ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈ​​ពេល​​១ខែ​​មេព្រៃខេត្ត​​​​ក្រចេះ​​បង្ក្រាប​​​បទ​ល្មើស​​​ដឹក​ជញ្ជូន​​​ឈើ​៧​ករណី

14 ឆ្នាំ មុន

ខេត្ត​ក្រចេះ ៖ ​មន្ត្រី​​រដ្ឋ​បាល​​ព្រៃ​ឈើ​បាន​ឱ្យ​ដឹង​ថា រយៈពេលមួយខែរថយន្តដឹកឈើប្រណីត​រួមទាំងឈើអារល្មើសច្បាប់គ្រប់ប្រភេទចំនួន​​ជាង១១ម៉ែត្រគូបត្រូវបានបង្រ្កាប និងចាប់​រឹប​អូសបាន ដោយមន្រ្តីផ្នែករដ្ឋបាលព្រៃ​ឈើ​ក្រចេះ​សហការ​ជាមួយ​កងកម្លាំង​ប្រដាប់​អាវុធ​ក្នុងខេត្តក្នុងយុទ្ធនាការបង្រ្កាបចំនួន៧ករណី

ខេត្ត​ក្រចេះ ៖ ​មន្ត្រី​​រដ្ឋ​បាល​​ព្រៃ​ឈើ​បាន​ឱ្យ​ដឹង​ថា រយៈពេលមួយខែរថយន្តដឹកឈើប្រណីត​រួមទាំងឈើអារល្មើសច្បាប់គ្រប់ប្រភេទចំនួន​​ជាង១១ម៉ែត្រគូបត្រូវបានបង្រ្កាប និងចាប់​រឹប​អូសបាន ដោយមន្រ្តីផ្នែករដ្ឋបាលព្រៃ​ឈើ​ក្រចេះ​សហការ​ជាមួយ​កងកម្លាំង​ប្រដាប់​អាវុធ​ក្នុងខេត្តក្នុងយុទ្ធនាការបង្រ្កាបចំនួន៧ករណី។

មានរថយន្តចំនួន៧​គ្រឿង ក្នុងនោះមាន​រថយន្តកាមរីចំនួន៥គ្រឿង និងរថយន្តកូរ៉េ​២​គ្រឿង​ត្រូវ​បានចាប់រឹប​អូស​រួម​​ជាមួយ​ឈើអារ​សរុបចំនួន​ជាង​១១ម៉ែត្រ​គូប​ ក្នុងនោះមាន​ឈើប្រណីតប្រភេទ​គ្រញូង​ នាង​នួន ​និង​ធ្នង់​ ​ជាង​​៧​ម៉ែត្រ​គូប និងឈើអារ​ប្រភេទលេខ១ និងលេខ២​ជាង៣ម៉ែត្រ​គូប ​ដែលតួលេខនេះ​​គិតពីត្រឹមថ្ងៃទី៦ ឧសភា ដល់ ២៧ ឧសភា ។ នេះបើតាមរបាយការណ៍របស់មន្រ្តីផ្នែករដ្ឋបាល​ព្រៃឈើក្រចេះ។

បច្ចុប្បន្ននេះ ទោះបីជា​ក្រុម​ឈ្មួញ​ធ្វើ​សកម្ម​ភាព​លួចដឹកឈើប្រណីតខុសច្បាប់​មានរូប​ភាពតូចតាចក្តី ក៏ក្រុមសមត្ថកិច្ចប្រដាប់អាវុធ​ដោយ​​​សហការជាមួយស្ថាបន័រដ្ឋបាលព្រៃ​ឈើ​ក្នុង​ដែន​សមត្ថកិច្ចរបស់​ខ្លួននៅតែតាមប្រមាញ់​បាន​ជាបន្ត​បន្ទាប់ នៅលើផ្លូវជាតិលេខ៧ ។ ​ជាក់ ស្តែង កាលពីល្ងាចថ្ងៃទី២៨ ឧសភា កម្លាំងសមត្ថ​កិច្ច​ចម្រុះបានចុះ​សហការតាមប្រមាញ់បា​ន​រថ​យន្តស៊េរី​ទំនើបមួយគ្រឿងម៉ាកកាមរីឆ្លាម ពណ៌ក្រហម ពុំមានស្លាកលេខ នៅចំណុចឃុំ​សណ្តាន់ ស្រុកសំបូរ ខណៈរថយន្តមួយគ្រឿង​នេះមានផ្ទុកឈើប្រណីតខុសច្បាប់ និងព្យាយាម​បើករត់​គេច ហើយសមត្ថកិច្ចបានឆែកឆេររក​ឃើញ​មាន​ផ្ទុកឈើគ្រញូងចំនួន៥ដុំធំ ស្មើនឹង​២២៣​គីឡូក្រាម។

ជុំវិញកិច្ចប្រតិបត្តិ​ការរបស់​កម្លាំង​សមត្ថ​កិច្ច​ទៅលើរថយន្តដឹកឈើល្មើសច្បាប់នេះ លោក​ព្រាប សុធារ៉ា នាយផ្នែករដ្ឋបាលព្រៃឈើ​ក្រចេះ​បានឱ្យដឹងថា ការចុះបង្រ្កាបបទ​ល្មើស​ដឹក​ជញ្ជូន​ឈើក្នុងដែនសមត្ថកិច្ច​របស់​លោក គឺធ្វើឡើង​ក្រោម​ការដឹកនាំ​របស់​ព្រះរាជអាជ្ញាអមសាលា​ដំបូងខេត្ត ដោយ​មាន​​​ការ​សហការ​​រវាង​កង​កម្លាំងប្រដាប់អាវុធ មានយោធា និងប៉េអឹម​ខេត្តរួមជាមួយមន្រ្តីផ្នែករដ្ឋបាលព្រៃ​ឈើ និង​តាមបណ្តាសង្កាត់ពាក់ព័ន្ធធ្វើ​ការចល័ត​តាម​ចំណុចភូមិសាស្រ្តចាប់ឃាត់រឹបអូសបានជា​បន្ត​បន្ទាប់។

លោកនាយផ្នែកបានបញ្ជាក់ថា ទោះបីជា​ក្នុងសកម្មភាពបង្រ្កាបនេះសមត្ថកិច្ចមិនបាន​​ចាប់ឃាត់ជនណាម្នាក់ក៏ពិតមែន តែជន​ដែល​ជាម្ចាស់រថយន្តនិងម្ចាស់ឈើនោះ គឺ​សមត្ថ​កិច្ចបាននិងកំពុងធ្វើការ​ស្រាវ​ជ្រាវ​រកអត្ត​សញ្ញាណ ដើម្បីមានវិធានការបន្តតាម​នីតិវិធី។ រីឯសម្ភារ​ជា​វត្ថុតាងទាំងអស់ដែល​បានពីការចាប់និងរឹបអូសនេះត្រូវបានរក្សា​ទុកនៅស្ថានីយ​បណ្តុះ​កូនឈើខ្សារ ស្ថិតក្នុងឃុំដារ ស្រុកចិត្រ​បុរី រង់ចាំមានវិធានការបន្តតាមផ្លូវច្បាប់ ៕