រាជធានីភ្នំពេញ ៖ អ្នកលក់មាសនៅផ្សារច្បារអំពៅម្នាក់ ក្នុងចំណោម២នាក់ត្រូវចោរប្លន់ប្រដាប់អាវុធបាញ់ឱ្យរបួសជើងទាំងសងខាង ខណៈគាត់ទៅជជែកគ្នាលេងជាមួយអ្នកលក់មាសម្នាក់ទៀតដែលជាអ្នករាប់អានគ្នា ហើយពួកចោរបានប្រមូលយកគ្រឿងអលង្ការពីម្ចាស់តូបនោះមួយស្បោងធំគេចខ្លួនបាត់ដោយសុវត្ថិភាព បន្សល់ទុកភាពភ័យស្លន់ស្លោពីម្ចាស់តូប និងភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរខាងយ៉ាងខ្លាំង កាលពីវេលាម៉ោង៥និង៤០នាទីល្ងាចថ្ងៃទី២៨ ឧសភា ២០១១។
ស្ត្រីម្ចាស់តូបលក់មាសនេះឈ្មោះហួន ហួត អាយុ៦១ឆ្នាំ រងរបួសបែកក្បាលដោយសារពួកចោរវាយនឹងស្នាប់កាំភ្លើង ។ ម្ចាស់តូបរូបនេះបានឱ្យដឹងថា គ្រឿងអលង្ការរបស់គាត់មានមាស-ប្លាទីន និងលុយមួយចំនួនធំត្រូវចោរទាំង២នោះប្លន់យកទៅបាត់ហើយ ។ ចំណែកអ្នកលក់មាសម្នាក់ទៀតឈ្មោះកែ ផល អាយុ៤៧ឆ្នាំ ត្រូវពួកចោរបាញ់២គ្រាប់ ត្រូវជើង១គ្រាប់ ហើយធ្លាយបណ្តាលឱ្យរងរបួសជើងធ្ងន់ទាំងសងខាង។
មុនពេលកើតហេតុ បុរសអ្នកលក់មាសឈ្មោះកែ ផល នេះបានទៅជជែកគ្នាលេងជាមួយស្ត្រីអ្នកលក់មាសឈ្មោះហួន ហួត ដែលមានតូបលេខ១ កាច់ជ្រុងខាងត្បូងឆៀងខាងកើត ផ្លូវលេខ៦៦២ (ផ្សារច្បារអំពៅ) ស្ថិតក្នុងសង្កាត់ ច្បារអំពៅទី២ ខណ្ឌមានជ័យ ។ ខណៈអ្នកទាំង២កំពុងជជែកគ្នាពីរឿងទៅព្យាបាលជំងឺនៅប្រទេសវៀតណាមនោះ ស្រាប់តែពួកចោរ២នាក់ស្លៀកពាក់ស៊ីវិលជិះម៉ូតូម៉ាកដ្រីម C125 ពណ៌ខ្មៅ ពាក់មួកសុវត្ថិភាព មើលមុខមិនស្គាល់ បានចូលមកដកកាំភ្លើងភ្ជង់ប្លន់យកស្បោងដាក់គ្រឿងអលង្ការរបស់ស្ត្រីហួន ហួត ពេលនោះក៏មានការប្រតាយប្រតប់គ្នាបន្តិច ពួកចោរក៏វាយក្បាលស្ត្រីហួន ហួត មួយស្នាប់កាំភ្លើងបែកក្បាល ចំណែកឈ្មោះកែ ផល ត្រូវចោរបាញ់សំដៅជើង២គ្រាប់ ប៉ុន្តែត្រូវ១គ្រាប់ធ្លាយរបួសជើងទាំងសងខាងធ្ងន់ បន្ទាប់មកចោរបានគេចខ្លួនបាត់តែម្តង ៕
ចែករំលែកព័តមាននេះ