ខេត្តកណ្តាល ៖ យុវជនម្នាក់ដែលសកម្មខាងលួចរបស់របរយកទៅលក់ឱ្យអេតចាយបានត្រូវប៉ូលិសប៉ុស្តិ៍តាក្តុលចាប់ខ្លួន ខណៈជននេះកំពុងធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងរបស់អ្នកភូមិចំនួន១២គ្រួសារកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែឧសភា នៅក្នុងភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ។ លោកកេត វ៉ាន់ថា នាយផ្នែកព្រហ្មទណ្ឌប៉ូលិសក្រុងតាខ្មៅបានឱ្យដឹងថា ជនដែលត្រូវចាប់ខ្លួននេះឈ្មោះសេង ម៉ាប់ អាយុ២០ឆ្នាំ ស្រុកកំណើតនៅភូមិស្លែងគង់ ឃុំកំពង់រាប ស្រុកព្រៃកប្បាសខេត្តតាកែវ មុខរបរ និងទីលំនៅមិនពិតប្រាកដ ហើយជននេះពីមុនធ្លាប់ត្រូវបានចាប់ខ្លួនបញ្ជូនទៅកាន់តុលាការម្តងរួចហើយ។
លោកនាយផ្នែកបានឱ្យដឹងទៀតថា នៅយប់កើតហេតុ ខណៈប៉ូលិសប៉ុស្តិ៍តាក្តុលល្បាតតាមភូមិសាស្ត្ររបស់ខ្លួនក៏ប្រទះឃើញជនសង្ស័យកំពុងធ្វើសកម្មភាព កាត់ខ្សែភ្លើងរបស់ប្រជាពលរដ្ឋ។ ពេលនោះប៉ូលិសដេញចាប់បាន និងរឹបអូសបានវត្ថុតាង គឺខ្សែភ្លើងចំនួន១២ខ្សែជារបស់ប្រជាពលរដ្ឋនៅភូមិតាក្តុល សង្កាត់តាក្តុល ចំនួន១២គ្រួសារ ក្នុងមួយខ្សែប្រវែង១៥ម៉ែត្រ និងជណ្តើរដែកមួយដែលជននេះលួចអ្នកភូមិយកមកឡើងលួចកាត់ខ្សែភ្លើង។
នៅចំពោះមុខសមត្ថកិច្ចប៉ូលិស ជនឈ្មោះសេង ម៉ាប់ បានសារភាពថា កន្លងមកខ្លួនធ្លាប់លួចសម្ភារប្រើប្រាស់អ្នកភូមិជាញឹកញាប់យកទៅលក់នៅកន្លែងទិញអេតចាយ។ នៅព្រឹកថ្ងៃទី២៧ ឧសភា ដដែលនោះម្ចាស់ខ្សែភ្លើងទាំង១២នាក់បានទៅដាក់ពាក្យបណ្តឹងនៅអធិការដ្ឋានក្រុងតាខ្មៅ ហើយប៉ូលិសក៏បានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ