ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការប្រឡងជ្រើសរើសគ្រូកីឡា ជាបេសកកម្​ម​មួយ មានការទទួលខុសត្រូវខ្ពស់ ធ្វើឡើងតាម​គោលការណ៍ «អ្នកចេះ ប្រឡងជាប់»

3 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ការប្រឡងជ្រើសរើស​គ្រូបង្រៀនជំនាញផ្នែកអប់រំកាយ និងកីឡា គឺជាបេសកកម្មមួយ ដែលជាការទទួលខុសត្រូវខ្ពស់…

រាជធានីភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ការប្រឡងជ្រើសរើស​គ្រូបង្រៀនជំនាញផ្នែកអប់រំកាយ និងកីឡា គឺជាបេសកកម្មមួយ ដែលជាការទទួលខុសត្រូវខ្ពស់ សម្រាប់យើងទាំងអស់គ្នា។

ការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្ត្រីបែបនេះ ខណៈដែលក្រសួងអប់រំយុវជន និងកីឡា និងក្រសួងមុខងារសាធារណៈ នឹងរៀបចំការប្រឡ​ងជ្រើសរើសគ្រូបង្រៀន ផ្នែកអប់រំកាយ និងកីឡា នៅថ្ងៃទី២៨ ខែមករាខាងមុខនេះ ដោយមានបេក្ខជនជិត ២០០០នាក់ ចូលរួមប្រកួតប្រជែង ដោយប្រកាន់គោលការណ៍តម្លាភាពពោលគឺ «អ្នកចេះជាប់»។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី២៦មករា នៅសាលាភូមិន្ទរដ្ឋបាល លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងជ្រើសរើស​គ្រូបង្រៀន ឯកទេសអប់រំកាយ និងកីឡា បានលើកឡើងថា ការប្រឡងចូលបម្រើការងារ​មន្ត្រីរាជការនេះ អនុវត្តតាមការដាក់ចេញគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល។

លោករដ្ឋមន្ត្រី បន្តថា ការប្រឡងនេះ នៅតែប្រកាន់ខ្ជាប់គោលការណ៍ “អ្នកចេះ គឺជាប់” ហើយអ្នកប្រឡងមិនជាប់ ក៏អស់ចិត្ត។ ការប្រឡងនេះដែរ មានបេក្ខជនចំនួន ១៨៩២នាក់ ដោយក្រសួង សម្រេច​ជ្រើសរើសយកតែ ១០០នាក់ប៉ុណ្ណោះ។ ការប្រឡងនេះ មានវិញ្ញាសា​ចំនួន ២ គឺវិញ្ញាសា​សរសេរ និងវិញ្ញាសា​អនុវត្តជាក់ស្តែង។ ការប្រឡងនេះ នឹងធ្វើឡើង នៅថ្ងៃទី២៨​មករា សម្រាប់វិញ្ញសា​សរសេរ នៅសាកលវិទ្យាល័យ​ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងវិញ្ញាសា​អនុវត្តជាក់ស្តែង នឹងចាប់ផ្តើម នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ និងថ្ងៃបន្តបន្ទាប់ រយៈពេល ៨ថ្ងៃ​។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា «រាជរដ្ឋាភិបាលកំណត់ឲ្យក្រសួងអប់រំ ជ្រើសរើសមន្ត្រីរាជការចំនួន ២០៨៨នាក់ ក្នុងនោះ ១០០នាក់ ជ្រើសរើសគ្រូផ្នែកអប់រំកាយ និងកីឡា ២០០នាក់ គ្រូបង្រៀនសាលាមត្តេយ្យសិក្សា ១៣៤៧នាក់ គ្រូបង្រៀមធ្យមសិក្សា និង៤៤១គ្រូបង្រៀន មូលដ្ឋា​ន​ចំណេះដឹងទូទៅ។ អីចឹងពេលនេះ យើងជ្រើសរើស ដំណាក់ទី១ គឺជ្រើសរើសគ្រូជំនាញ អប់រំកាយ និងកីឡា»។

ជាគ្នានោះដែរ លោករដ្ឋមន្ត្រី បានឲ្យដឹងថា ក្នុងចំណោមគ្រូបង្រៀនផ្នែកអប់រំកាយ និងកីឡាចំនួន ១០០នាក់នេះ នឹងត្រូវចេញទៅបង្រៀនកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ ​នៅ ២១ខេត្ត។ ការប្រឡងវិញ្ញាសារសរសេរ មានបីវិញ្ញាសា គឺវប្បធម៌ទូទៅ ជីវៈវិទ្យា និងភាសាអង់គ្លេស។ ចំណែកវិញ្ញាសាអនុវត្តផ្ទាល់ មាន៖ ការរត់ចម្ងាយ លោតចម្ងាយ និងចោលដុំដែក។

យ៉ាងណាក្តី លោក​រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លើកឡើងថា ការប្រឡងនេះ នឹងប្រព្រឹត្តទៅដោយរលូន ដើម្បីធ្វើយ៉ាងណា ឱ្យបេក្ខជនជាប់ដោយមោទនៈ និងធ្លាក់ដោយអស់ចិត្ត។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមបញ្ជាក់ថា គណៈកម្មការរៀបចំការប្រឡង និងអនុគណៈកម្មការទាំងអស់ ដែលចូលរួមពាក់ព័ន្ធ គ្រប់មន្ត្រីរាជការ និងអ្នកដែលចូលរួមចំណែក គឺមានភាពទទួលខុសត្រូវខ្ពស់ ចំពោះអ្វីដែលជាបេសកកម្មរបស់យើង»។

ចំណែកលោក​បណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងថា ការជ្រើសរើសមន្ត្រីរាជការស៊ីវិលនេះ ត្រូវបានរាជរដ្ឋាភិបាល កំណត់យកគោលការណ៍ «គុណនាធិបតេយ្យ យុត្តិធម៌ តម្លាភាព ប្រសិទ្ធភាព និងបរិយាប័ន្ន»។

លោករដ្ឋលេខាធិការ បានបន្តថា ពាក់ព័ន្ធនឹងការជ្រើសរើសបេក្ខជនប្រឡងនេះ មិនមែនជាការជ្រើសរើសកីឡាករទេ គឺជាការជ្រើសរើសគ្រូបង្រៀនជំនាញអប់រំកាយ និងកីឡា ដែលគាត់ត្រូវបណ្តុះបណ្តាលរយៈពេល ២ឆ្នាំ យកចាប់ពីសញ្ញាបត្រមធ្សមសិក្សាទុយភូមិ (១២ បូក២) និងមួយចំនួនទៀត បណ្តុះបណ្តាល ៤ឆ្នាំ (១២ បូក៤)។ អ្នកទាំងនោះ នឹងត្រូវចុះទៅបង្រៀន នៅតាមសាលា នៅតាមបណ្តារាជធានីខេត្ត ក្នុងការរៀបចំផ្នែកកីឡា។

លោករដ្ឋលេខាធិការ ក៏បានលើកឡើងថា ការជ្រើសរើសគ្រូបង្រៀនអប់រំកាយ និងកីឡានេះ​ក៏បានកំណត់កម្ពស់ផងដែរ ដោយបេក្ខជននារី មានកម្ពស់ចាប់ពី ១.៥៥ម៉ែត្រ និងបេក្ខជនបុរសមានកម្ពស់ ១.៦៥ម ឡើងទៅ។

សូមជម្រាបថា ការប្រឡងជ្រើសរើសគ្រូជំនាញអប់រំកាយ និងកីឡានេះ មានការចូលរួមពីមហាជន ចុះឈ្មោះសង្កេតការណ៍ សរុប ៤២៣នាក់ ក្នុងនោះ ត្រូវបានជ្រើសរើសចំនួន ៤៤ រូប ដោយបែងចែកតាមគោលដៅ ដូចខាងក្រោម៖ ១០ រូប សម្រាប់សង្កេតការណ៍ នៅមណ្ឌលសំណេរ​។ ១០រូប សម្រាប់សង្កេតការណ៍ នៅមណ្ឌលកំណែ។ ២៤ រូប សម្រាប់សង្កេតការណ៍ នៅមណ្ឌលវិញ្ញាសារ​អនុវត្ត។ ​ចំនួនអ្នកសង្កេតការណ៍ គឺមកពី​តំណាងសាកលវិទ្យាល័យ ១០រូប (ចុះឈ្មោះរួច) និង​ចំនួនអ្នកសង្កេតការណ៍ ស.ស.យ.ក ២០រូប។ ក្រៅពីនោះ ក៏មានក្រុមការងារសង្កេតការណ៍ ACU ចំនួន ៨៧ រូប ចូលរួម​ផងដែរ​៕ អ៊ាង ប៊ុនរិទ្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ