ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់បានលង់ទឹកស្លាប់ដែលមានជម្រៅតែត្រឹមស្មងជើង ខណៈដែលដើររកខ្យង ក្តាម នៅចម្ងាយប្រមាណ៣០០ម៉ែត្រ ពីខាងកើតផ្ទះ ស្ថិតក្នុងភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩ព្រឹកថ្ងៃទី២៦ ឧសភា ។ យុវជនខាងលើមានជំងឺសរសៃប្រសាទយូរឆ្នាំហើយ ។
ជនរងគ្រោះខាងលើនោះឈ្មោះតេង ឆុំ អាយុ២៥ឆ្នាំ ។ តាមការរៀបរាប់របស់ក្រុមគ្រួសារបានឱ្យដឹងថា កាលពីយប់ ក្នុងភូមិមានភ្លៀងធ្លាក់មួយមេយ៉ាងធំ ទឹកបានដក់ពេញ
ស្រែ ។ ព្រឹកឡើងយុវជនរងគ្រោះបានដើរទៅរកខ្យង ក្តាម និងត្រីនៅក្នុងស្រែ ។ ព្រឹកនោះជនរងគ្រោះបានដើរទៅជាមួយក្មេងក្នុងភូមិជាច្រើននាក់ លុះម៉ោងជិត៩ព្រឹកក៏បានត្រឡប់មកវិញ ក្រុមក្មេងបានដើរមកមុន ហើយក៏មិនបានដឹងថា ជនរងគ្រោះដើរមកតាមក្រោយ នោះប្រកាច់ដួលផ្កាប់មុខឈ្លក់ទឹកស្លាប់ដែរ ប៉ុន្តែក្រោយពីមិនឃើញជនរងគ្រោះ ពួកក្មេងៗ ក៏នាំគ្នាបកក្រោយវិញ ទៅមើលក៏ឃើញជនរងគ្រោះស្លាប់បាត់ទៅហើយ ។
ប្រភពបន្តថា ជនរងគ្រោះបានកើតជំងឺប្រកាច់នេះយូរឆ្នាំហើយដែលយើងអាចនិយាយបានថា ជំងឺឆ្កួតជ្រូក ពេលខ្លះសុខៗប្រកាច់ដួលបែកពពុះមាត់ ដែលលើកនេះជនរងគ្រោះប្រកាច់ក្នុងទឹកត្រឹមស្នងជើង គ្មានមនុស្សឃើញ ទើបបណ្តាលឱ្យស្លាប់បែបនេះ។
ចំណែកបុរសម្នាក់ទៀតត្រូវបានគេដឹងថា ភ្លាត់ស្នៀតមិនឆក់ត្រី បែរជាឆក់ខ្លួនឯងស្លាប់ ខណៈពេលកំពុងឆក់ត្រីនៅចំណុចបឹងខ្នាយទោល ស្ថិតក្នុងភូមិប្រាសាទ ឃុំដា ស្រុកកំពង់លែង។ ហេតុការណ៍៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង១៥នាទីល្ងាចថ្ងៃទី២៦ ឧសភា ២០១១។
តាមព័ត៌មានពីមន្ត្រីប៉ូលិសបានឱ្យដឹងថា បុរសខាងលើឈ្មោះគ្រី ឌឿន អាយុ២២ឆ្នាំ មានទីលំនៅភូមិប្រាសាទ ឃុំដា ជាកសិករធ្វើស្រែ ដាំឈូកនៅចំណុចកើតហេតុ ។
ជារៀងរាល់ថ្ងៃគាត់តែងទៅចាំចំការឈូកពេលខ្លះគាត់ក៏បានចាប់ត្រីក្នុងបឹងឈូក របស់គាត់មកធ្វើម្ហូបដែរ ។ នៅថ្ងៃកើតហេតុ មិនដឹងថា គាត់បានឧបករណ៍ឆក់ត្រីពីណាមកទេ បានចុះឆក់ត្រីក្នុងបឹងឈូករបស់គាត់តាំងពីរសៀលប្រហែលម៉ោង២ មកម៉្លេះ ។ ដោយបាត់យូរពេកក្រុមគ្រួសារក៏បានតាមរកកន្លែងដែលគាត់ទៅឆក់នោះ ក៏ឃើញគាត់ស្លាប់ជាមួយឧបករណ៍ឆក់ត្រីបាត់ទៅហើយ ។ ជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ឧបករណ៍ឆក់ត្រីនេះជារបស់ដែលច្បាប់បានហាមឃាត់យ៉ាងដាច់ខាត ព្រោះថា បានធ្វើឱ្យវិនាសយ៉ាងធ្ងន់ធ្ងរដល់មច្ឆជាតិ គួរតែបញ្ឈប់ការប្រើប្រាស់ឧបករណ៍ប្រភេទនេះតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល៕
ចែករំលែកព័តមាននេះ