ខេត្តបន្ទាយមានជ័យ ៖ នគរបាលស្រុកអូរជ្រៅបានសហការជាមួយនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តស្រាវជ្រាវស៊ើបអង្កេតតាមវិធានការជំនាញ និងឈានដល់ការបង្ក្រាបចាប់ឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនចំនួន២នាក់បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត។ ការចាប់ខ្លួនជនសង្ស័យទាំង២នាក់នេះធ្វើឡើងនៅវេលាម៉ោង៦ និង៥០នាទីយប់ថ្ងៃទី២៦ ឧសភា ឆ្នាំ២០១១នៅចំណុចផ្លូវបំបែកទៅភូមិជោគជ័យ ក្នុងភូមិសាស្ត្រឃុំអូរបីជាន់ ស្រុកអូរជ្រៅ។
លោកវរសេនីយ៍ត្រីស ឆុង អធិការនគរបាលស្រុកជ្រៅដែលដឹកនាំកម្លាំងអធិការដ្ឋានសហការជាមួយនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចប្រាប់ឱ្យដឹងថា នៅវេលាម៉ោង៦ និង៥០ នាទីយប់ថ្ងៃទី២៦ ឧសភា ឆ្នាំ២០១១ សមត្ថកិច្ចបានស៊ើបអង្កេតតាមវិធានការជំនាញឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ម្នាក់ឈ្មោះឆែល រដ្ឋា ភេទប្រុស អាយុ១៩ឆ្នាំ និងម្នាក់ទៀតឈ្មោះហួយ ហេង ភេទស្រី អាយុ១៨ឆ្នាំ ជនសង្ស័យទាំង២នាក់នៅភូមិបន្ទាយមាសប្ញទ្ធិ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ សមត្ថកិច្ចឆែកឆេររកឃើញថ្នាំញៀនចំនួន៤០ថង់តូចពណ៌ខៀវ មានថ្នាំញៀនប្រភេទមេតំហ្វេតាមីនពណ៌ក្រហមមានអក្សរ WY ចំនួន៧.៩៦៥គ្រាប់ ដែលជន
សង្ស័យដាក់លាក់ក្នុងកែបម៉ូតូម៉ាកវ៉េវ ពណ៌ទឹកប៊ិច គ្មានស្លាកលេខ ស៊េរី២០០៧ ។
លោកវរសេនីយ៍ទោ ឆេន ឈួត ស្នងការរងទទួលបន្ទុកប្រធានការិយាល័យកណ្តាលនគរបាលយុត្តិធម៌ឱ្យដឹងថា ក្រោយពីចាប់ឃាត់ខ្លួន និងសាកសួរចម្លើយជនសង្ស័យទាំង២នាក់ សារភាពថា ថ្នាំញៀនទាំងនេះពួកខ្លួន ទទួលយកពីគេ ដើម្បីឆ្លងដែនយកទៅឱ្យជនជាតិសៀម ចាំទទួលយកទៅដីរបស់គេ ហើយពេលដល់ចំណុចនោះត្រូវសមត្ថកិច្ចត្រួតពិនិត្យ ឆែកឆេរឃើញថ្នាំញៀន ក៏ចាប់ឃាត់ខ្លួនតែម្តង ។
លោកឧត្តមសេនីយ៍ត្រីខេង ស៊ុម ស្នងការនគរបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ ថា នេះគឺជាការបង្ក្រាបករណីជួញដូរគ្រឿងញៀនដ៏ធំមួយក្នុងអំឡុងពេល៦ខែដើមឆ្នាំ២០១១ នេះ បន្ទាប់ពីសមត្ថកិច្ចជំនាញ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកបង្ក្រាបការលក់ចែកចាយថ្នាំញៀនជាច្រើនករណី និងឃាត់ខ្លួនជនសង្ស័យជាច្រើននាក់បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមផ្លូវច្បាប់ ។
លោកស្នងការបញ្ជាក់ទៀតថា ថ្នាំញៀនទាំង៤០ថង់តូច តាមការត្រួតពិនិត្យ និងរាប់របស់កម្លាំងជំនាញ និងមានការចូលរួមពីលោកឡុង ជៀព ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តនោះគឺមានចំនួន៧.៩៦៥គ្រាប់ ។ ផ្អែកតាមចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែងជនសង្ស័យទាំង២នាក់ត្រូវកម្លាំងការិយាល័យជំនាញរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ