ខេត្តក្រចេះ ៖ ក្រុមហ៊ុនវិនិយោគដីសម្បទានសេដ្ឋកិច្ចនៅស្រុកស្នួល បានយល់ព្រមសហការជាមួយនឹងមន្ត្រីរដ្ឋបាលព្រៃឈើ ក្នុងការទប់ស្កាត់បទល្មើសលួចដឹកជញ្ជូនឈើមួយចំនួនដែលកន្លងមក ធ្លាប់កើតឡើងស្ទើរតែអាចឈានដល់ការប្រឈមមុខដាក់គ្នា ក្រោយពេលក្រុមឈ្មួញមួយចំនួនបានបើករថយន្តដឹកឈើរត់គេចពីការតាមប្រមាញ់របស់សមត្ថកិច្ចចូលលាក់ខ្លួនក្នុងបរិវេណដីក្រុមហ៊ុន ហើយក៏ត្រូវបានជួយលាក់ដោយយោធាការពារសន្តិសុខរបស់ក្រុមហ៊ុនថែមទៀត។
មន្រ្តីរដ្ឋបាលព្រៃឈើមួយរូបនិយាយថា បន្ទាប់ពីមានសកម្មភាពនៃការរារាំងរបស់យោធា ដែលយាមបារាសក្រុមហ៊ុនស៊ី អាយ វី បន្ទាប់ពីមានសកម្មភាពការដេញតាមចាប់ឃាត់រថយន្តដឹកឈើល្មើសច្បាប់រត់ចូលក្នុងដីសម្បទានរួចមក មន្ត្រីជំនាញបានធ្វើសេចក្តីរាយការណ៍មកកាន់ថ្នាក់លើពីទង្វើមួយនេះ ហើយក៏មានការកោះហៅតំណាងក្រុមហ៊ុនឯកជនមួយនេះមកធ្វើការប្រជុំដោយមានការធ្វើកិច្ចសន្យា ទើបរហូតមកទល់ពេលនេះ ក្រុមហ៊ុនបានព្រមឯកភាពសហការជាមួយនិងមន្ត្រីរដ្ឋបាលព្រៃឈើគ្រប់លំដាប់ថ្នាក់។
គួររំលឹកថា កាលពីម៉ោង៨យប់ ថ្ងៃទី២២ ឧសភា ទាហានការពារក្រុមហ៊ុនស៊ីអាយវី បានរារាំងមេព្រៃ និងសមត្ថកិច្ចស្រុកស្នួល មិនឱ្យចូលចាប់រថយន្តដឹកឈើប្រណីតខុសច្បាប់នៅក្នុងដីសម្បទាន ដែលបម្រុងដឹកឆ្លងទៅលក់នៅប្រទេសវៀតណាម។ មិនតែប៉ុណ្ណោះ ទាហានយាមបារ៉ាសក្រុមហ៊ុនស៊ីអាយវីបានបើកឱ្យរថយន្តដឹកឈើទាំងនោះចូលទៅស្តុកលាក់ខ្លួនក្នុងក្រុមហ៊ុនដោយសេរី ។
ប្រភពព័ត៌មានបានឲ្យដឹងថា ក្នុងសកម្មភាពប្រទាញប្រទង់ពីសំណាក់មន្រ្តីរដ្ឋបាលព្រៃឈើ និងយោធាយាមបារ៉ាសក្រុមហ៊ុននេះ គឺមានរយៈពេលយូរទើបមានអន្តរាគមន៍ពីអភិបាលខេត្តក្រចេះ ទើបទាហានយាមក្រុមហ៊ុនស៊ីអាយវីបើកបារ៉ាសឱ្យកម្លាំងសមត្ថកិច្ចចូលទៅក្នុងក្រុមហ៊ុន។ ទោះបីជាយ៉ាងណាក៏ឈើប្រណីតមួយរថយន្តនោះបានឆ្លងដែនទៅស្រុកយួន ដោយសុវត្ថិភាពទំរាំតែយោធាការពារក្រុមហ៊ុនបើកបារ៉ាសឱ្យសមត្ថកិច្ចចូលចាប់ ហើយនៅសល់តែមួយគ្រឿងប៉ុណ្ណោះដែលឆ្លងចូលប្រទេសវៀតណាមមិនទាន់ ក៏ត្រូវកម្លាំងចម្រុះចាប់បានស្ថិតនៅចំណុចភ្នំថ្មកូនដំរី ស្រុកស្នួល ខេត្តក្រចេះ ។
តាមប្រភពព័ត៌មានបានបង្ហើបឲ្យដឹងថា ក្រោយពីមានការរារាំងក្នុងការតាមចាប់បានឈើប្រណីតក្នុងក្រុមហ៊ុនស៊ីអាយវីនេះមកមេព្រៃខេត្តបានកោះហៅអ្នកទទួលខុសត្រូវចូលធ្វើការដោះស្រាយនៅខណ្ឌរដ្ឋបាលព្រៃឈើក្រចេះ។ ហើយលទ្ធផលនៃការដោះស្រាយបានត្រឹមតែឱ្យក្រុមហ៊ុនស៊ីអាយវីធ្វើកិច្ចសន្យាតែប៉ុណ្ណោះ ដោយពុំមានអ្នកទទួលខុសត្រូវចំពោះទង្វើល្មើសច្បាប់របស់ពួកគេបានចូលរួមនោះទេ ។
លោកប្រាក់ សំបូ នាយផ្នែកស្តីទីរដ្ឋបាលព្រៃឈើឆ្លូងបានឲ្យដឹងតាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី២៦ ឧសភា ថា បន្ទាប់ពីមានសេចក្តីរាយការណ៍របស់មន្រ្តីរដ្ឋបាលព្រៃឈើ អំពីសកម្មភាពនៃការរារាំងរបស់មន្រ្តីយោធាយាមបារ៉ាសក្រុមហ៊ុនដែលមិនឲ្យជំនាញចូលបង្រ្កាបបទល្មើសលួចដឹកឈើចូលលាក់ក្នុងក្រុមហ៊ុនរួចមក លោកនាយខណ្ឌរដ្ឋបាលព្រៃឈើក្រចេះបានកោះហៅតំណាងក្រុមហ៊ុនមកប្រជុំ ដោយមានកិច្ចសន្យាណែនាំជាមួយនិងមន្រ្តីរដ្ឋបាលព្រៃឈើក្នុងការបញ្ឈប់សកម្មភាពបែបនេះទៀត។ បន្ទាប់ពីមានកិច្ចសន្យារួចមក កន្លងមកក្រុមការងារ លោកបានចុះទៅធ្វើការក្នុងក្រុមហ៊ុនម្តងទៀត គឺសន្តិសុខយោធាយាមក្រុមហ៊ុនបានបើកបារ៉ាសឲ្យមន្រ្តីជំនាញចេញចូលធ្វើការតាមធម្មតាគឺពួកគេលែងថ្លើមធំទៀតហើយ។
តាមប្រភពព័ត៌មានផ្សេងទៀតបានបង្ហើបឲ្យដឹងថា កន្លងមក សកម្មភាពដឹកឈើប្រណីតចេញពីក្នុងក្រុមហ៊ុនស៊ីអាយវី ទៅលក់នៅប្រទេសវៀតណាម បានកើតឡើងយ៉ាងគគ្រឹកគគ្រេង ហើយសមត្ថកិច្ចជួបការលំបាកក្នុងការតាមបង្ក្រាបដោយសារតែមានការរារាំងពីសំណាក់ទាហានការពារក្រុមហ៊ុនស៊ីអាយវីនេះ ។មន្រ្តីអ្នកច្បាប់បាននិយាយថា បើយោងតាមមាត្រា១០០នៃច្បាប់ស្តីពីព្រៃឈើបានចែងថា សកម្មភាពទាំងឡាយណាដែលធ្វើឡើងដោយមន្រ្តីអាជ្ញាធរដែនដី មន្រ្តីនគរបាល មន្រ្តីនៃកងយោធពលខេមរភូមិន្ទ ឬមន្ត្រីអាជ្ញាធរផ្សេងទៀត ដើម្បីធ្វើអន្តរាគមន៍ផ្តល់ការអនុញ្ញាតដោយផ្ទាល់ ឬដោយប្រយោលជួយដល់អាជីវកម្មព្រៃឈើ និងធ្វើសកម្មភាពគ្រប់យ៉ាងផ្ទុយនឹង ច្បាប់នេះ ឬធ្វើការគំរាមកំហែងដល់មន្រ្តី ឬរាំងស្ទះដល់ការបំពេញភារកិច្ច និងកិច្ចប្រតិបត្តិការ របស់មន្រ្តីរដ្ឋបាលព្រៃឈើត្រូវចាត់ទុកជាបទល្មើសដែលត្រូវជាប់ពន្ធនាគារពី១ឆ្នាំទៅ៥ឆ្នាំ និងត្រូវផ្តន្ទាទោសពិន័យជាប្រាក់ចំនួនពី១០លានរៀលទៅ១០០លានរៀល៕
ចែករំលែកព័តមាននេះ