ខេត្តស្ទឹងត្រែង ៖ នគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋានខេត្តបានឃាត់ខ្លួនជនម្នាក់ និងម្នាក់ទៀតគេចខ្លួន ខណៈស្រវឹងស្រាវាយអ្នកដំណើរពីរនាក់បណ្តាលឱ្យម្នាក់សន្លប់ និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវសាច់ញាតិបញ្ជូនទៅមន្ទីរពេទ្យខេត្ត។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៥ និង២០នាទីល្ងាច ថ្ងៃទី២៦ ឧសភា ២០១១ ។
មន្ត្រីនគរបាលឱ្យដឹងថា បុរសពីរនាក់ ឈ្មោះព្រាប ប៊ុណ្ណា អាយុ៣៤ឆ្នាំ និងឈ្មោះមន ម៉េង អាយុ២០ឆ្នាំ ជាបងប្អូនថ្លៃនឹងគ្នា រស់នៅភូមិអូរខ្លុង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ជាកម្មករធ្វើចំការជិះម៉ូតូសេ១០០ពណ៌ព្រីងទុំ១គ្រឿងចេញពីស៊ីឈ្នួលបាញ់ថ្នាំស្មៅចំការ លុះពេលទៅដល់កន្លែងកើតហេតុជួបឈ្មោះគង់ គង្គា អាយុ៣០ឆ្នាំ ស្រុកកំណើតនៅភូមិស្វាយទាប ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ស្នាក់នៅបណ្តោះអាសន្នក្នុងភូមិអូរឈើទាល សង្កាត់រាជានុកូល និងមិត្តភក្តិម្នាក់ទៀត។ ឈ្មោះគង់ គង្គា នេះទើបមកពីប្រទេសថៃបានប្រហែលជា៥ទៅ៦ថ្ងៃប៉ុណ្ណោះ ហើយគេបានផឹកស្រាស្រវឹងដាបដើរពេញផ្លូវជាមួយមិត្តភក្តិម្នាក់ទៀត។
ប្រភពដដែលបន្តថា ដោយឃើញដើរទ្រេតទ្រោតពេញផ្លូវបែបនេះ បុរសទាំង២នាក់ជិះម៉ូតូគេចបណ្តាលឱ្យដួល ។ ជនរងគ្រោះធ្លោយមាត់ជេរមួយម៉ាត់ ព្រោះខឹងខ្លួនឯងជិះម៉ូតូដួល។ ខណៈនោះជនស្រវឹងទាំង២នាក់ស្រែកចោទក្រុមអ្នកដួលម៉ូតូថា ជេរពួកគេក៏ស្ទុះទៅកាច់ដំបងវាយឈ្មោះមន ម៉េងចំសៀតផ្កាខាងឆ្វេង បណ្តាលឱ្យសន្លប់នៅលើថ្នល់ និងតាមដេញវាយម្នាក់ទៀតឱ្យរងរបួសស្រាល។ អ្នករស់នៅជិតនោះ ឃើញបានទូរស័ព្ទឱ្យនគរបាលខេត្តទៅឃាត់ខ្លួនជនបង្កបានម្នាក់ ឯម្នាក់ទៀតគេចបាត់។ ជនម្នាក់ដែលឃាត់ខ្លួនបាននោះបញ្ចេញឫកពារក្រអឺតក្រទមដាក់នគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋានខេត្ត និងចំអកដាក់អ្នកយកព័ត៌មានថា «ចង់ថតៗឱ្យឆ្អែតទៅ តែកុំជេរម៉ែ»។ ជនទំនើងរូបនោះត្រូវសមត្ថកិច្ចឃុំខ្លួននៅក្នុងស្នងការដ្ឋានខេត្តរង់ចាំកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត ចំណែកជនរងគ្រោះកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ៕
ចែករំលែកព័តមាននេះ