រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មនាព្រឹកថ្ងៃពុធបានជំរុញឱ្យបណ្តាប្រទេសឧស្សាហកម្មនានាជួយដល់ប្រទេសក្រីក្រ តាមការសន្យារបស់ខ្លួនទាក់ទងនឹងផលវិបាក បណ្តាលមកពីការបម្រែបម្រួលអាកាសធាតុ ។
លោកអ៊ិត ណូឌី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ក្នុងវេទិកាវិស័យកសិកម្ម និងការបម្រែបម្រួលអាកាសធាតុនារាជធានីភ្នំពេញថា បញ្ហាបម្រែបម្រួលអាកាសធាតុបណ្តាលមកពីបណ្តាប្រទេសមានឧស្សាហកម្មជឿនលឿន ហេតុនេះយើងត្រូវរួមគ្នាធ្វើកិច្ចការនេះ ហើយប្រទេសក្រីក្រដូចជាកម្ពុជាបានរងផលប៉ះពាល់យ៉ាងច្រើន បណ្តាលមកពីការប្រែប្រួលអាកាសធាតុ ដែលការបម្រែបម្រួលនេះ បណ្តាលមកពី សកម្មភាពរបស់មនុស្ស ដូចជាការកាប់បំផ្លាញព្រៃឈើ ការប្រើប្រាស់ថ្នាំ ឬជីកសិកម្ម ការកាប់ ព្រៃលិចទឹក ដែលបណ្តាលឱ្យមានចំហាយឧស្ម័នកាបូនិកជាហេតុនាំឱ្យប៉ះពាល់ដោយផ្ទាល់ និងប្រយោលដល់ជីវិតមនុស្ស និងសត្វ ។
លោកបានមានប្រសាសន៍ថា «ដូច្នេះប្រទេសឧស្សាហកម្មធំៗ ត្រូវធ្វើតាមការសន្យារបស់ខ្លួន ដើម្បីជួយដល់បណ្តាប្រទេសក្រីក្រនានា ដើម្បីទប់ស្កាត់បញ្ហាបម្រែបម្រួលអាកាសធាតុ ។ ប្រទេសក្រីក្រដូចជាកម្ពុជា បានរងគ្រោះដោយសារប្រទេសធំៗទាំងនោះ» ។ លោកបន្ថែមថា «កម្ពុជាបានធ្វើការងារយ៉ាងច្រើន ដើម្បីកាត់បន្ថយផលប៉ះពាល់ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ដោយយើងបានបណ្តុះបណ្តាលកសិករឱ្យមានជំនាញ និងគំនិតច្នៃប្រឌិតថ្មីៗជាច្រើនទាក់ទងបញ្ហានេះ» ។
លោកអ៊ិត ណូឌី បានបន្តថា គម្រោងកាត់បន្ថយផលប៉ះពាល់បណ្តាលមកពីការប្រែប្រួលអាកាសធាតុ ដែលមានជំនួយពីសហគមន៍អឺរ៉ុបតាមរយៈអង្គការស្បៀង និងកសិកម្មអង្គការសហប្រជាជាតិនេះ បានផ្តល់ប្រយោជន៍យ៉ាងច្រើនដល់កសិកម្ម ដោយប្រជាកសិករចំនួន៥០.០០០គ្រួសារ នៅក្នុងខេត្តចំនួន១០ បានទទួលអត្ថប្រយោជន៍ពីគម្រោងនេះ ។
លោកអាជេ ម៉ាកាន់ដេយ (Ajay Markanday) តំណាងអង្គការស្បៀង និងកសិកម្មសហប្រជាជាតិប្រចាំកម្ពុជា FAO បានមានប្រសាសន៍ថា ការប្រែប្រួលអាកាសធាតុជាបាតុភូតធម្មជាតិមួយ ដែលបណ្តាលឱ្យប៉ះពាល់ដល់ជីវិតរស់នៅរបស់ប្រជាជនទាំងក្នុងប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍។ ប៉ុន្តែប្រជាជនរស់នៅប្រទេសកំពុងអភិវឌ្ឍន៍ ដែលកំពុងរស់នៅក្នុងភាពក្រីក្រ បាននិងកំពុងរងគ្រោះខ្លាំងជាងគេ ទាក់ទងពីបញ្ហាសន្តិសុខស្បៀង ដែលបញ្ហានេះមិនអាចប្រទេសណាមួយត្រូវធ្វើតែម្នាក់ឯង ទទួលខុសត្រូវតែឯងនោះទេ គឺយើងត្រូវការឱ្យមានការទទួលខុសត្រូវរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងបញ្ហាបម្រែបម្រួលអាកាសធាតុនាពេលនេះ ៕
ចែករំលែកព័តមាននេះ