ទីក្រុងប៉េកាំង៖ ត្រឹមតែពីរថ្ងៃប៉ុណ្ណោះ ម្សិលមិញ និងថ្ងៃនេះ ប្រទេសចិនជួបនឹងគ្រោះធម្មជាតិផ្ទួនៗ។ ហេតុការណ៍បាក់ដីកាលពីព្រឹកម្សិលមិញកើតឡើងមិនបានប៉ុន្មានម៉ោងផង ស្រាប់តែមានគ្រោះរញ្ជួយដីកាលពីយប់មិញទៀត។ ជាដំបូង យើងសូមនាំអារម្មណ៍ប្រិយមិត្តមកតាមដានព័ត៌មានបច្ចុប្បន្នភាពពាក់ព័ន្ធនឹងហេតុការណ៍បាក់ដីនៅតំបន់ជម្រាលភ្នំនៃខេត្តយុនណាន។ នៅព្រឹកនេះ ក្រុមអ្នកជួយសង្គ្រោះប្រទះឃើញសាកសពជនរងគ្រោះបន្ថែមទៀត។ ដូចនេះ ចំនួនអ្នកស្លាប់សរុបកើនឡើងដល់១១នាក់។ ក្រៅពីនេះមនុស្ស៤៧នាក់ដែលកប់បាត់ឈឹងនៅក្នុងគំនរដីដ៏ក្រាស់នេះមិនទាន់រកឃើញនៅឡើយទេ។

ប្រធានាធិបតីចិន លោកស៊ីជីនពីង បញ្ជាទៅមន្ត្រីក្រោមឱវាទត្រូវតែខិតខំឱ្យអស់ពីសមត្ថភាពដោយប្រើប្រាស់មធ្យោបាយ និងវិធានការសរុបដើម្បីធ្វើយ៉ាងណាជួយសង្គ្រោះអាយុជីវិតរបស់មនុស្សឱ្យបានច្រើនតាមលទ្ធភាពដែលអាចធ្វើទៅបាន។ ដូច្នេះទោះបីស្ថិតនៅក្នុងបរិយាកាសត្រជាក់ និងការធ្លាក់ទឹកកកយ៉ាងណាក្ដី ក្រុមការងារត្រូវតែធ្វើការយ៉ាងដុតដៃដុតជើង។

លទ្ធផលស៊ើបអង្កេតបឋមបង្ហាញថាហេតុការណ៍បាក់ដីនេះបណ្ដាលមកពីការបាក់ចំណុចដែលចោទខ្លាំងពីទីខ្ពស់ ហើយធ្លាក់សង្កត់ទៅលើផ្ទះរបស់អ្នកស្រុកដែលស្ថិតនៅប៉ែកខាងក្រោម។ បរិមាណដីដែលបាក់ប្រហែល១០០ម៉ែត្រគុណនឹង៦០ម៉ែត្រ និងមានកម្រាស់ជាមធ្យម៦ម៉ែត្រ។ ក្រុមអ្នកជួយសង្គ្រោះប្រាប់ថាពួកគេត្រូវតែធ្វើការទាំងយប់ដើម្បីស្វែងរកមនុស្ស។ពួកគេកំពុងប្រញឹកដៃធ្វើការងារឥតហ៊ានឈប់សម្រាកទេ, ជួនកាលដើរកាត់គំនរបាក់បែកដែលគ្របដណ្ដប់ដោយទឹកកក។

ហេតុការណ៍រញ្ចួយដីកម្រិត៧,១រ៉ិចទ័រវាយប្រហារខេត្តស៊ីនជាំង
នៅពេលហេតុការណ៍បាក់ដីនេះកន្លងផុតទៅមិនដល់២៤ម៉ោងផង ប្រទេសចិនជួបនឹងគ្រោះធម្មជាតិមួយទៀត។ នោះគឺការរញ្ជួយដីកើតឡើងនៅតំបន់អ៊ូស៊ី (Whshi) ខេត្តស៊ីនជាំង នៅម៉ោង២ជិតភ្លឺ (ត្រូវនឹងម៉ោង៣ជិតភ្លឺនៅកម្ពុជា)។ ទូរទស្សន៍ស៊ីស៊ីធីវី (CCTV) ផ្សាយថាហេតុការណ៍នេះមិនបណ្ដាលឱ្យនរណាម្នាក់ស្លាប់ទេ ប៉ុន្តែធ្វើឱ្យខូចខាតផ្ទះរបស់អ្នកស្រុកមួយចំនួន និងដាច់ភ្លើងអគ្គិសនីនៅកន្លែងខ្លះ។ បើគេពិនិត្យឱ្យមែនទែនទៅ គ្រោះរញ្ជួយដីនេះមិនមែនតូចតាចទេកម្រិត៧,១រ៉ិចទ័រ។

ហេតុការណ៍នោះកើតឡើងចេញពីស្រទាប់ផែនដីជម្រៅ២២គីឡូម៉ែត្រស្ថិតនៅម្ដុំចន្លោះព្រំដែនប្រទេសចិន និងប្រទេសកឺកគីស្ថាន (Kyrgyzstan)។ អាជ្ញាធរថ្លែងមនុស្សយ៉ាងតិច៦នាក់រងរបួស ខណៈដែលផ្ទះ៤៧ខ្នងបាក់រលំ។ ក្នុងនោះ ផ្ទះ២ខ្នងត្រូវបំផ្លាញរាបដល់ដី។ ទីនេះជាតំបន់ព្រៃភ្នំដែលមានមនុស្សរស់នៅជាង២សែននាក់។ អាជ្ញាធរបានបញ្ជូនក្រុមអ្នកជួយសង្គ្រោះ២០០នាក់ទៅកន្លែងកើតហេតុដើម្បីជួយសម្រួលជីវភាពរស់នៅ និងដឹកជញ្ជូនពួកគេទៅកាន់ទីកន្លែងសុវត្ថិភាព។

ដោយឡែក ការដឹកជញ្ជូនតាមរថភ្លើងកាត់តំបន់នោះអាចដំណើរការជាធម្មតានៅម៉ោង៧ព្រឹកបន្ទាប់ពីពិនិត្យមើលទៅឃើញថាគ្មានបញ្ហាសម្រាប់រថភ្លើង និងផ្លូវដែកទេ។ ប៉ុន្តែមុននេះ រថភ្លើង២៣ខ្សែត្រូវផ្អាកការដឹកជញ្ជូន។ ប្រភពខ្លះផ្សាយថាមានការរញ្ជួយដីកម្រិត៣,០រ៉ិចទ័រ ឬលើសនេះចំនួន៤០ករណីកើតឡើងក្រោយការរញ្ជួយធំកម្រិត៧,១រ៉ិចទ័រនោះ។
ក្រុមការងារជួយសង្គ្រោះត្រៀមចុះទៅកន្លែងកើតហេតុអាជ្ញាធរកំពុងត្រៀមរបស់របរដើម្បជួយដោះស្រាយបញ្ហា។ ក្នុងនោះមានឡាន, ក្រុមការងារ និងសុនខ។ ក្រៅពីនេះ គេបានបញ្ជូនរបស់របរមួយចំនួនដើម្បីជួយសម្រួលជីវភាពប្រចាំថ្ងៃដែលមានដូចជា៖ កៅស៊ូតង់១ពាន់សម្រាប់, អាវរងា៥ពាន់កំផ្លេអាវ, ពូក និងកម្រាលពូក១ម៉ឺនសម្រាប់, គ្រែគេងដែលអាចបត់បែនបាន៥ពាន់គ្រែ និងចង្ក្រាន្តហ្គាស១ពាន់សម្រាប់៕
ប្រភព៖ BBC, The Associated Press, Kyodo, Xinhua
https://www.bbc.co.uk/news/world-asia-china-68065197
https://apnews.com/article/china-quake-xinjiang-kyrgyzstan-kazakhstan-48338716e604279d088a807f9770878e
https://english.kyodonews.net/news/2024/01/3658839901fe-m70-quake-jolts-chinas-far-western-xinjiang-region.html
https://english.news.cn/20240123/637a7e3a4fa046d6b0733779ff990c48/c.html
ក្រុមការងារជួយសង្គ្រោះត្រៀមចុះទៅកន្លែងកើតហេតុ
ចែករំលែកព័តមាននេះ