ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​នឹង​មានរឿង​អ្វី​កើតឡើង ​ក្រោយ​ក្រុម​អធិ​ការកិច្ច​បញ្ចប់​ការ​ស៊ើបអង្កេតរឿងដីតំបន់៣​​?

3 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ក្រុម​អធិការកិច្ច​របស់​ក្រសួងមហាផ្ទៃ​ដែល​ចុះ​ស៊ើបអង្កេត​លើ​សំណុំរឿង​មន្ត្រី​យោធ​ភូមិ​ភាគ​ទី​៥ម្នាក់ ដែល​បាន​រំលោភ​ទន្ទ្រាន​យក​ដី​តំបន់​០៣ នៅ​ឃុំ​ជ្រៃ ស្រុក​មោងប្ញស្សី ថែម​ទាំង​បាន​ព្រមាន​ថា នឹង​ទម្លាយ​ឈ្មោះ​មន្ត្រី​នានា ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​ខ្លួន​ផង​នោះ ត្រូវ​បាន​បញ្ចប់​បេសកកម្ម​របស់​ខ្លួន​ហើយ…

ខេត្តបាត់ដំបង ៖ ក្រុម​អធិការកិច្ច​របស់​ក្រសួងមហាផ្ទៃ​ដែល​ចុះ​ស៊ើបអង្កេត​លើ​សំណុំរឿង​មន្ត្រី​យោធ​ភូមិ​ភាគ​ទី​៥ម្នាក់ ដែល​បាន​រំលោភ​ទន្ទ្រាន​យក​ដី​តំបន់​០៣ នៅ​ឃុំ​ជ្រៃ ស្រុក​មោងប្ញស្សី ថែម​ទាំង​បាន​ព្រមាន​ថា នឹង​ទម្លាយ​ឈ្មោះ​មន្ត្រី​នានា ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​ខ្លួន​ផង​នោះ ត្រូវ​បាន​បញ្ចប់​បេសកកម្ម​របស់​ខ្លួន​ហើយ កាលពី​ចុង​ស​ប្ដា​ហ៏​មុន​នេះ ដោយ​ស​ន្ស​ល់​ទុក​នូវ​ការ​ព្រូ​យ​បារម្ភ​របស់​សាមីខ្លួន​អំពី​ជោគវាសនា បើ​មាន​ចំណាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ខណៈ​លោក​ចៅហ្វាយស្រុក​នេះ ប​ដិ​សេ​ធ​ថា លោក​ពុំ​ជាប់​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​យោធា​ទន្ទ្រាន​យក​ដី​រដ្ឋ​នោះ​ទេ​។

បេសកកម្ម​ស៊ើប​អ​ង្កេត​ដែល​មាន​រយៈពេល​០៤​ថ្ងៃ​របស់​ក្រុម​អធិការកិច្ច​ក្រសួងមហាផ្ទៃ ចាប់ពី​ថ្ងៃ​ទី ១៥ ដល់​ថ្ងៃ​ទី១៩ មក​រា បាន​ធ្វើ​ឡើង​យ៉ាង​ល្អិតល្អន់ តាម​លំដាប់លំដោយ ដោយ​មាន​គោលដៅ​ស្វែងរក​កំហុសឆ្គង​របស់​លោកទេព ហន ជាមួយនឹងមន្ត្រី​យោធភូមិ​ភាគ​៥​ម្នាក់​ឈ្មោះ អ៊ី សេង​ហុង ដែល​ជាប់​ព័ន្ធ​នឹង​ការ​ទ​ទូល​សំណូក​សូកប៉ាន់ ជា​ថ្នូរ​នឹង​ការ​ផ្ដល់​ឪ​កាស​ឲ្យ​មន្ត្រី​យោធា​រូប​នេះ ឈូស​​​ឆាយ​ទន្ទ្រាន​យក​ដី​តំបន់​០៣ តាម​អំពើ​ចិត្ត​នៅ​ក្នុងភូមិ​សាស្ត្រ ឃុំ​ជ្រៃ ស្រុក​មោង​ឬស្សី ដែល​ជា​តំបន់ហាមឃាត់​ដោយ​ច្បាប់​។ ប៉ុន្តែ​លោក​អភិបាលស្រុក​រូប​នេះ​បាន​បដិសេធ​ថា លោក​មិន​ជាប់​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​យោធា​ទន្ទ្រាន​ដី​រដ្ឋ​ខាងលើ​នេះ​ទេ បើ​ទោះជា​មន្ត្រី​យោធា​នោះ​ប្រកាន់​ជំហរ​ចោទប្រកាន់​លោក​ចៅ​ហ្វាយ​ស្រុក​រូប​នេះ​ថា ធ្លាប់​ទ​ទួល​ប្រាក់​សំណូក និង​ដីស្រែ​ជា​ច្រើន​ហិក​តា​នៅ​តំបន់​០៣ពី​លោក​ក្ដី​។

អភិបាលស្រុក​មោងប្ញស្សី លោក ទេព ហន បាន​ឆ្លើយ​បំភ្លឺ​បែប​នេះ ជាមួយ​កោះសន្តិភាព កាលពី​ព្រឹក​ថ្ងៃ​ទី២៣ មក​រា ថា «​នៅ​ចំពោះ​មុខ​ក្រុមការងារ​ដែល​ចុះ​ធ្វើ​អធិការកិច្ច​ប៉ុន្មាន​ថ្ងៃមុន​នេះ ខ្ញុំ​បាន​ឆ្លើយ​ប្រាប់​គេ​អស់ហើយ គឺខ្ញុំ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ទ​ទួល​ប្រាក់​សំណូក ឬ ដីស្រែ​នៅ​តំបន់​០៣ ពី​លោក​អ៊ី សេង​ហុង ទេ សូ​ម្បី​មួយ​ម៉ែត្រការ៉េ​ក៏​ខ្ញុំ​គ្មាន​ដី​នៅ​តំបន់​០៣​នោះ​ដែរ​»​ ។ លោក ទេព ហន មិន​បាន​បរិយាយ​អ្វី​ច្រើន​ទេ ​ជុំវិញ​ការ​ចោទប្រកាន់​នេះ ហើយ​លោក​ក៏​មិន​បាន​និយាយ​ច្រើន​ពី​រឿង​ក្រុម​អធិការកិច្ច​សួរនាំ​លោក​ដែរ ដោយ​លោក​គ្រាន់តែ​បញ្ជាក់​ថា «​ខ្ញុំ​បាន​ឆ្លើយ​ប្រាប់​ក្រុម​អធិ​ការកិច្ច​នោះ​អស់ហើយ គឺខ្ញុំ​មិន​ដែល​មាន​ដី​នៅ​តំបន់​០៣​ទេ​»​។

​លោក​អភិបាលស្រុក​រូប​នេះ បាន​រំលឹក​ពី​ប្រវត្តិ​ដែល​លោក​កាន់​តំណែង​ជា​អភិបាលស្រុក​នេះ​បន្តិច​ក្នុង​បំណង​ជួយ​សម្រាល​បន្ទុក​ខ្លះ​ៗ ដូច្នេះ​ដែរ​​ថា «​បើ​តាម​ខ្ញុំ​ដឹង មន្ត្រី​យោធា​ឈ្មោះ អ៊ី សេង​ហុង នេះ​ បាន​ឈូស​ឆាយ​រំលោភ​យក​ដី​តំបន់​០៣​ខាងលើ​ ចាប់តាំងពី​អំឡុង​ឆ្នាំ​២០១៦ ឬ​ឆ្នាំ​២០១៧ មក​ម្ល៉េះ ហើយ​កាលនោះ​ ខ្ញុំ​នៅ​កាន់​តំណែង​ជា​អភិបាលស្រុក​រុក្ខ​គិរីនៅឡើយ​ទេ រហូត​ដល់​ឆ្នាំ​២០១៨ ទើប​ខ្ញុំ​ប្ដូរ​មក​កាន់​តំណែង​ជា​អភិបាលស្រុក​មោង​ប្ញ​ស្សី​។ ដូច្នេះ​ ខ្ញុំ​មក​មិន​ទាន់​សកម្មភាព​ឈូស​ឆាយដី​តំបន់​០៣ របស់​មន្ត្រី​យោធា​រូប​នេះ​ទេ​»​។

ដោយឡែក លោក អ៊ី សេង​ហុង ជា​មន្ត្រី​យោធា​ម្នាក់ ដែល​សំបូរ​ទៅ​ដោយ​រឿងអាស្រូវ​ដីធ្លី ហាក់​មិន​បាន​បដិសេធ​ទេ ចំពោះ​ការ​ចោទប្រកាន់​ថា លោក​បាន​ឈូស​ឆាយ​រំលោភ​យក​ដី​តំបន់​០៣ នៅ​ឃុំ​ជ្រៃ ស្រុក​មោង​ប្ញ​ស្សី ហើយ​លោក​ក៏​នៅ​តែ​ប្រកាន់​ជំហរ​ដែរ ដែល​លោក​បាន​អះអាង​ថា មាន​មន្ត្រី​មួយ​ចំនួន​ក្នុងស្រុក​មោងប្ញ​ស្សី ធ្លាប់​ទ​ទួល​បាន​ផល​ប្រ​យោ​ជ​ន៍​ពី​លោក (​ប្រាក់​និង​ដីស្រែ​)​។

លោក​បាន​ចង្អុល​ចំ​ៗ ជា​ពិសេស ​ទៅ​លើលោក ទេព ហន អភិបាលស្រុក​មោង​ប្ញ​ស្សី​តែ​ម្ដង ដែល​ថា «​ទ​ទូល​លុយ​ក៏​ច្រើន ដី​ក៏​ច្រើន​» បើ​ទោះជា​ពេល​នេះ លោក​អភិបាលស្រុក​រូប​នេះ បាន​ព្យាយាម​ឆ្លើយ​រលាស់ដៃ​ក្ដី​យករួចខ្លួន​ ។

លោក អ៊ី សេង​ហុង បាន​បំភ្លឺ​ប្រាប់​កោះសន្តិភាពនៅ​ព្រឹក​ថ្ងៃ​ទី ២៣ មក​រា នេះ​ថា លោក​ពិតជា​ធ្លាប់​បាន​ឲ្យ​លុយ​មួយ​ចំនួន និងដីស្រែ​ជា​ច្រើន​ហិក​តា​ទៅ​លោក​ទេព ហន ក្នុងអំឡុងពេល​លោក​កំពុង​ចាប់ផ្ដើម​ឈូស​ឆាយដី​តំបន់​០៣​នោះ ​។ លោក សេង​ហុង បាន​បញ្ជាក់​ថា ក្រោយ​ពី​រាជរដ្ឋាភិបាល​សើរ​រើ​រឿង​ដី​តំបន់​០៣ ស្រាប់តែ​ខាង​ជលផល និងលោក​អភិបាលស្រុក ធ្វើ​របាយ​ការ​ណ៍​ប្ដឹង​លោក​​ទៅ​តុលាការ​ដោយ​ចោទ​ថា លោក​បាន​កាន់កាប់​ដី​តំបន់​០៣ នេះ​ចំនួន​១៦,៨០​ហិកតា​។

ប៉ុន្តែ​មក​ដល់​ពេល​នេះ​ លោក​បាន​សម្រេច​ប្រគល់​ដី​ទាំង​អស់នោះ​ជូន​តុលាការ​អស់ហើយ ដើម្បី​បញ្ចប់រឿង តែ​ខាង​អធិការកិច្ចនៅ​តែ​ចុះ​សួរនាំ​បន្ត ដោយ​ផ្ដោត​ទៅ​លើ «​សារ​ជា​សំឡេងរបស់​លោកដែល​និយាយ​ពី​រឿង​អ្នក​ជាប់​ពាក់ព័ន្ធ​ជាមួយ​លោក​» ហើយ​លោក​ក៏​បាន​ទ​ទូល​ស្គាល់​ថា
«​សារ​ជា​សំឡេង​ដែល​បាន​បែកធ្លាយ​នោះ ពិតជា​សំឡេង​របស់ខ្ញុំ​មែន​»​។

សូម​រំលឹក​ថា ក្រោយ​ពី​ស្ថាប័ន​ជលផល និងអាជ្ញាធរ​ស្រុក​មោងប្ញស្សី ដាក់​ពាក្យបណ្ដឹង​ទៅ​តុលា​ការ ដោយ​ប្ដឹង​ចោទ​លោក អ៊ី សេង​ហុង ថា ឈូស​ឆាយ​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​លិច​ទឹក​នៅ​ក្នុង
​«​តំបន់​០៣» ទំ​ហំជាង​១៦​ហិក​តា នៅ​ក្នុង​អំឡុង​ខែឧសភា ឆ្នាំ​២០២៣ កន្លង​ទៅ លោក សេង​ហុង ហាក់​ខឹងសម្បារ ​និង​អ្នក​ប្ដឹង​នេះ​យ៉ាង​ខ្លាំង រហូត​ទ្រាំ​មិន​បាន​ក៏​បាន​និយាយ​ផ្ញើ​សារ​ជា​សំឡេង​ទៅ​កាន់​ប្រធាន​សហ​គម​ន៍ម្នាក់​នៅ​ក្នុង​មូលដ្ឋាន ដែល​សម្លេង​នេះ ត្រូវ​បាន​គេ​ចែករំលែក​ត​ៗ​គ្នា​តាម​ប្រព័ន្ធ​«​តេ​ឡេ​ក្រាម​» ដែល​មាន​ខ្លឹមសារ​ហែក​កេ​រ្ដិ៍មន្ត្រី​នានា ដែល​ធ្លាប់​ទ​ទួល​ផល​ប្រ​យោ​ជ​ន៍​ពី​លោក ហើយ​បែរជា​ប្ដឹង​លោក​ទៅ​តុលាការ​។ ជា​ពិសេស ​មន្ត្រី​យោធា​រូប​នេះ​ព្រមាន​ទម្លាយ​រឿង​សំណូក​សូកប៉ាន់ ​រវាង​រូប​លោកជាមួយ​លោក​អភិបាលស្រុក​មោង​ប្ញ​ស្សីតែ​ម្ដង​។

​លោក អ៊ី សេង​ហុង ត្រូវ​គេ​ស្គាល់​ថា លោក​ជា​មន្ត្រី​យោធភូមិ​ភាគ​ទី​៥ តែ​ការងារ​របស់​លោក ហាក់​មមារ​ញឹក​ខ្លាំង​បំផុត​រឿង​ប្រព្រឹត្ត «​ឈូស​ឆាយ​រំលោភ​យក​ដី​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣» ដែល​ជា​តំបន់​ហាមឃាត់​ដោយ​ច្បាប់ ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ។ ទីតាំង​ដែល​មន្ត្រី​រូប​នេះ រំលោភ​បំពាន​យក ត្រូវ​គេ​រាយ​ការ​ណ៏​ថា ភាគច្រើន​នៅ​ក្ន​ង​ភូមិសាស្ត្រ ឃុំ​ជ្រៃ ស្រុក​មោង​ប្ញ​ស្សី ដែល​ពេល​នេះ​កំពុង​ប្រឈម​នឹង​ផ្លូវច្បាប់​ផង​ដែរ​ ។

តាម​រយៈ​សារ​ជា​សំឡេង​ដែល​បាន​បែកធ្លាយ លោក អ៊ី សេង​ហុង ហាក់​បាន​ចង្អុលមុខ​ចំ​ៗ ចំពោះ​មន្ត្រី​មួយ​ចំនួន ដែល​បាន​រំលោភ​បំពាន​យក​ដី​តំបន់​៣ ជាមួយ​ខ្លួន​នា​ពេល​កន្លង​មក ។ ជា​ពិសេស​លោក ទេព ហន អភិបាលស្រុក​មោង​ប្ញ​ស្សី​តែ​ម្ដង ដែល​លោក​សេង​ហុង បាន​ចោទ​ថា «​បាន​ដី​ពី​លោក​ច្រើន​ហិច​តា​ហើយ ថែម​ទាំង​យក​លុយ​ពី​លោក​យ៉ាងច្រើន​ទៀត​»​។ នៅ​ក្នុង​សារ​ជា​សម្លេង​ដែល​គេ​ចែករំលែក​បន្ត​គ្នា​នោះ មន្ត្រី​យោធា​រូប​នេះ បាន​និយាយ​ក្នុង​ន័យ​ដើម​ថា « រឿង​ដី​នេះ​មុន​នឹង​ធ្វើ គឺ​តាម​រយៈ​អាជ្ញាធរ​ដែនដី​ទាំងអស់ ចឹ​ង​លោក​ហន (​ចៅហ្វាយស្រុក​) ក៏​ទ​ទូល​ផល​… លុយ​ផង ដី​ផង ទាំង​លោក​វ៉ា​ន់ លោក​អី​… ក៏​ទទួល​គ្រប់​គ្នា ។

បើ​និយាយ​ទៅ​ក្នុងស្រុក ទ​ទួល​គ្រប់​គ្នា​ទាំងអស់​។ ចឹ​ង​ការងារ ដែល​ខ្ញុំ​ចូល​តុលាការ បើសិន​គេ​សួរ​… ខ្ញុំ​ត្រូវ​តែ​និយាយ ត្រូវ​តែ​ឆ្លើយ​ទាំងអស់​។ ព្រោះ​លោក​ហន (​ចៅហ្វាយស្រុក​) យក​លុយ​ក៏​ច្រើន និង​យក​ដី​០៥​ហិច​តា​។ លោក​វ៉ា​ន់ ០៥​ហិច​តា ហើយ​ខ្ញុំ​ធ្វើ​ឲ្យ​ម៉ា​ស្អាត​ទាំងអស់​… ទើបបាន​ខ្ញុំ​សុខ​។ បើ​លោក​អស់ហ្នឹង​មិន​បាន​ទ​ទូល​ផល​ទេ គឺ​ខ្ញុំ​ធ្វើ​អត់​បាន​ទេ​។ ចឹ​ង​ការងារ​អស់នេះ​ខ្ញុំ​ត្រូវ​តែ​និយាយ​…»​។

​ខ្លឹមសារ​មួយ​ផ្នែក នៃ​សម្លេង​នោះ មន្ត្រី​យោធា​រូប​នេះ ត្រូវ​គេ​សន្និដ្ឋាន​ថា បាន​និយាយ​សំដៅ​ទៅ​កាន់​មនុស្ស​ម្នាក់ ដែល​លោក​ធ្លាប់​គោរព​យ៉ាង​ស្និត​ស្នាល​កន្លង​មក ក្នុង​ការ​ធ្វើ​ការងារ​រួម​គ្នា​កន្លង​មក​។​លោក សេង​ហុង បាន​លើក​ឡើង​ទៅ​កាន់​មនុស្ស​នោះ​ថា « ដូច​បង​… បង​ដឹង​ហើយ បង​ឯង​រាប់អាន​ជាមួយ​ខ្ញុំ តែ​ចុងកន្ទុយ​ឈ្មោះ​… បង​ឯង ទៅ​បំភ្លឺ​នៅ​ស្រុក អី​.. អី​.. ណា​ណី​..​។ ខ្ញុំ​ខំ​ស្រលាញ់​បង​ឯង ដូច​បង​បង្កើត មិន​គួរ​ណា​បង​ឯង​ទៅ​ធ្វើ​ចឹ​ង ? បង​ទៅ​ថត​ដី​ខ្ញុំ ថត​អី​..! ចំនួន​ប៉ុន្មាន​.. អី​ប៉ុន្មាន ? ក្រៅពី​ហ្នឹង​បង​ឯង​អត់​ទៅ​ថត​ទេ ? ចឹ​ង​ចាប់ពី​ថ្ងៃនេះ​ទៅ ដី​នៅ​កន្លែង​ណា អាណា​ធើ​អី​ៗ ទាំងអស់​.. ខ្ញុំ​នឹង​ទៅ​យក​ព័​ត៏​មាន​ទាំងអស់​..! ព្រោះ​ខ្ញុំ​នៅ​ភូមិភាគ​៥ ក្នុង​គណៈ​បញ្ជាការ​កងឯកភាព​ខេត្ត ភូមិភាគ​៥ ជា​អនុប្រធាន​… ខ្ញុំ​មិន​ដែល​និយាយ​អី​ទេ ធើ​ម៉េច​ឲ្យ​បាន​តែ​សុខ តែបើ​ខ្ញុំ​អត់​សុខ​ហើយ​ណា​… បងប្អូន​ទាំងអស់​ក៏​អត់​បាន​សុខ​ដែរ ខ្ញុំ​ចង់​និយាយ​ប្រាប់​បង​ចឹ​ង​..»​។

ជា​ចុង​ក្រោយ លោក អ៊ី សេង​ហុង បាន​រំលឹក​ប្រាប់ ទៅ​កាន់​មនុស្ស​ដែល​លោក​ធ្លាប់​គោរព​រាប់អាន ចាត់​ទុ​ជា​បង​នោះ​ទៀត​ថា «​ខ្ញុំ​.. ស្អី​ក៏​ដោយ ឲ្យ​តែ​បង​ខ្វះខាត​ស្អី​… ខ្ញុំ​ជួយ​បង​រហូត​..! ខ្ញុំ​មិន​ខ្លាច​បង​ទេ តែ​ខ្ញុំ​ជួយ​ការងារ ព្រោះ​ខ្ញុំ​ភូមិភាគ​៥ ខ្ញុំ​អត់​ត្រូវ​ខ្លាច​បង​ទេ តែ​នេះ​ជា​ការងារ​របស់ខ្ញុំ ដែល​ខ្ញុំ​ជួយ​បង នឹកឃើញ​ថា យើង​រាប់អាន​គ្នា ជៀសវាង​អីចេះ អីចុះ​..! តែ​ចុង​ក្រោយមក វា​នៅ​តែ​ដដែល​ៗ​ហ្នឹង ? ខ្ញុំ​ជួយ​បង​ឥត​ប្រ​យោ​ជ​ន៏​ហ្នឹង ?​» ។ នៅ​ក្នុង​រឿង​នេះ មន្ត្រី​ម្នាក់​បាន​ប្រាប់​ថា សម្លេង​បែក​ធ្លាយ​របស់​មន្ត្រី​យោធា​ឈ្មោះ អ៊ី សេង​ហុង ដែល​ស្ដាប់​ទៅ ទំនង​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ផង​នេះ បាន​និយាយ​តាម​ទូរស័ព្ទ ស្ដីបន្ទោស​ទៅ​លើ​មេ​សហ​គម​ន៏​ម្នាក់ កាល​ថ្ងៃ​ទី ២៤ ឧសភា ព្រោះតែ​ខឹង​មេ​សហគមន៍​នោះ នាំ​គ្នា​ទៅ​ថត​ដី​របស់​លោក​នៅ​តំបន់​៣ រួច​រាយ​ការ​ណ៏​ជូន​ថ្នាក់លើ ។

តាម​រយៈ​សម្លេង លោក អ៊ី សេង​ហុង បាន​ចោទ និង​ចង្អុល​ត្រង់​ៗ​ថា លោក ទេព ហន អភិបាល​ស្រុក​មោង​ប្ញ​ស្សី ក៏​ជា​អ្នក​ទ​ទូល​បាន​ផល​ប្រ​យោ​ជ​ន៏​ពី​លោក​ច្រើន​ក្រាស់ក្រែល​ដែរ ដោយ​ទ​ទូល​បាន​លុយ​យ៉ាងច្រើន​ផង និង ទ​ទូល​បាន​ទាំង​ដី​ចំនួន​០៥​ហិ​កតា​ពី​លោក​ថែម​ទៀត ។ ដោយឡែក​មន្ត្រី​នៅ​ស្រុក​នេះ​ដទៃ​ៗ​ទៀត ក៏​ទ​ទូល​បាន​អំណោយ​របៀប​ពុក​រលួយ​បែប​នេះ​ដូច​គ្នា​ដែរ​។

ពាក់ព័ន្ធ​នឹង​សារ​ជា​សំឡេង​របស់​លោក អ៊ី សេង​ហុង ខាងលើ​នេះ លោក​ទេព ហន អភិបាលស្រុក​មោង​ឬ​ស្សី បាន​បញ្ជាក់​ប្រាប់​កោះសន្តិភាព​ថា «​សម្លេង​ដែល​បាន​បែកធ្លាយ​និយាយ​ចោទប្រកាន់​លោក​នោះ គឺ ជា​សម្លេង​របស់​លោក អ៊ី សេង​ហុង ដែល​បាន​និយាយ​ទៅ​កាន់​ប្រធាន​សហ​គម​ន៏​ម្នាក់​​នៅ​ក្នុង​ឃុំ​ជ្រៃ​»​។ ប៉ុន្តែ​លោក​អភិបាលស្រុក​រូប​នេះ​បាន​បញ្ជាក់​បន្ថែម​ថា ចំពោះ​ការ​ចោទ​ប្រកាន់​របស់​លោក សេង​ហុង ដែល​ថា លោក​បាន​ទ​ទូល​លុយ​និង​ដីស្រែ​ពី​លោក​សេង​ហុង​នោះ គឺ ជា​រឿង​មិន​ពិត ហើយ​រឿង​នេះ​លោក​បាន​បកស្រាយ​ប្រាប់​ក្រុម​អធិការកិច្ច​អស់ហើយ​។

គេ​មិន​ទាន់​ដឹង​ថា តើ​ក្រុម​ស៊ើបអង្កេត​របស់​អធិការកិច្ច​ក្រសួងមហាផ្ទៃ​រក​ឃើញ​ភស្ដុ​តាង ឬ សាក្សី​ចង្អុល​ជាក់លាក់​បែប​ណាខ្លះ​ទេ ដើម្បី​ដាក់បន្ទុក​ទៅ​លើ​ជនសង្ស័យ​នានា ដែល​ជា​មុខសញ្ញា​ត្រូវ​សួរនាំ​ក្នុង​រយៈពេល​០៤​ថ្ងៃ​នោះ ? ប៉ុន្តែ​បើ​តាម​ប្រ​ភ​ព័​ត៏​មាន ដែល​កោះសន្តិភាព​ទ​ទូល​បាន​ក្រៅ​ផ្លូវការ​ក្នុងអំឡុងពេល​ស៊ើ​ង​អង្កេត គេ​រក​ឃើញ​ថា លោក​អភិបាលស្រុក​មោង​ឬ​ស្សី ធ្លាប់​ទ​ទូល​ប្រាក់​សំណូក​ពី​លោក​សេង​ហុង​ចំនួន​៥,០០០​ដុល្លា និង ដី​ចំនួន​៤០​ហិច​តា​ទៀត ទើប​លោក​សេង​ហុង សម្ងំ​ឈូស​ឆាយ​រំលោភ​យក​ដី​តំបន់​០៣ បង្កបង្កើន​ផល​បាន​សុខ​រហូត​មក​ដល់​ថ្ងៃ​ប្ដឹង​ទៅ​តុលាការ​។ ដោយឡែក​ មន្ត្រី​មួយ​ចំនួន នៅ​ស្ថាប័ន​ដទៃ​ៗ​ទៀត ក៏​មាន​ចំណែក​សូកប៉ាន់​នេះ​ពី​លោក​សេង​ហុង​ដែរ ​។

ប្រភព​ព័​ត៌មានបាន​បញ្ជាក់​ថា ក្រុម​ស៊ើបអង្កេត​បាន​កោះហៅ​មន្ត្រី​គ្រប់​លំ​ដាក់​ថ្នាក់​យក​មក​សួរនាំ ពាក់ព័ន្ធ​នឹង​សំណុំរឿង​លោក​សេង ​ហុង ​នេះ រាប់​ទាំង​ការ​ចុះ​សួរនាំ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន និង ចុះ​ពិនិត្យ​ដី​តំបន់​០៣ ដែល​គ្រប់គ្រង​ដោយ​លោក​ហុង​ផង​។ យ៉ាងណា​ក្ដី ពេល​នេះ​បេសកកម្ម​របស់​ក្រុម​អធិការកិច្ច ត្រូវ​បាន​បញ្ចប់​ហើយ កាលពី​ចុង​ស​ប្ដា​ហ៍ហើយ នៅឡើយ​តែ​លទ្ធផល ដែល​សាមី​ខ្លួន​ពាក់ព័ន្ធ​នឹង​រឿង​លេប​យក​ដី​តំបន់​៣ និង អ្នក​ទ​ទូល​សំណូក​សូកប៉ាន់ កំពុង​ដេក​គង​ថ្ងាស់​បុក​ពោះ ព្រោះ​ជោគវាសនា​ពេល​នេះ ប្រៀប​ដូច​«​អាប៉ោង​»​នៅ​ក្នុង​គ្រប មិនដឹង​ថា តើ​ចំណាត់ការ​បន្ត រាជរដ្ឋាភិបាល​នឹង​ត្រូវ​វះកាត់​ដូច​ម្ដេច ប្រសិនបើ​អធិការកិច្ច​រក​ឃើញ​ថា លោក​អភិបាលស្រុក​និង​មន្ត្រី​ពាក់ព័ន្ធ​ដទៃ​ទៀត​មាន​កំហុស ? ​​

អត្ថបទសរសេរ ដោយ