ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សព​បុរស​​ម្នាក់​​​មិន​ស្គាល់​​អត្តសញ្ញាណ​​​​​អណ្តែត​​ទឹក​​ទន្លេ​បាសាក់​

14 ឆ្នាំ មុន

ខេត្តកណ្តាល ៖ សាក​សព​បុរស​ម្នាក់​ដែល​មាន​​ស្ថាន​ភាព​​ហើម​​ស្ទើរ​រលួយ​ទៅ​ហើយ ​អាយុ​ប្រហែល​៥០​ឆ្នាំ ​បាន​អណ្តែត​​តាម​ទឹក​ទន្លេ​​បាសាក់ មក​ទើរ​ជាប់​នៅ​ក្បែរ​មាត់​​ច្រាំង​ត្រើយ​​ខាង​លិច​​ក្នុង​ភូមិ​លេខ​១ ​ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ​ហើយ​ត្រូវ​បាន​ប្រជា​ពល​រដ្ឋ​ប្រទះ​ឃើញ​​កាល​ពី​​វេលា​ម៉ោង​១១​ព្រឹក ​ថ្ងៃ​ទី​២៨ ឧសភា ​និង​បាន​រាយ​ការណ៍​ទៅ​សមត្ថ​កិច្ច

ខេត្តកណ្តាល ៖ សាក​សព​បុរស​ម្នាក់​ដែល​មាន​​ស្ថាន​ភាព​​ហើម​​ស្ទើរ​រលួយ​ទៅ​ហើយ ​អាយុ​ប្រហែល​៥០​ឆ្នាំ ​បាន​អណ្តែត​​តាម​ទឹក​ទន្លេ​​បាសាក់ មក​ទើរ​ជាប់​នៅ​ក្បែរ​មាត់​​ច្រាំង​ត្រើយ​​ខាង​លិច​​ក្នុង​ភូមិ​លេខ​១ ​ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ​ហើយ​ត្រូវ​បាន​ប្រជា​ពល​រដ្ឋ​ប្រទះ​ឃើញ​​កាល​ពី​​វេលា​ម៉ោង​១១​ព្រឹក ​ថ្ងៃ​ទី​២៨ ឧសភា ​និង​បាន​រាយ​ការណ៍​ទៅ​សមត្ថ​កិច្ច និង​អាជ្ញា​ធរ​មូល​ដ្ឋាន​ចុះ​ទៅ​ពិនិត្យ​​។

​លោក​សំ រ៉ាន់ ​នាយ​ការិយា​ល័យ​បច្ចេក​ទេស​និង​វិទ្យា​សាស្ត្រ​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​​ខេត្ត​ ដែល​ចុះ​ទៅ​ពិនិត្យ​​សាក​សព​បាន​ឱ្យ​ដឹង​ថា ​សាក​សព​ជន​រងគ្រោះ​​មិន​មាន​​ស្លាក​ស្នាម​ណា​មួយ​បញ្ជាក់​ថា ​បាន​ស្លាប់​ដោយ​អំពើ​​​ឃាត​កម្ម​​ទេ តែ​អាច​បណ្តាល​មក​ពី​លង់​ទឹក​។ ​ជន​រងគ្រោះ​​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្ត​សញ្ញាណ​ឡើយមាន​អាយុ​ប្រហែល​ជាង​៥០​ឆ្នាំ កម្ពស់​១,៥៥​ម៉ែត្រ ​សក់​ខ្លី​​​ល្បាយ​អាចម៍​ខ្លា ​ពាក់​អាវ​ពណ៌​សដៃ​ខ្លី ស្លៀក​ខោ​ជើង​វែង​ពណ៌ ខ្មៅ ​ចង្កេះ​កៅស៊ូ ​មាន​ស្លៀក​ខោ​ក្នុង​ជើង​ខ្លី​​ពណ៌​ខ្មៅ ​ចង្កេះ​កៅស៊ូ ​រាងស្គម​​ស្តើង​ សម្បុរ​​សណ្តែក​បាយ។ បើ​តាម​ការ​សន្និ​ដ្ឋាន​ ជន​រងគ្រោះ​អាចស្លាប់​​ដោយ​សារ​លង់​ទឹក​ទន្លេ​រយៈ​ពេល​៤​ទៅ​៥​ថ្ងៃ​មក​ហើយ ព្រោះ​សាក​សព​ហើម​ប៉ោង​​រលួយ​សាច់​។ លោក​សំ រ៉ាន់ ​បាន​ឱ្យ​ដឹង​ទៀត​ថា ​​ក្រោយ​ពី​ពិនិត្យ​​និង​ធ្វើ​កោសល្យ​​វិច័យ​រួច ​សាក​សព​​ត្រូវ​បាន​ប្រគល់​ទៅ​ឱ្យ​​ប៉ូលិស​ស្រុក​ស្អាង និង​អាជ្ញា​ធរ​​ឃុំ​ស្វាយ​រលំ ដើម្បី​រក​ទី​តាំង​បញ្ចុះ​​ឱ្យ​បាន​​សម​រម្យ​​ក្រែង​មាន​សាច់​ញាតិ​មក​រក។​

​ដោយ​ឡែក​លោក​ម៉ាំង ​ពេច អធិ​ការ​​នគរ​បាល​​ស្រុក​ស្អាង​បាន​ឱ្យ​ដឹង​ថា ​សាក​សព​បុរស​នេះ​​ត្រូវ​បាន​ដឹក​តាម​រថយន្ត​សាមុយ​​របស់​ស្នង​ការ​ដ្ឋាន​នគរបាល​​ខេត្ត​យក​ទៅ​បូជា​នៅ​វត្ត​ឈូង​​លៀប ​ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ​ដើម្បី​រក្សា​ទុក​ធាតុ​ក្រែង​លោ​មាន​​ក្រុម​គ្រួសារ​​សាច់​ញាតិ​មក​ទទួល​យក គឺ​មិន​​បាន​បញ្ចុះ​ទេ ។ លោក​ក៏​បាន​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​ដែល​មាន​បាត់​សមា​ជិក​​ក្នុងគ្រួសារ​​មាន​ភិន​ភាគ​ដូច​ខាង​លើ សូម​មក​​ទាក់​ទង​​ជា​មួយ​អាជ្ញា​​ធរ​មូល​ដ្ឋាន​​ ឬ​មក​​​កាន់​វត្ត​ឈូង​លៀប ​ដើម្បី​ទទួល​យក​ធាតុ​របស់​ជន​រង​​គ្រោះ ៕