រដ្ឋាភិបាលយេម៉ែន និងពួកកុលសម្ព័ន្ធភ្នំប្រដាប់អាវុធដែលដឹកនាំដោយមេដឹកនាំក្រុមប្រឆាំងលោក Sheikh Sadia al-Ahmar កាលពីថ្ងៃទី២៨ ឧសភា កន្លងមក សម្រេចបានបទឈប់បាញ់បណ្តោះអាសន្នមួយដើម្បីបញ្ចប់ការប្រយុទ្ធគ្នានៅក្នុងរដ្ឋធានីដែលបណ្តាលឱ្យស្លាប់មនុស្ស១២៧នាក់ហើយ ។ បទឈប់បាញ់នេះជាកិច្ចព្រមព្រៀងមួយ ក្នុងនោះមានដូចជាការប្រគល់អគាររដ្ឋាភិបាលដែលកាន់កាប់ដោយពួកកុលសម្ព័ន្ធប្រដាប់អាវុធក្នុងអំឡុងពេលមានការប៉ះទង្គិចគ្នាទៅឱ្យអ្នកសម្របសម្រួល បន្ទាប់មកប្រគល់ទៅឱ្យរដ្ឋាភិបាល។
បទឈប់បាញ់នេះក៏តម្រូវឱ្យបញ្ចប់វត្តមានយោធាគ្រប់រូបភាពទាំងអស់ និងធ្វើឱ្យស្ថានការណ៍ក្នុងប្រទេសមានប្រក្រតីភាពឡើងវិញ ។ នេះបើតាមការរាយការណ៍ដោយបណ្តាញព័ត៌មានក្រុមប្រឆាំង ។ បទឈប់បាញ់នេះក៏ចែងផងដែរថា កងកម្លាំងរដ្ឋាភិបាលត្រូវតែបញ្ឈប់ការវាយប្រហារប្រឆាំងភូមិគ្រឹះរបស់លោក al-Ahmar ទៀត ។
ប៉ុន្តែសាក្សីគ្នានិយាយថា បើទោះជាមានបទឈប់បាញ់ក៏ដោយ ក៏បាញ់គ្នារប៉េះរប៉ោះនៅតែឮនៅតំបន់មួយចំនួនក្នុងប្រទេសយេម៉ែន កាលពីល្ងាចថ្ងៃទី២៨ ឧសភា នោះ ។ ទន្ទឹមនឹងនេះក្រុមដែលមានទំនាក់ទំនងជាមួយពួកអាល់កៃដាមានមូលដ្ឋាននៅប្រទេសយេម៉ែនកាលពីថ្ងៃទី២៨ ឧសភា បានប្រកាសថា ក្រុងមួយនៃខេត្ត Abyan របស់ប្រទេសយេម៉ែនជាទីក្រុង «អ៊ិស្លាមអេមីរ៉ាត» របស់ខ្លួន៕
ចែករំលែកព័តមាននេះ