ប្រធានាធិបតីសហរដ្ឋអាមេរិក លោកបារ៉ាក់ អូបាម៉ា កាលពីថ្ងៃទី២៨ ឧសភា កន្លងមក បានកោតសរសើរយ៉ាងខ្លាំងចំពោះការធ្វើអន្តរកាលទៅរកលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសប៉ូឡូញ កាលពីទសវត្សឆ្នាំ១៩៨០ ហើយចាត់ទុកប្រទេសនេះថា ជាគំរូមួយសម្រាប់ប្រទេសនានាដែលពលរដ្ឋកំពុងធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលគឺចាប់ពីប្រទេសនៅអាមេរិកខាងជើង និងប្រទេសមជ្ឈិមបូព៌ា រហូតដល់ប្រទេសនៅអឺរ៉ុបខាងកើត។ លោកអូបាម៉ា បានអញ្ជើញទៅកាន់ប្រទេសប៉ូឡូញ កាលពីថ្ងៃទី២៨ ឧសភា ក្រោយពីលោកអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរបស់ប្រទេសមានឧស្សាហកម្មជឿនលឿនបំផុតនៅលើពិភពលោកទាំង៨ (G-8) ដែលរៀបចំឡើងនៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ។ ប៉ូឡូញជាប្រទេសចុងក្រោយគេ សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅបណ្តាប្រទេសអឺរ៉ុបរបស់លោកអូបាម៉ា ។
នៅពេលថ្លែងក្នុងអំឡុងពេលជួបជាមួយសមភាគីប៉ូឡូញ លោកអូបាម៉ា ថ្លែងថា វិធានការរបស់អ្នកកំណត់មាគ៌ាសេរីភាពសម្រាប់ប្រទេសជាច្រើននៅលើទ្វីបនេះ ។ ជាមួយគ្នានេះ លោកប្រធានាធិបតីអូបាម៉ា ក៏បានថ្លែងអំណរគុណចំពោះប្រទេសប៉ូឡូញ ដែលបានចូលរួមផ្តល់វិភាគទានដល់ប្រទេសទុយនីស៊ីនាំដល់ការដកមេដឹកនាំប្រទេសនេះចេញពីតំណែង និងបញ្ជូនរដ្ឋមន្ត្រីការបរទេសរបស់ខ្លួនទៅកាន់ទីក្រុងបែនហ្គាហ្ស៊ី របស់ប្រទេសលីប៊ី នៅពេលពួកឧទ្ទាមកំពុងប្រយុទ្ធជាមួយកងកម្លាំងដែលមានភក្តីភាពចំពោះមេដឹកនាំប្រទេសនេះ គឺលោកមូអាម៉ា កាដាហ្វី ។ ទន្ទឹមនឹងនោះ លោកអូបាម៉ា ក៏បានណែនាំដល់ប្រទេសបេឡារុសឱ្យយកគំរូតាមប្រទេសប៉ូឡូញ ។ លោកអូបាម៉ា ថ្លែងថា ប្រធានាធិបតីបេឡារុស លោកអាឡិច សាន់ឌ័រលូកាឆេនកូ មិនគោរពតម្លៃលទ្ធិប្រជាធិបតេយ្យ ឬនីតិរដ្ឋទេ ។ លោកប្រធានាធិបតីអាមេរិកថ្លែងទៀតថា គេគួរតែដាក់សម្ពាធលើប្រទេសបេឡារុស ដើម្បីឱ្យមានការផ្លាស់ប្តូរក្នុងប្រទេសនេះ។
មុនពេលចាកចេញពីប្រទេសប៉ូឡូញនៅថ្ងៃដដែលនោះ លោកអូបាម៉ា បានអញ្ជើញទៅកាន់វិមានរំឭកដល់អ្នកស្លាប់ក្នុងហេតុកាណ៍ធ្លាក់យន្តហោះកាលពីខែមេសា ឆ្នាំ២០១០ កន្លងមក ក្នុងនោះក៏មានប្រធានាធិបតីប៉ូឡូញ លោក Lech Kaczynski និងភរិយា រួមទាំងមេដឹកនាំយោធាជាច្រើនរូបទៀត ។ លោកអូបាម៉ា បានអញ្ជើញទៅទីនោះដើម្បីរំឭកវិញ្ញាណក្ខន្ធ និងឧទ្ទិសកុសលដល់លោក Kaczynski និងភរិយារបស់លោក ៕
ចែករំលែកព័តមាននេះ