ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស និង​គ្រូ នៅ​សាលា​បឋម​សិក្សា​ព្រែក​ទាល់ ត្អូញត្អែរ​ពី​ការ​លំបាក

10 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ វា​ពិតជា​មិន​ងាយស្រួល​នោះ​ទេ​ក្នុង​ការ​រស់នៅ ការ​ប្រកប​របរ​ជិ​ញ្ចឹ​ម​ជីវិត និង​ការ​រៀនសូត្រ​នៅ​លើ​ផ្ទៃ​ទឹក ។ ប្រជាពលរដ្ឋ​ដែល​មាន​លំនៅ​ឋាន​លើ​ទឹក​ស្ថិត​ក្នុងភូមិ​ព្រែក​ទាល់ ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង…

ខេត្តបាត់ដំបង ៖ វា​ពិតជា​មិន​ងាយស្រួល​នោះ​ទេ​ក្នុង​ការ​រស់នៅ ការ​ប្រកប​របរ​ជិ​ញ្ចឹ​ម​ជីវិត និង​ការ​រៀនសូត្រ​នៅ​លើ​ផ្ទៃ​ទឹក ។ ប្រជាពលរដ្ឋ​ដែល​មាន​លំនៅ​ឋាន​លើ​ទឹក​ស្ថិត​ក្នុងភូមិ​ព្រែក​ទាល់ ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ភាគច្រើន​ប្រកប​របរ​នេសាទ ព្រោះ​ពួក​គាត់​មិន​មាន​ដី​ធ្វើស្រែ​ទេ ។ កុមារ​ដែល​រស់នៅ​ទីនោះ​បាន​បោះបង់​ការ​សិក្សា​ច្រើន​ដោយសារ​តែ​បញ្ហា​ជីវភាព និង​ការ​ធ្វើ​ចំណាកស្រុក​ចុះឡើង​ទៅ​តាម​ចលនា​ទឹក​ឡើង​ចុះ ។

ភូមិ​ព្រែក​ទាល់ នៅ​ក្នុង​ខែមករា នេះ បើ​យើង​ធ្វើ​ដំណើរ​ដោយ​រថយន្ត​ពី​ទីក្រុង​សៀមរាប មក​ដល់​ចំណតទូក ត្រូវ​ប្រើ​រយៈពេល ១ ម៉ោង ហើយ​បន្ត​ជិះ​កាណូត រយៈពេល ១ ម៉ោង​ទៀត​ទើប​ទៅ​ដល់ ។ ពេល​យើង​ជិះ​កាណូត​ទៅ​ដល់ យើង​នឹង​បានឃើញ​សាលារៀន​ពីរ​ខ្នង​សង់​ពី​ថ្ម​មាន​កម្ពស់​ខ្ពស់សន្លឹម​ពី​ដី ដើម្បី​ការពារ​ពេល​រដូវ​ទឹក​ឡើង នោះ​គឺ​សាលា​បឋម​សិក្សា ព្រែក​ទាល់ ។ ទាំង​គ្រូ ទាំង​សិស្ស នៅ​ទីនោះ​បាន​ត្អូញត្អែរ​ពី​ការ​លំបាក​របស់​ខ្លួន​ទាក់ទង​ទៅ​និង​ការ​សិក្សា ដោយសារ​ខ្វះ​គ្រូបង្រៀន ខ្វះ​សម្ភារ​សិក្សា និង​មធ្យោបាយ​ធ្វើ​ដំណើរ​ទៅ​មក ដែល​ត្រូវ​ប្រើ​ទូក និង​កាណូត ។

នៅ​ថ្ងៃ​សម្រាក​ចុង​ស​ប្តា​ហ៍​ថ្ងៃ​ទី ២០ ខែមករា ឆ្នាំ ២០២៤ មកនេះ​សិស្ស​នៃ​សាលា​បឋម​សិក្សា ព្រែក​ទាល់ ជា​ច្រើន​នាក់​បាន​នាំ​គ្នា​មក​ធ្វើ​ពលកម្ម​នៅ​សាលារៀន​របស់​ខ្លួន ជាមួយ​គ្នា​នេះ​ប្អូនស្រី យូ​អី សិស្ស​ថ្នាក់​ទី ៦ បានឱ្យ​ដឹង​ថា ពិតជា​មានការ​លំបាក​ណាស់​ដោយសារ​ពេល​ខ្លះ​ពួក​យើង​ត្រូវ​លុយ​ទឹក​មក​សាលារៀន ហើយ​ពេល​ខ្លះ​ប្រលាក់​សម្លៀក​បំពាក់​អស់ ។ ដោយសារ​តែ​ការ​លំបាក​ទាំងនេះ ប្អូនស្រី​បាន​សំណូមពរ​ចង់ឱ្យ​មាន​ផ្លូវ​ដើរ​សម្រាប់​ខែ​ទឹក​ស្រក និង​មាន​ទូក​ជិះ​មក​រៀន​នៅ​ពេល​រដូវ​ទឹក​ឡើង ។

ដោយឡែក​ប្អូនប្រុស រក្សា និង ចាន់​ថន រៀន​ថ្នាក់​ទី ៦ នៅ​សាលា​ជាមួយ​គ្នា​នេះ ក៏​បានឱ្យ​ដឹង​ដែរ​ថា សព្វ​ថ្ងៃនេះ​ពួក​គេ​មានការ​លំបាក​ដោយសារ​ខ្វះខាត​សម្ភារ​សិក្សា និង​មធ្យោបាយ​ធ្វើ​ដំណើរ ។ រក្សា បញ្ជាក់​ថា សិស្ស​រួម​សាលា​របស់​ប្អូន ដោយសារ​តែ​បញ្ហា​ជីវភាព​មាន​អ្នក​បោះបង់​ការ​សិក្សា​ច្រើន ។

ទន្ទឹម​នោះ​អ្នកគ្រូ កែក ស្រី​សុខ បង្រៀន​សិស្ស​ថ្នាក់​ទី ៦ នៅ​សា​លាប​ថម​សិក្សា​ព្រែក​ទាល់ បានឱ្យ​ដឹង​ថា ផល​លំបាក​សម្រាប់​សិស្ស​នៅ​ទី​នេះ គឺ​កត្តា​ជីវភាព​ខ្សត់ខ្សោយ ដែល​នាំ​ឱ្យ​សិស្ស​មក​រៀនសូត្រ​មិន​បាន​ទៀត​ទាត់ ព្រោះ​ពួក​គាត់​រវល់​ជួយ​ការងារ​គ្រួសារ​ដូច​ជា​ការ​នេសាទ​ជាដើម ។ សម្រាប់​អ្នក​គ្រួ​ផ្ទាល់ គឺ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​មក​បង្រៀន​សិស្ស ដោយសារ​ខ្វះ​មធ្យោបាយ​ធ្វើ​ដំណើរ ។

ចំពោះ​អ្នកគ្រូ គុយ បូ​រី ដែល​បង្រៀន​សិស្ស​ថ្នាក់​ទី ១ រយៈពេល ១៣ ឆ្នាំ មក​ហើយ​នោះ បានឱ្យ​ដឹង​ដែរ​ថា បញ្ហា​ប្រឈម គឺ​នៅ​រដូវ​ទឹក​ឡើង​ដែល​បង្ក​ការ​លំបាក​ដល់​សិស្ស​ក្នុង​ការ​ធ្វើ​ដំណើរ ព្រោះ​នៅ​តាម​ព្រែក​មាន​កំប្លោក​ពេញ​តែ​ម្តង ណាមួយ​សិស្ស​ខ្លះ​អត់​មាន​មធ្យោបាយ​ធ្វើ​ដំណើរ​ដោយ​ខ្លួនឯង​ទេ គឺ​ដោយសារ​គេ ។

លោក វន ពិសី នាយក​សាលា​បឋម​សិក្សា ព្រែក​ទាល់ បានឱ្យ​ដឹង​ថា លា​សា​នេះ​មាន ៦ កម្រិត គឺ​ពី​ថ្នាក់​ទី ១ ដល់​ថ្នាក់​ទី ៦ និង​មាន ១០ ថ្នាក់ ហើយ​សាលា​ក៏​មាន​ម​តេ​យ្យ​សហ​គម​នៅ​ទី​នេះ​ផង​ដែរ ។ សាលា​មាន​សិស្ស​សរុប​ចំនួន ២៨០ នាក់​ក្នុង​នោះ​សិស្ស​ស្រី ១៣២ នាក់ មាន​គ្រូ ១០ នាក់ និង​គ្រូ​ស្ម័គ្រចិត្ត ១ នាក់​នៅ​កាន់​បណ្ណាល័យ ។ សាលា​នេះ​កសាង​ឡើង​នៅ​ក្នុង​ឆ្នាំ ២០១៩ ហើយ​សិស្ស​មក​រៀន​ក្នុង​សាលា​នេះ គឺ​មក​ពី​ភូមិ​ព្រែក​ទាល់ និង​ភូមិ​អន្លង់​តា​អួ ។ លោក​ថា សិស្ស​ដែល​មក​រៀន​នៅ​សាលា​នេះ គឺ​ធ្វើ​ដំណើរ​ដោយ​ទូក ។ សម្រាប់​ខែប្រាំង​សិស្ស​អាច​ដើរ​លើគោក​បាន​សម្រាប់​អ្នក​ក្បែរមាត់ច្រាំង​ជិត​ៗ​សាលា តែ​សម្រាប់​សិស្ស​ដែល​នៅ​ឆ្ងាយ​ប្រើ​ទូក​កាណូត​ដើម្បី​ធ្វើ​ដំណើរ ។

លោកនាយក​សាលា​បាន​សម្តែង​ពី​ក្តី​បារម្ភ​ដល់​សិស្ស​របស់​លោក​ក្នុង​រដូវវស្សា ព្រោះ​ភាគច្រើន​ជា​សិស្ស​តូច​ៗ​ដែល​ពួក​គេ​ជិះទូក​គ្នា​ច្រើន ខ្លាច​ជួប​បញ្ហា​លិច​ទូក​ជាដើម តែ​តាម​រយៈ​ជំនួយ​សាលា​បាន​ចែក​អាវ​ពោង​ទៅ​តាម​លទ្ធភាព​ជូន​សិស្ស​ដែល​ជិះ​កាណូត​គ្នា​ច្រើន ហើយ​ផ្ទះ​នៅ​ឆ្ងាយ​ពីសា​លា ។

លោកនាយក​សាលាបាន​ត្អូញត្អែរ​ថា សាលា​របស់​លោក​សព្វ​ថ្ងៃនេះ​ខ្វះ​គ្រូ ហើយ​បើ​អាច​លោក​បាន​សំណូមពរ​ទៅ​ដល់​រដ្ឋាភិបាល​ឱ្យ​គិតគូរ​ដល់​ការ​លំបាក​របស់​សាលា​ផង ព្រោះ​បើ​មិន​មាន​គ្រូ​ក្រប​ខណ្ឌ​ទេ ក៏​សូម​រើស​គ្រូ​កិច្ចសន្យា​បំ​បេ​ញ​បន្ថែម​ដល់​សាលា​របស់​លោក​ផង ។ តែ​ទោះជា​យ៉ាងណា​ក៏​ដោយ​លោក​បាន​បញ្ជាក់​ថា កន្លង​មក​មាន​អង្គការ AEA បាន​ជួយ​ឧបត្ថម្ភ​ផ្នែក​បណ្ណាល័យ និង​ម​តេ​យ្យ​សហ​គម និង​ជួយ​ផ្តល់​សៀវភៅ​ដល់​សិស្ស​ផង​ដែរ ។

លោក អេ​ង អឿ​ន មេ​ភូមិ​ព្រែក​ទាល់ បានឱ្យ​ដឹង​ដែរ​ថា ភូមិ​នេះ​មាន​ប្រជាពលរដ្ឋ​ចំនួន ៧០៤ គ្រួសារ​ដែល​មាន​លំនៅ​ឋាន​លើ​ផ្ទៃ​ទឹក ។ លោក​ថា នៅ​ក្នុងភូមិ​នេះ​មាន​សិស្ស​ប្រមាណ​ជា ៣០% បាន​បោះបង់​ការ​សិក្សា ដោយសារ​ជីវភាព​ខ្សត់ខ្សោយ គ្មាន​ទូក​ជិះ​មក​រៀន​នឹង​គេ ។ អ្នក​ភូមិ​នេះ​គ្មាន​ដី​ធ្វើស្រែ​ដូច​គេ​ទេ គឺ​មាន​តែ​ផល​នេសាទ​តែ​ប៉ុណ្ណោះ ពេល​នេសាទ​អត់​បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​គ្រួសារ​ធ្លាក់​ចុះ ។

លោក វន សំភាស់ នាយក​អង្គការ AEA ប្រចាំ​កម្ពុជា បានឱ្យ​ដឹង​ថា អង្គការ​បាន​សហការ​ជាមួយ​ក្រសួង​អប់រំ អ្នក​ពាក់ព័ន្ធ គឺ​បាន​ជួយ​សាលា​ជាង ១៥០០ សាលា មក​ហើយ ។ សាលា​បឋម​សិក្សា​ព្រែក​ទាល់ នេះ ជា​សាលា​មួយ​ក្នុង​ចំណោម​សាលា​ជា​ច្រើន​ទៀត​ដែល​ជា​សហ​គម​ជួប​ការ​លំបាក​ទាំង​គ្រូ និង​សិស្ស ដូច្នេះ​អង្គការ​បាន​ជួយ​ទាំង​សិស្ស ទាំង​គ្រួ និង​ទាំង​សាលា ។

លោក​បន្ត​ថា នៅ​ក្នុង​សហ​គម​នេះ​អង្គការ​ការ​បាន​ជួយ​ជាង ៥ ឆ្នាំ​មក​ហើយ ក្នុង​គោលបំណង​ជួយ​ឱ្យ​សិស្ស​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ក្នុង​ការ​រៀនសូត្រ និង​ជួយ​គ្រូ​ឱ្យ​ខិតខំ​ក្នុង​ការ​បង្រៀន​ដល់​សិស្ស ។ លោក​ថា នៅ​ទី​នេះ​អត្រា​នៃ​ការ​បោះបង់​ការ​សិ​ស្សា​មាន​កម្រិត​ខ្ពស់ ដោយសារ​តែ​ឪពុក​ម្តាយ​ធ្វើ​ចំណាកស្រុក ឬ​ក៏​ចល័ត​ភូមិ​ទៅ​តាម​ចលនា​នៃ​កម្រិត​ទឹក និង​មួយ​ចំនួន​ទៀត​ដោយសារ​ទទួល​បាន​ផល​នេសាទ​តិច​ពួក​គាត់​ត្រូវ​ឡើងគោក ដែល​នេះ​ជា​មូលហេតុ​នាំ​ឱ្យ​មានការ​បោះបង់​ការ​សិក្សា​ខ្ពស់ ដែល​យើង​ត្រូវ​យកចិត្តទុកដាក់​បន្ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ