ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងសុរា! ប្រធានបទក្តៅពាក់ព័ន្ធគ្រោះថ្នាក់ចរា​ចរណ៍ តោះមកដឹងដើមកំណើតទឹករីករាយ ឬសុរា​(ស្រា)

2 ខែ មុន

រាជធានីភ្នំពេញ ៖ រយៈពេលប៉ុន្មានខែចុងក្រោយនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍រន្ធ.ត់ជាច្រើន

រាជធានីភ្នំពេញ ៖ រយៈពេលប៉ុន្មានខែចុងក្រោយនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍រន្ធ.ត់ជាច្រើនបានកើតឡើង រួមមានការបុក-រត់ និង ការបុករៈ បណ្តាលឱ្យមានមនុស្សជាច្រើនបានបាត់បង់ជីវិតយ៉ាងអណោធអធម៌លើដងផ្លូវ ដែលភាគច្រើនគឺបណ្តាលមកពីជនបង្កត្រូវបានរកឃើញថាផឹកគ្រឿងស្រវឹង ឬស្រា ជាដើម។ រហូតមហាជនបានស្នើឱ្យបន្ធូរដៃក្នុងការផ្សព្វផ្សាយគ្រឿងស្រវឹង ក៏ដូចជាការរឹតបណ្តឹងការត្រួតពិនិត្យដោយសមត្ថកិច្ច។

ងាកមករឿងគ្រឿងស្រវឹង ឬហៅថាសុរា ឬស្រានេះ ថាតើសុរា មានដើមកំណើតកើតនៅទីណា ប្រទេសណា ? អ្នកបង្កើតស្រាឈ្មោះអ្វី? សម្ដេចព្រះ​ព្រហ្ម​រតន​មុនី ពិន សែ​ម សិរី​សុ​វ​ណ្ណោ បានមានថេរដីកាថា អាត្មាសូមលើកយកវត្ថុនិទានយកមកសម្តែងប្រាប់ រឿងសុរានេះកើតនៅនគរពារាណសី ប្រទេសឥណ្ឌា ក្នុងនគរពារាណសីនឹងមានព្រានព្រៃម្នាក់ ឈ្មោះសុរៈព្រាន គាត់ជា​អ្នកបរបាញ់សត្វក្នុងព្រៃ ។ គាត់ធ្វើដំណើរ​ទៅក្នុងព្រៃ ដើរបរបាញ់សត្វ​ ។

ព្រះអង្គមានសង្ឃដីកាបន្តថា ពេលមួយនោះ គាត់ធ្វើដំណើរ​ដើររុកក្នុងព្រៃ ក៏ឃើញដើមជ្រៃ​មួយដើមធំ បែក​មែក​សាខា មានអាយុរាប់រាយឆ្នាំ ជាជ្រៃកាល់ ដល់តែដើមជ្រៃធំអញ្ចឹង វាពុកដើម ហើយ​កណ្តាលមែកសាខានឹងវាពុកអស់ទៅ វាកើតហៅថាព្រង់ ឬហៅថាល្អាងធម្មជាតិនឹង ។

សម្ដេចព្រះ​ព្រហ្ម​រតន​មុនី ពិន សែ​ម សិរី​សុ​វ​ណ្ណោ បានមានថេរដីកាបន្ត​ថា ក្នុងព្រង់ដើមជ្រៃនោះ មានផ្លែជ្រៃទុំជ្រុះធ្លាក់ចូលទៅក្នុងព្រង់ជ្រៃនោះ ​រួចមានសត្វបក្សាបក្សី និង​សត្វសេកជាដើម បានពាំនាំផ្លែឈើមកបរិភោគ ដូចជា​ស្រូវសាលីអីជាដើមនឹង ឬក៏ផ្លែទំពាំងបាយជូរ ដែលវាពាំបានយកមកបរិភោគនៅកន្លែងនឹង រួចហើយស្រូវនោះបានជ្រុះ​ធ្លាក់ចូលទៅក្នុងព្រង់នឹង ហើយផ្លែឈើអ្វីៗធ្លាក់ចូលទៅក្នុងព្រង់នឹង​ ។ ខែវស្សា ភ្លៀងមក ទឹកភ្លៀងវាដក់ក្នុងព្រង់ល្អាងនឹងឯង ។ ហើយវា​មានផ្លែជ្រៃ និងផ្លែអ្វីៗផ្សេងទៀត​ដែល​ត្រាំនៅក្នុងព្រង់នឹង ដល់ត្រាំយូរទៅវាផ្អូម វាកើតជា​ពពុះ ព្រោះវាលាយដោយជាតិផ្លែឈើ ។

ដល់ខែប្រាំង ត្រូវកម្តៅព្រះអាទិត្យមក ក៏ធ្វើឱ្យទឹកនឹងបានស្អាតល្អទៅ មានជាតិខ្លាំងឡើង ព្រោះវាមានជាតិជូរ ដល់អញ្ចឹងទៅមានពពួកសត្វបក្សាបក្សី ពពួកសេក ពពួកពពូល ដែលជាពពួកសត្វស្លាបជាដើមនឹង​ ខែរដូវប្រាំង ក៏ឃើញព្រង់នឹងឯង ក៏នាំគ្នា​ទៅផឹកទឹកព្រង់នឹង ដល់ទឹកនឹងវាមានជាតិខ្លាំង ដល់ផឹកទៅ ជាតិទឹកនឹងធ្វើ​ឱ្យសត្វនឹងស្រវឹង ដល់ស្រវឹងទៅ វាក៏ទន់ជើង ទន់ស្លាប ។ សូម្បីពពួកសត្វសេកវាទុំលើមែកឈើនឹងមិនបានទេ វាធ្លាក់មកប្រតោងពីក្រោមមែកសួនឹង ហើយសត្វណាដទៃទៀតនឹងស្រវឹង ហើយក៏ធ្លាក់ពីលើដើមជ្រៃ មកនៅក្រោមដើមជ្រៃ ហើយស្លាបសុទ្ធតែលា ព្រោះតែវាស្រវឹង ហើយសត្វទាំងអស់នោះ សត្វណាមានភាសាអីក៏និយាយចចេចចចាច ដូចថា វាសប្បាយរីករាយ ដោយបញ្ចេញសូរស័ព្ទសំឡេងគ្រប់តែសត្វនឹងឯង ។ ជាពិសេសសត្វស្លាបដែលវាធ្លាក់ក្រោមដើមជ្រៃ អត់ហោះហើរ ព្រោះវាស្រវឹងទន់ជើង ទន់ស្លាប ។

ដល់ចឹងសុរៈព្រាននឹងក៏ដើរទៅដល់ដើមជ្រៃនឹង​ ឮសូរសត្វពួកបក្សាបក្សី ស្រែកយំខ្ញៀវខ្ញាកងរំពង ដល់ពេលគាត់ដើរទៅដលើ ក៏ឃើញសត្វស្លាបទាំង់នឹងធ្លាក់នៅក្រោមដើមជ្រៃ ហើយនៅពេលឃើញព្រានមកដល់ ក៏ពពួកសត្វទាំងអស់នឹងអត់ហើរដែរ ហើរទៅណារួច ព្រោះវាស្រវឹង ទន់ស្លាបអស់ ។

លុះសុរៈព្រានឃើញបែបនេះ​ ក៏ឈរសម្លឹង ហើយ​ឆ្ងល់ថា យី! ចុះពពួកសត្វស្លាបទាំងអស់នេះវាយ៉ាងមិច បានជា​បញ្ចេញសូរស័ព្ទសំឡេងស្រែកកោកកាកទាំងគ្នា ដូចជារាំ ច្រៀង កងរំពង ហើយឆ្ងល់ទៀតថាតើយ៉ាងមិចបានជាវាធ្លាក់មកនៅនឹងដី ព្រានក៏ឈររំពឹងគិត និងពិចារណាថាតើហេតុអី ។ ដល់តែឈររំពឹងគិតក៏សង្ស័យថាក្នុងដើមជ្រៃនឹងមានអីហើយ ? បន្ទាប់មកព្រានក៏ឡើងលើដើមជ្រៃនឹង​ ក៏ឃើញព្រង់ឈើពុកនឹង ឃើញទឹកឡើងក្រហម ហើយគិតថា ប្រហែលជាទឹកនេះឯង ដល់អញ្ចឹង ព្រានក៏ដកស្រង់ពិសោធន៍សាកមើល ព្រានក៏ក្បង់ទឹកនឹងបរិភោគសាកមើល (ទឹកនឹងវាមានជាតិហាងដូចសុរាយើងអញ្ចឹង) ហើយគាត់ក៏លេបបន្តិចទៅ មនុស្សដែលមិនធ្លាប់ជួបជាតិស្រវឹង ដល់តែផឹកបន្តិចបន្តួចទៅ វាធ្វើ​ឱ្យស្រវឹងភ្លាម ដល់ស្រវឹងទៅ គាត់នឹងក៏សប្បាយចិត្ត​ រីករាយម្នាក់ឯង នឹកឃើញចង់ច្រៀងលេងតែឯង សប្បាយជាមួយសត្វតែម្នាក់ឯងអញ្ចឹងទៅ ។ ​បន្ទាប់មកគាត់ក៏ចុះមកក្រោមដើមជ្រៃ ស្រវឹងហើយ ឃើញសត្វ ក៏នឹកឃើញចង់បរិភោគសាច់សត្វ​នឹង ក៏វាយសត្វនឹង យកមកដុត មកអាំងសត្វនឹងបរិភោគតែម្នាក់ឯង សប្បាយរីករាយច្រៀងតែម្នាក់​ឯង​ ។ នៅពេលស្វាងអស់ជាតិស្រានឹង ក៏ថា យី! ទឹកនេះធ្វើឱ្យរីករាយ សប្បាយទេតើ ក៏ឱ្យឈ្មោះថា ទឹករីករាយ ។

នៅពេលព្រានស្វាង ក៏ចាប់សត្វស្លាបទាំងអស់នឹងចង១បាច់ ហើយទឹកបំពង់ តាមធម្មតា ព្រានព្រៃគេមានទឹកបំពង់ឫស្សី​ដូចបំពង់ទឹកត្នោត សម្រាប់ដាក់ទឹកស្ពាយយកទៅព្រៃនឹង ក្រែងរកទឹកបរិភោគមិនបានក្នុងព្រៃនឹង ទាល់តែមានទឹកបំពង់នឹង បន្ទាប់មកព្រានក៏ស្ពានសត្វទាំងអស់នឹង និងយកទឹកបំពង់ចាក់ចោល ក៏ឡើងទៅដងទឹករីករាយនឹងអោយពេញបំពង់ឫស្សី ហើយគាត់ក៏ធ្វើដំណើរចេញដើរតទៅទៀត ក៏ធ្វើដំណើរទៅជួបអាស្រមតាបសមួយនៅនឹងមាត់ស្ទឺងនឹង ស្ទឹងនឹងនៅដល់សព្វថ្ងៃនឹងក្នុងនគរពារាណសីនឹង ដែលគេហៅថា ស្ទឹងវរណី ។ ហើយតាបសដែលនៅទីនឹងឈ្មោះវរណីតាបស វររុណតាបស គាត់ទៅចម្រើនឈាននៅទីនឹង ។

ពេលព្រានព្រៃឈ្មោះសុរៈ ទៅដល់ក៏​បាន​ជួបតាបសនោះ និងនិយាយអធិប្បាយរៀបរាប់ពីរឿងទឹកដក់នៅក្នុងដើមជ្រៃនោះ​ថា ទឹកនេះបរិភោគទៅធ្វើ​ឱ្យរីករាយសប្បាយចិត្ត ក៏បបួលតាបសនោះបរិភោគទឹកសាកមើល ។ នៅពេលតាបសបរិភោគសាកទឹកនឹងទៅ ក៏ធ្វើ​ឱ្យ​សប្បាយរីករាយតែ២នាក់នឹងសុរៈព្រាន ហើយធ្វើ​ឱ្យតាបសស្រវឹង ដាច់ឈាន ព្រោះសុរា ក៏ចង់បរិភោគសាច់សត្វ តែតាបស មិនបរិ​ភោគសាច់សត្វទេ គាត់បរិភោគតែមើមឈើ និងផ្លែឈើព្រៃ តែដល់ពេលស្រវឹងហើយ ក៏ចង់បរិភោគសាច់សត្វ និងវាយសត្វ អាំងក្លែម ជាមួយសុរៈព្រាន និងសប្បាយតែ២នាក់នឹងឯង ។ លុះដល់អស់អំណាចសុរាទៅ តាបស និង​សុរៈព្រាន ក៏គិតគ្នា ថាយី ទឹកនេះធ្វើ​ឱ្យសប្បាយរីករាយ បើសិនណាយើងយកទឹកនឹងទៅថ្វាយព្រះរាជា នៅក្រុងពារាណសី ទ្រង់សោយទៅសប្បាយ យើងប្រាកដ​ជា​បានរង្វាន់ហើយ ក៏ត្រឡប់ទៅដងទឹករីករាយ​ថ្វាយព្រះរាជា ដោយចូលទៅថ្វាយទាំង២នាក់ ហើយតាបសនោះលែងបួស ព្រោះ​ដាច់ឈានហើយ ។

នៅពេលចូលទៅគាល់ ព្រះមហាក្សត្រ​ពារាណសី ទ្រង់សួរថា​ តើអ្នកទាំង២នឹងចូលគាល់មានការអី? ពួកគាត់ក៏រៀបរាប់ប្រាប់​ថា ទូលបង្គំមានទឹករីករាយ​សប្បាយ នឹកឃើញដល់ព្រះអង្គ ចង់យកមកថ្វាយព្រះអង្គសោយនឹងបានរីករាយសប្បាយចិត្ត ។ បន្ទាប់មកព្រះអង្គទ្រង់ក៏សួររករឿង រករ៉ាវដំណើរ​ដើមទងសព្វគ្រប់​អស់ សុរៈព្រានក៏និយាយរៀបរាប់ពី​រឿងគាត់ដើរទៅជួបដើមជ្រៃ ឃើញសត្វស្លាបវារីករាយសប្បាយធ្លាក់នៅក្រោមដើមជ្រៃ ដោយសត្វសេកស្រវឹងវាដើរប្រតោងពីក្រោមមែកឈើ ដែលធម្មតាវាដើរពីលើមែកឈើ ។ ក្រោយពីស្តេចទ្រង់​ស្តាប់តាបស និង​សុរៈព្រានរៀបរាប់ចប់ ព្រះអង្គទ្រង់ក៏ចង់សោយសាកមើល ដល់ចឹងព្រះអង្គក៏សោយសាកមើល ដល់ចឹងវាជ្រាប មនុស្សមិនធ្លាប់ប៉ះ ដល់ប៉ះតែបន្តិចបន្តួចទៅវាជ្រាប បើអ្នកជោកជាំហើយដល់អស់១លីត្រ ២លីត្រ ។ នៅពេលព្រះមហាក្សត្រសោយទៅ លោកសប្បាយរីករាយមែន វាអស់ទុក្ខ អស់ភ័យ ។ នៅពេលស្វាងទៅ ព្រះអង្គប្រាប់ទៅអ្នកទាំង២ថា ទឹកនឹងកើតនៅទីកន្លែងណា ចូរអ្នកទៅរក្សា ហើយសូមឱ្យអ្នក​ទៅដងទឹកនឹងយកមកថ្វាយយើង ហើយព្រះមហាក្សត្រសព្វព្រះទ័យ លោកក៏ប្រទានរង្វាន់​ដល់អ្នកទាំង២ ដូចបំណងដែល​ពួកគាត់មែន ។

អ្នកទាំង២ក៏បានទៅដងទឹករីករាយនឹងយកទៅថ្វាយព្រះមហាក្សត្រ ហើយទឹកនោះ​វាមិនមានច្រើនអី លុះទៅដងមិនបានប៉ុន្មានវាក៏អស់​ទឹកនឹងទៅ ។ ដល់កាលណាវាអស់ទឹកនឹងទៅ អ្នកទាំង២ក៏នាំគ្នាគិតថាធ្វើមិចអោយវាកើតទឹកនឹងទៀត ។ បន្ទាប់មកពួកគាត់ក៏ទៅពិនិត្យមើលឃើញគ្រាប់ផ្លែឈើ និង​ឃើញស្រូវ ក៏គិតថា ទឹកនឹងកើតពីរបស់ទាំងអស់នឹង លែងគិតចង់បានតាមបែបធម្មជាតិហើយ ទើបគាត់ច្នៃប្រឌិតឡើង ដល់ច្នៃប្រឌិតទៅ ក៏បានកើតទៅជាជាតិសុរាឡើងខ្លាំងដូចគ្នាអញ្ចឹង ក៏យកទៅថ្វាយព្រះរាជាបន្តទៅទៀត ​ហើយ​អ្នកទាំង២នឹងមានតួនាទីជាអ្នក​ទៅជារកទឹករីករាយថ្វាយស្តេច ឬជាអ្នកផលិតស្រាថ្វាយស្តេច ។ រួចហើយគមិនដឹងអោយឈ្មោះទឹកនោះជាទឹកអ្វី ក៏ប៉ុន្តែអ្នកទាំង២នោះហៅទឹករីករាយ ដល់តែមិនដឹងអោយឈ្មោះអី គេក៏ពិចារណាថា បើអញ្ចឹងអោយឈ្មោះអ្នកដែលទៅឃើញ​ទឹកនោះមុនគេ គឺសុរៈព្រាននឹងឯង បានគេអោយឈ្មោះថា សុរា នោះគឺជាឈ្មោះអ្នកដែលទៅឃើញ ម្យ៉ាងទៀត ខ្លះគេហៅថាវរណី ឬទឹកវរណី ក៏បានដែរ គឺមកពីឈ្មោះតាបសនោះឯង តែវរណីនោះក៏បាត់ទៅ នៅតែសុរា ។

កាលដែលបង្កើតសុរាពីការផ្សំនឹងកើតឡើង ក៏ធ្វើស្រានឹងលក់ពេញស្រុក ដល់ប្រជា​ពលរដ្ឋបានទឹកសុរាយកទៅបរិភោគ ក៏ធ្វើ​ឱ្យ​សប្បាយរីករាយគ្រប់គ្នា ក៏នាំគ្នាសេពសុរាទាំងប្រុសទាំងស្រី ធ្វើ​ឱ្យវិនាសអស់នគរ៣ ទី១គឺនគរពារាណសី ជាអ្នកផលិតស្រា​នោះឯង ទី២គឺ​នគរសាវត្ថី និងទី៣គឺនគរសាកែននឹងឯង ។ ប្រជាពលរដ្ឋ​នៅក្នុងប្រទេសទាំងនោះលែងរកស៊ី រកចុកអស់ហើយ ផឹកទាំងប្រុសទាំងស្រី ទាំងចាស់ ទាំងក្មេង អត់គិតរកស៊ីអីទេ ទៅជា​ដូចជាសត្វតិរច្ឆាន ព្រោះផឹកទៅ​ស្រវឹង ដេកតាមចិញ្ចើមថ្នល់ ។ ទំរាំ​ដល់​ព្រះរាជាលោកដឹង វិនាសអស់ប្រជាពលរដ្ឋ ទើបទ្រង់បានបង្កើតជា​ច្បាប់ ហាមសុរា ហាម​ប្រជា​ពលរដ្ឋ​បរិភោគសុរាជ្រុលហួសហេតុពេក ទំរាំបានហាម រាជ​បញ្ញត្ត​នោះចេញ ​ប្រជា​ពលរដ្ឋ​ក៏គោរពរាជ​បញ្ញត្ត​នោះទៅ ក៏ថយផឹកមកវិញ​ ក៏មានស្មារតី មានវិញ្ញាណធម្មតាឡើងវិញ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ