រោយ​ខកខាន​អស់​រយៈពេល​៣០​ឆ្នាំ​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំ​ៗ​មួយ​ចំនួន​បាន​រាយការណ៍​ថា លោក Xabi Alonso ជា​គោលដៅ​ធំ​បំផុត​របស់ Liverpool ដើម្បី​ជំនួស​កៅអី​របស់​លោក Jurgen Klopp ខណៈ​ដែល​គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ និង​ជា​អតីត​ខ្សែបម្រើ​ឆ្នើម​របស់ Liverpool វ័យ​៤២​ឆ្នាំ​រូប​នេះ កំពុង​ជោគជ័យ​យ៉ាង​ខ្លាំង​ក្នុង​នាម​ជា​គ្រូបង្វឹក​ក្រុម Bayer Leverkusen នៅ​លី​គ​កំពូល​អា​ល្លឺ​ម៉​ង់​។ Leverkusen មិន​ស្គាល់​ចាញ់​សោះ ២៧​ប្រកួត​នៅ​ក្នុង​គ្រប់​ក​កម្មវិធី​ទាំងអស់ ដោយ​ឈ្នះ​២៤​ប្រកួត​ក្នុង​លី​គ និង​កំពុង​ឈរ​កំពូល​តារាង​ដោយ​នាំមុខ​៤​ពិន្ទុ​ពីលើ​ក្រុម Bayern Munich ។

ដោយឡែក កាលពី​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២៤ លោក Xavi បាន​ប្រកាស​ថា គាត់​នឹង​ចាក​ចេញពី​តំណែង​គ្រូបង្វឹក​ក្រុម​អ្នកមាន​បុណ្យ Barcelona នៅ​បញ្ចប់​រដូវ​កាល​នេះ​។ អតីត​ខ្សែបម្រើ​ឆ្នើម​ក្រុម Barcelona និង​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​វ័យ​៤៤​ឆាំ្ន​រូប​នេះ បាន​ចូល​កាន់​តំណែង​កាលពី​ខែវិច្ឆិកា ឆ្នាំ ២០២១ បន្ទាប់​ពី​ចាក​ចេញពី​ក្លិប Al Sadd នៅ​ប្រទេស​កា​តា​។

Xavi បាន​ដឹកនាំ Barca ឈ្នះ​ជើងឯក​លី​គ​កំពូល​អេ​ស្ប៉ា​ញ La Liga នៅ​រដូវ​កាល ២០២២-២៣ ប៉ុន្តែ​សម្រាប់​រដូវ​កាល​នេះ ក្រុម​យក្ស​អេ​ស្ប៉ា​ញ​នេះ​កំពុង​ធ្លាក់​ទម្រង់​លេង​យ៉ាង​ខ្លាំង ហើយ​ការ​បរាជ័យ​ក្នុងផ្ទះ​ខ្លួនឯង​លទ្ធផល ៥-៣ កាលពី​ថ្ងៃ​ទី​២៧ ខែមករា ទល់​នឹង​ក្រុម Villarreal ធ្វើ​ឱ្យ​ពួក​គេ​មាន​៤៤​ពិន្ទុ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៣ តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Real Madrid រហូត​ដល់​១០​ពិន្ទុ​ឯណោះ​។

Xavi បាន​ថ្លែង​ថា «​ខ្ញុំ​ធ្លាប់​ជា​បុរស​ឆ្នើម​របស់​ក្លិប​មួយ​នេះ​។ ខ្ញុំ​បាន​ផ្តល់​គ្រប់យ៉ាង​ដែល​ខ្ញុំ​មាន ហើយ​ខ្ញុំ​នឹង​បន្ត​ធ្វើ​ដូច្នេះ ដើម្បី​ធ្វើ​ឱ្យ​អ្នកគាំទ្រ​មាន​មោទកភាព​។ ខ្ញុំ​គិត​ថា​ក្លិប​ត្រូវការ​ការ​ផ្លាស់​ប្តូរ​ថាមវន្ត​។ យើង​លេង​ដោយ​មាន​ភាព​តានតឹង​ខ្លាំង ហើយ​ដើម្បី​ភាពល្អ​របស់​ក្រុមប្រឹក្សាភិបាល វា​គឺជា​ការ​ល្អ​បំផុត​ដែល​ខ្ញុំ​ចាកចេញ​។ ខ្ញុំ​នឹង​ផ្តល់​ឱ្យ​អស់ពី​សមត្ថភាព​។ ខ្ញុំ​គិត​ថា​អ្វី​ៗ​ទាំងអស់​នឹង​ជួយ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​យ៉ាង​ស្វាហាប់ នេះ​ជា​គឺ​សារ​ដែល​ខ្ញុំ​ចង់​ផ្តល់​ជូន​អ្នក​គ្រប់​គ្នា​។ ខ្ញុំ​គិត​ថា ខ្ញុំ​កំពុង​ធ្វើ​រឿង​ដ៏​ត្រឹមត្រូវ​»​។

គួរ​បញ្ជាក់​ជូន​ថា ក្រោម​ការ​ដឹកនាំ​របស់​លោក Xavi បាន​ឈ្នះ​ជើងឯក La Liga ១​ដង និង Spanish Super Cup ១​ដង ទោះ​យ៉ាងណា ការ​ធ្លាក់​ទម្រង់​លេង​យ៉ាង​ខ្លាំង កាលពី​ពេល​ថ្មី​ៗ​នេះ ពិត​គឺជា​សម្ពាធ​ដ៏​ធ្ងន់​សម្រាប់​បុរស​ជនជាតិ​អេ​ស្ប៉ា​ញ​រូប​នេះ រហូត​ឈាន​ដល់​ការ​សម្រេចចិត្ត​ដ៏​ភ្ញាក់ផ្អើល​បែប​នេះ​៕ (​ប្រភព ៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ