ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេច​ផ្តន្ទាទោស​លើ​ស្រី​ស្អាត ម៉​ន សូលី​ដែ​ត ដាក់​ពន្ធនាគារ​២​ឆ្នាំ និង​តម្រូវ​ឱ្យ​សង​ប្រាក់វិញ​​​

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២៤ សា​លា​ដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សា​លក្រម​ផ្តន្ទាទោស​លើ​សំណុំរឿង​រំលោភ​លើ​ទំនុកចិត្ត ក្រោម​រូបភាព​បញ្ចុះបញ្ចូល​ធ្វើ​មន្ត​អាគមយក​មាស និង​ប្រាក់​ដុល្លារ​ពិតប្រាកដ ពេល​ប្រគល់​មក​វិញ​ជា​របស់​ក្លែងក្លាយ…

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២៤ សា​លា​ដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សា​លក្រម​ផ្តន្ទាទោស​លើ​សំណុំរឿង​រំលោភ​លើ​ទំនុកចិត្ត ក្រោម​រូបភាព​បញ្ចុះបញ្ចូល​ធ្វើ​មន្ត​អាគមយក​មាស និង​ប្រាក់​ដុល្លារ​ពិតប្រាកដ ពេល​ប្រគល់​មក​វិញ​ជា​របស់​ក្លែងក្លាយ ដែល​សាល​​ក្រម​បាន​ផ្តន្ទាទោស​ជនជាប់ចោទ​ដាក់​ពន្ធនាគារ​កំណត់​២​ឆ្នាំ តម្រូវ​ឲ្យ​សង​ប្រាក់​ទៅ​ដើម​បណ្តឹង​រដ្ឋប្បវេណី​ចំនួន​២៨៩ ១៧៩ ដុល្លារ​អា​មេ​រិ​ក និង​ពិន័យ​ចូល​រដ្ឋ​ចំនួន​១៦​លាន​រៀល ។ សាល​ក្រម​បាន​ទុក​សិទ្ធិ​ឲ្យ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ បើសិន​ភាគី​ណាមួយ​កើត​ទុក​មិន​សុខចិត្ត​ចំពោះ​ការ​កាត់ក្តី​នេះ ។

សូម​ជម្រាប​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២៤ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​លើក​យក​សំណុំរឿងឆបោក (​រំលោភ​លើ​ទំនុកចិត្ត​) មួយ​ករណី មក​បើក​សវនាការ​ជា​សាធារណៈ ដើម្បី​ផ្តន្ទាទោស​លើ​ជនជាប់ចោទ ដែល​សវនាការ​នោះ​ដឹកនាំ​ដោយ​លោក ហុ​ក ពៅ ចៅក្រម​ជំនុំជម្រះ និង​លោក ស៊ី​ន រក្សា ព្រះរាជ​អា​ជ​អាជ្ញា​រង ជា​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

នៅ​ចំពោះ​មុខ​អង្គ​សវនាការ​មាន​ជនជាប់ចោទ​ឈ្មោះ ម៉​ន សូលី​ដែ​ត ភេទ​ស្រី អាយុ​៣០ឆ្នាំ មុខរបរ ជា​អាជីវករ អម​មេធាវី​ការពារ​ក្តី រីឯ​ដើមបណ្តឹង​រដ្ឋប្បវេណី​មានឈ្មោះ វ៉ា សូលី​ដា ភេទ​ស្រី អាយុ ៣១ឆ្នាំ មុខរបរអ្នក​រកស៊ី (​ដើមបណ្តឹង និង​ជនជាប់ចោទ​ត្រូវជា​បងថ្លៃ និង​ប្អូនថ្លៃ​) ។ សវនាការ​បាន​​សាកសួរ​ដេញដោល​ទៅ​លើ​ជនជាប់ចោទ និង​ដើមបណ្តឹង​រដ្ឋប្បវេណី ដែល​មាន​មេធាវី​ការពារ​ក្តី​​រៀង​ខ្លួន​រហូត​ដល់ទី​បញ្ចប់ ទើប​ចៅក្រម​ជំនុំជម្រះ​បាន​លើក ពេល​ប្រកាស​សាលក្រម ផ្តន្ទា​ទោស​លើ​ជន​ជាប់​ទៅ​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២៤ នេះ ។

ប៉ុន្តែ​អ្វី​ដែល​សាធារណៈ​មានការ​ចាប់ អារម្មណ៍​នៅ​ក្នុង​អង្គ​សវនាការ​នោះ គេ​ពិនិត្យ​ឃើញ​ជន​ជាប់ចោទ​ពាក់​ពន្ធ​ករណីឆបោក ដែល​មាន​ទំ​ហ៊ុំ​ទឹកប្រាក់​ជិត​កន្លះ​លាន​ដុល្លារ​អា​មេ​រិ​ក បែរ​ជា​បង្ហូរទឹកភ្នែក​ឲ្យ​គេ​អាណិត ព្រមទាំង​បាន​សំណូមពរ​ឲ្យ​តុលាការ​ដោះ​រូបគេ​នៅ​ក្រៅ​ឃុំ ដើម្បី​មានឱកាស​រក​ប្រាក់​សង​ដើមបណ្តឹង​វិញ ។ តែ​ការ​សំណូមពរ​នេះ​ត្រូវ​បាន​ជន​រង​គ្រោះ​ប្រឆាំង​ដាច់អហង្កា​រមិន​យល់​ស្រប​ឡើយ ដោយ​យោង​ទៅ​លើ​ហេតុផល​ច្រើន​យ៉ាង ដែល​ជនជាប់ចោទ​មាន​ល្បិច​គេចវេស​តាំងពី​មិន​ទាន់​ត្រូវ​បាន​ចាប់ខ្លួន ។

ទាក់ទិន​និង​អង្គហេតុ​ក្នុង​សំណុំរឿង​.​រំលោភ​ទំនុកចិត្ត ដែល​តុលាការ​បាន​លើកយក​មក​បើក​សវនា​ការ​ពេល​នេះ ត្រូវ​បាន​គេ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ វ៉ា សុ​លី​ដា និង​ជន​ជាប់ ចោទ​ឈ្មោះ ម៉​ន សូលី​ដែ​ត ត្រូវជា​បងថ្លៃ​និង​ប្អូនថ្លៃ​តាំងពី​ឆ្នាំ​២០២០ បន្ទាប់​ពី​ឈ្មោះ ម៉​ន សូលី​ដែ​ត បាន​រៀប​ការ​ជាមួយ​ប្អូនប្រុស​ដើមបណ្តឹង​មក ពួក​គេ​បាន​ស្នាក់​នៅផ្ទះ​លេខ​២៤​បេ ផ្លូវ​លេខ​៩៩ ភូមិ​ឬ​ស្សី​១ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ក្នុងអំឡុងពេល​ស្នាក់​នៅ​ជាមួយ​គ្នា ឈ្មោះ ម៉​ន សូលី​ដែ​ត តែងតែ​និយាយ​ពី​រឿង​អបិយ​ជំនឿ​បាប់​បងថ្លៃ​ថា គាត់​(​ដើមបណ្តឹង​)​ជា​មនុស្ស​អភ័ព្វ​គូរ និង​រកស៊ី​មិន​សមប្រកប ហើយ​បើ​ចង់​កែប្រែ​វាសនា គេ (​ជនជាប់ចោទ​) បាន​ស្គាល់​លោកសង្ឃ​មួយ​អង្គ នៅ​ខេត្តតាកែវ ។ ឈ្មោះ ម៉​ន សូលី​ដែ​ត តែងតែ​និយាយ​ប្រើ​ល្បិច​អូស​ទាញ​ជន​រង​គ្រោះ​ឲ្យ​ជឿជាក់​លើ​ខ្លួន ដោយ​ប្រៀបធៀប​ទៅ​លើ​បុគ្គល​ដែល​រកស៊ី​ដោយ​ជោគជ័យ​មួយ​ចំនួន​នៅ​ក្នុងស្រុក​ខ្មែរ គឺ​ពួក​គាត់​សុទ្ធតែ​បាន​ទៅ​រក​លោកសង្ឃ​អង្គ​នោះ ឲ្យ​ជួយ​ធ្វើ​មន្ត​អា​គ​ម្ភ​អូ​ម​អាម ទើប​រកស៊ី​មានបាន​រហូត​ដល់​សព្វថ្ងៃ ។

ដោយ​មានការ​ជឿ​លើ​អបិយ​ជំនឿ និង​ទុកចិត្ត​ទាំងស្រុង​លើ​ឈ្មោះ ម៉​ន សូលី​ដែ​ត ជា​ប្អូនថ្លៃ ជន​រង​គ្រោះ​បាន​យល់ព្រម​ឲ្យ​ជួយ​ទាក់ទង​ទៅ​លោកសង្ឃ​នោះ ដើម្បី​ឲ្យ​ជួយ​ធ្វើ​កិច្ច​កែប្រែ​វាសនា​ឲ្យ​គាត់ ដើម្បី​ឲ្យ​រកស៊ី​កាត់​តែ​លូតលាស់​មានបាន​ទៅ​មុខ​ទៀត ។ ឈ្មោះ ម៉​ន សូលី​ដែ​ត បាន​ប្រាប់​ជន​រង​គ្រោះ​ទៀត​ថា រាល់​ការ​ទាក់ទង​ទៅ​ជាមួយ​លោកសង្ឃ គឺ​រូបគេ​ជា​អ្នក​ទាក់ទង​ផ្ទាល់ ដោយ​ហាម​មិន​ឲ្យ​ជន​រង​គ្រោះ​ទាក់ទង​ទេ ពោល​គឺ​ការងារ​ចាត់ចែង​អ្វី​ៗ ឈ្មោះ ម៉​ន សូលី​ដែ​ត អនុវត្ត​ផ្ទាល់​ទាំងអស់ ។

បន្ទាប់​មក​ទៀត ម៉​ន សូលី​ដែ​ត បាន​ប្រាប់​ជន​រង​គ្រោះ​ឲ្យ​វេ​លុយ​ផ្តល់​តាម​អា​ខោ​ន ABA ឈ្មោះ MORN SOLIDETH ជា​បន្តបន្ទាប់​សរុប​ទឹកប្រាក់ ២០៧.៥៧៩ ដុល្លារ​អា​មេ​រិ​ក ដើម្បី​យក​ទៅ​តម្កល់​កំណល់​”​ជើងព្រះ​” មាស ចំនួន​ពីរ​ដុំ​ទម្ងន់​២០ ដំឡឹង ស្មើ​ទឹកប្រាក់​ចំនួន ៤៧.០០០ ដុល្លារ​អា​មេ​រិ​ក សម្រាប់​តម្កល់​នៅ​ក្នុង​បន្ទប់​សមាធិ និង​តម្កល់​លុយ​សុទ្ធ​នៅ​ក្រោម​ខ្នើយ​របស់​ខ្លួន​(​ម៉​ន សូលី​ដែ​ត​)​សម្រាប់​ចម្លង​ដៃ​(​ចម្លង​កិច្ច​អបិយ​ជំនឿ​)​លើ​ទឹកប្រាក់​ចំនួន ៣៤.៦០០ ដុល្លារ​អា​មេ​រិ​ក ។

តាម​ពាក្យបណ្តឹង​បាន​បញ្ជាក់​ទៀត​ថា ក្រោយមក​ទៀត​ឈ្មោះ ម៉​ន សូលី​ដែ​ត តែងតែ​ល្បួង​លួង លោម​ជន​រង​គ្រោះ​ឲ្យ​ផ្តល់​លុយ​បន្ថែម ប៉ុន្តែ​ជន​រង​គ្រោះ​មានការ​សង្ស័យ និង​អស់ជំនឿ​ព្រោះ​នៅ​ពេល​ដាក់​លុយ​ឲ្យ​ម្តង​ៗ មិន​ដែល​ឃើញ​បាន​ផលប្រយោជន៍​មក​វិញ​ទេ ហើយ​ជន​រង​គ្រោះ​ក៏​បាន​ឈប់​បន្ត​ធ្វើ​កិច្ច​តទៅ​ទៀត ទើប​នៅ​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២៣ ជន​រង​គ្រោះ​បាន​សុំ​ដក​លុយ និង​មាស​យក​មក​វិញ ពេល​នោះ​ឈ្មោះ ម៉​ន សូលី​ដែ​ត បាន​ទៅ​កាយ​យក​មាស​ដែល​កប់​ក្នុង​បន្ទប់​សមាធិ​ន ស្រាប់តែ​ឃើញ​សុទ្ធតែ​មាស​ក្លែងក្លាយ​យក​មក​ប្រគល់​ឲ្យ​ជន​រង​គ្រោះ ឃើញ​ដូច្នោះ​ជន​រង​គ្រោះ​បាន​ឆោឡោ ទើប​ឈ្មោះ ម៉​ន សូលី​ដែ​ត និយាយ​ថា​រូបគេ​ជា​អ្នក​ទទួលខុសត្រូវ ។

លុះ​ព្រឹក​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៣ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​ជួ​អន្តរាគមន៍​ឆែកឆេរ​លើ​ឈ្មោះ ម៉​ន សូលី​ដែ​ត ស្រាប់តែ​ឃើញ​លុយ​ដុល្លារ និង​មាស​ក្លែងក្លាយ​ទាំងអស់ ទើប​សមត្ត​កិច្ច​នាំ​យក​ជនសង្ស័យ​ទៅ​ធ្វើការ​សាកសួរនិង​​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី ហើយ​ជនសង្ស័យ​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ព្រៃ​ស​ចាប់ពី​ពេល​នោះ ៕ ​

អត្ថបទសរសេរ ដោយ