ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​មាន​បំរាម​ហើយ ​ក៏​នៅ​រឹងទទឹងនាំ​ចូល​សាច់​​បង្កក​គ្មាន​ថ្ងៃខែ​ផលិត និង​ថ្ងៃ​ផុតកំណត់

11 ខែ មុន
  • ព្រះសីហនុ

​ខេត្តព្រះសីហនុ ៖ កំពុង​តែ​មានការ​ងឿងឆ្ងល់​យ៉ាង​ខ្លាំង​ចំពោះ​សាច់​បង្កក​ដែល​នាំ​ចូល​មក​កំពង់​ផែ​ក្រុងព្រះសីហនុ​មួយ​កុងតឺន័រ ពេល​មន្ត្រី​ជំនា​ញក​.​ប​.​ប ត្រួតពិនិត្យ​មិន​មាន​ដាក់​ថ្ងៃខែ​ផលិត និង​ថ្ងៃ​ផុតកំណត់​ការ​ប្រើប្រាស់​ក៏​គ្មាន​ដែរ ។ ហើយ​បញ្ហា​នេះ ក៏​កំពុង​ផ្ទុះ​មតិ​ចម្រុះ ជុំវិញ​ការ​នាំ​ចូល​សាច់​បង្កក…

​ខេត្តព្រះសីហនុ ៖ កំពុង​តែ​មានការ​ងឿងឆ្ងល់​យ៉ាង​ខ្លាំង​ចំពោះ​សាច់​បង្កក​ដែល​នាំ​ចូល​មក​កំពង់​ផែ​ក្រុងព្រះសីហនុ​មួយ​កុងតឺន័រ ពេល​មន្ត្រី​ជំនា​ញក​.​ប​.​ប ត្រួតពិនិត្យ​មិន​មាន​ដាក់​ថ្ងៃខែ​ផលិត និង​ថ្ងៃ​ផុតកំណត់​ការ​ប្រើប្រាស់​ក៏​គ្មាន​ដែរ ។

ហើយ​បញ្ហា​នេះ ក៏​កំពុង​ផ្ទុះ​មតិ​ចម្រុះ ជុំវិញ​ការ​នាំ​ចូល​សាច់​បង្កក ខណៈ​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ទើប​ប្រកាស​ហាម​មិន​ឲ្យ​នាំ​ចូល​សាច់​បង្កក​ចូល​មក​រយៈពេល​៦​ខែ​ជា​បណ្តោះអាសន្ន ដែល​នឹង​អនុវត្ត​ពី​ថ្ងៃ​ទី​១២ ខែមីនា រហូត​ដល់​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២៤​ខាង​មុខ ។

យោង​តាម​ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែង​បំ​ន្លំ បាន​ឲ្យ​ដឹង​ថា មន្ត្រី​ជំនាញ​ផ្នែក​អធិការកិច្ច​ម្ហូបអាហារ ក​.​ប​.​ប​. សាខា​ខេត្ត​ព្រះ​សីហ​នុ បាន​ចុះ​ត្រួតពិនិត្យ​លើ​កុងតឺន័រ​ផ្ទុក​សាច់​បង្កក​តាម​ការ​ស្នើ​សុំ​សហការ​ពី​គយ និង​រដ្ឋាករ ។

អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា នា​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២៤ មន្ត្រី​ជំនាញ​ផ្នែក​ម្ហូបអាហារ​នៃ​សាខា ក​.​ប​.​ប​. ប្រចាំ​ខេត្ត​ព្រះ​សីហ​នុ បាន​ចូលរួម​ត្រួតពិនិត្យ​សាច់​បង្កក​ចំនួន​១​កុងតឺន័រ ស្រប​តាម​ការ​ស្នើ​សុំ​កិច្ចសហការ​ពី​ស្ថាប័ន​គយ និង​រដ្ឋាករ​ប្រចាំ​ក្រុងព្រះសីហនុ ។

ក្នុង​សកម្មភាព​ត្រួតពិនិត្យ គឺ​ស្ថិត​នៅ​ទីលាន CY កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដោយ​មន្ត្រី​ជំនាញ​បាន​ធ្វើការ​ត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​លើ​គុណភាព​សាច់ សីតុណ្ហភាព និង​ឯកសារ​ពាក់ព័ន្ធ​នានា​ស្រប​តាម​ច្បាប់ ។ អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ បាន​បញ្ជាក់​ថា ជា​លទ្ធផល​សាច់​បង្កក​ទាំងនោះ​គឺ​មាន​អនុលោម​ភាព​លើ​ឯកសារ គុណភាព និង​សីតុណ្ហភាព ។

ជាមួយ​គ្នា​នោះ មន្ត្រី​ជំនាញ​បាន​ធ្វើការ​ស្រង់​យក​សំណាក​គំរូ​បញ្ជូន​មក​អគ្គនាយកដ្ឋាន​ដើម្បី​ពិសោធន៍​រក​មើ​មេរោគ​ចម្លង​បន្ថែម​ផង​ដែរ ។ពាក់ព័ន្ធ​ការ​ចុះ​ត្រួតពិនិត្យ​សាច់​បង្កក​ចំនួន​១​កុងតឺន័រ នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ពី​សំណាក់​មន្ត្រី​ជំនាញ ក​.​ប​.​ប ខាងលើ អ្វី​ដែល​គេ​ចាប់​អារម្មណ៍​​បំផុត​នោះ គឺ​ប័ណ្ណ​យក​គំរូ​មួយ​ច្បាប់​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​បាន​បញ្ជាក់​ថា ថ្ងៃខែ​ឆ្នាំ​ផលិត​គ្មាន និង​ថ្ងៃខែ​ឆ្នាំ​ផុតកំណត់​ប្រើប្រាស់​ក៏​គ្មាន ហេតុ​អ្វី​ម្ចាស់​ទំនិញ ហ៊ាន​នាំ​យក​សាច់​បង្កក​ទាំងនោះ​មក​ក្នុង​ប្រទេស​កម្ពុជា​ទាំង​បែប​នេះ ។

គួរ​បញ្ជាក់​ថា​ផង​ដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​សម្រាប់​រយៈពេល​​០៦​ខែ នូវ​ការ​នាំ​ចូល​គ្រឿងក្នុង និង​បំណែក​សាច់​បង្កក ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួម របស់​ក្រសួងពាណិជ្ជកម្ម និង​ក្រសួងកសិកម្ម កាលពី​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២៤​នេះ ។

សេចក្តីជូនដំណឹង​របស់​ក្រសួង​ទាំង​២​ខាងលើ​នេះ គឺ​យោង​តាម​ការ​សម្រេច​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន​ម៉ា​ណែ​ត នាយក​រដ្ឋ​មន្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០២៤ ក្រសួងពាណិជ្ជកម្ម និង​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​សម្រេច​ផ្អាក​ជា​បណ្ដោះ​អាសន្ន​សម្រាប់​រយៈពេល​០៦(​ប្រាំមួយ​)​ខែ នូវ​ការ​នាំ​ចូល​គ្រឿងក្នុង និង​បំណែក​សាច់​បង្កក ដូច​ជា ៖ អណ្តាត ថ្លើម គ្រឿងក្នុង និង​បំណែក​សាច់​បង្កក​ផ្សេង​ៗ​ទៀត​នៃ​សាច់​គោ ក្របី ជ្រូក មាន់ ដែល​គេ​អាច​បរិភោគ​បាន​លើកលែងតែ​ត្រី ។

ហើយ​ចំពោះ​វិធានការ​ផ្អាក​ការ​នាំ​ចូល​ជា​បណ្តោះអាសន្ន​នេះ នឹង​ចាប់ផ្តើម​អនុវត្ត ពី​ថ្ងៃ​ទី​១២ ខែមីនា រហូត ដល់​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២៤ ដែល​វិធានការ​នេះ​មិន​អនុវត្ត​ចំពោះ​គម្រោង​វិនិយោគ​មាន​លក្ខណៈ សម្បត្តិ​គ្រប់គ្រាន់ ដែល​នាំ​ចូល​ទំនិញ​ខាងលើ សម្រាប់​ប្រើប្រាស់​ជា​ធាតុ​ចូល​ផលិតកម្ម សម្រាប់​ការ​នាំ​ចេញ​ឡើយ​។អាស្រ័យ​ហេតុ​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន និង​ក្រុមហ៊ុននាំចេញ​-​នាំ​ចូល ដែល​កំពុង​ប្រកប​អាជីវកម្ម​លើ​មុខទំនិញ​ខាងលើ ព្រមទាំង​ភាគី​ពាក់ព័ន្ធ​មេត្តា​ជ្រាប​ជា​ព័ត៌មាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ