ម៉ុងសាយដែលជារបាំប្រពៃណីចិន ហើយតែងតែត្រូវគេឃើញជាប្រចាំនៅពេលរដូវចូលឆ្នាំប្រពៃណីជនជាតិចិននោះ គឺជារបាំប្រពៃណីនាំសំណាងរបស់ជនជាតិចិន ប៉ុន្តែត្រូវដឹងថា រាល់ការលោ.ត និងសម្តែងនៅតាមផ្ទះ និងតាមទីកន្លែងនានា គឺមិនមែនជាការសម្តែងដោយមិនគិតប្រាក់នោះឡើយ ។ វាថែមទាំងមានតម្លៃថ្លៃទៀតផង ។

ពាក់ព័ន្ធនឹងរបាំប្រពៃណីជនជាតិចិននេះ លោក ឃឹម ប៊ុនណា អាយុ៣៩ឆ្នាំ គ្រូបង្វឹកនៅសាលាម៉ុងសាយទាជីវ បានអោយកម្មវិធីលុយនៃសារព័ត៌មានកោះសន្តិភាពដឹងថា រាល់ការអញ្ជើញក្រុមម៉ុងសាយទៅសម្តែងនៅតាមផ្ទះតាមក្រុមហ៊ុនថ្លៃបំផុត គឺនៅថ្ងៃទី១ ហើយបន្ទាប់មកតម្លៃនេះក៏បានចុះជាបន្តបន្ទាប់ ។
លោកបានបញ្ជាក់ឲ្យដឹងថា «បើនិយាយពីថ្ងៃចូលឆ្នាំ (ចូលឆ្នាំចិន) យើងលោ.តប្រហែលជាមួយអាទិត្យ ក៏ប៉ុន្តែថ្ងៃដែលយើងលោ.តតាមផ្ទះក្នុងមួយថ្ងៃ អាចចូល១៥ទៅ២០ខ្នងផ្ទះនៅក្នុងមួយថ្ងៃ ហើយតម្លៃក៏ថ្លៃទៅតាមនោះដែរ គឺថ្ងៃទី១ មួយផ្ទះអាចត្រូវចំណាយពី៨០០០ទៅ១ម៉ឺនដុល្លារ បន្ទាប់មកវាក៏ចុះមក ៤ពាន់ទៅ៣ពាន់ដុល្លារជាបន្តបន្ទាប់» ។

លោក ឃឹម ប៊ុនណា បន្តថា ក្រៅពីចូលឆ្នាំរបាំម៉ុងសាយពេលណាក៏អាចសម្តែងបាន ឧទាហរណ៍ការសម្ពោធហាងថ្មី ឡើងគេហដ្ឋានថ្មី ឬជប់លៀង កម្មវិធីណាមួយម៉ុងសាយ អាចសម្តែងបានដោយមិនប្រកាន់ពេលវេលា ទីកន្លែងនោះទេ ប៉ុន្តែសម្រាប់ថ្ងៃចូលឆ្នាំថ្មីចិនវិញនោះម៉ុងសាយអាចសម្តែងគិតចាប់ពីថ្ងៃសែនទៅ ។ លោក ឃឹម ប៊ុនណា បន្ថែមថា «តម្លៃនេះ គឺសរុបមួយកញ្ចប់ដោយមាននាគ មានស្គរ មានលោ.តដែក លោ.តដែកពីរ និងលោ.តដែកវែង» ។

លោក ឃឹម ប៊ុនណា បន្តថា នៅតាមការសម្តែងម្តងៗ គឺយើងកំណត់តម្លៃទៅតាមចំនួនម៉ុងសាយ និងក្បាលនាគ ហើយតម្លៃនេះ គឺអាស្រ័យលើតម្រូវការរបស់អតិថិជនចង់បាន ។ លោក ឃឹម ប៊ុនណា បន្តថា តាមទំនៀមម៉ុងសាយត្រូវបានចាត់តាំងឡើង ដើម្បីសម្តែងនៅឱកាសថ្ងៃចូលឆ្នាំថ្មីសំដៅពាំនាំនូវបំណងប្រាថ្នារបស់ម្ចាស់ផ្ទះ និងសហគមន៍ ដើម្បីឲ្យពួកគេទទួលសុខដុមរមនា មានលាភសំណាង សំបូររុងរឿង និងសុំឲ្យឆ្នាំថ្មីអាកាសធាតុ អំណោយផល ប្រទេសជាតិ និងប្រជាជនមានសន្តិភាព និងសុខស្រួល ។
លោក ឃឹម ប៊ុនណា បន្ថែមថា ក្រៅពីបុណ្យចូលឆ្នាំថ្មី ម៉ុងសាយក៏អាចត្រូវបានគេអញ្ជើញទៅសំដែងនៅពិធីសំខាន់ៗដូចជា សម្ពោធក្រុមហ៊ុន ឡើងគេហដ្ឋានថ្មី ឡើងអ្នកតាចិនជាដើម ដើម្បីនាំលាភសំណាងនិងជោគជ័យទៅតាមជំនឿ ។

តាមឯកសារដែលគេបានចងក្រងមក ម៉ុងសាយនេះ គឺជារបាំប្រពៃណីដ៏សំខាន់បំផុតមួយដែលមានដើមកំណើតនៅប្រទេសចិន នៅក្នុងអំឡុង ឆ្នាំ២០២ មុនគ.ស ។ នៅក្នុងវប្បធម៌ចិន ម៉ុងសាយ ឬសត្វតោនេះតំណាងឱ្យឫទ្ធាអំណាច ប្រាជ្ញា និងឧត្តមភាព ។ ប្រជាជនជឿថា ការលោ.តម៉ុងសាយ គឺដើម្បីនាំលាភសំណាង និងជឿថា អាចដេញវិញ្ញាណអាក្រក់ ព្រមទាំងនាំមកនូវភាពរុងរឿង និងសំណាងល្អសម្រាប់ឆ្នាំខាងមុខនេះ ៕ ដោយ ស និត

ចែករំលែកព័តមាននេះ