ខេត្តព្រះសីហនុ ៖ បុរសជាថៅកែទូកនេសាទម្នាក់បានត្រូវសមត្ថកិច្ចប៉ូលិសនៃស្នងការដ្ឋានខេត្តឃាត់ខ្លួនកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៤ ឧសភា តាមការឯកភាពពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ។ ថៅកែទូកនេសាទម្នាក់នេះឈ្មោះធិម និមល អាយុ៣១ឆ្នាំ មានទីលំនៅក្នុងក្រុម២២ ភូមិ៣ (តំបន់ទំនប់រលក) សង្កាត់លេខ៣ ក្រុងព្រះសីហនុ ជាប់ចោទពីបទផ្តល់ជំនួយដល់ចារីក្នុងបទល្មើសមនុស្សឃាតដោយចេតនាកាលពីថ្ងៃទី៩ ឧសភា នៅក្រុមទី២៩ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចប៉ូលិសបានឱ្យដឹងថា ករណីមនុស្សឃាតមួយបានកើតឡើងនៅថ្ងៃទី៩ ឧសភា បណ្តាលឱ្យយុវជនម្នាក់ឈ្មោះលិន ញក់ អាយុ២០ឆ្នាំ មានទីលំនៅក្នុងក្រុមទី៣ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ស្លាប់បាត់បង់ជីវិតពេលនាំមកសង្គ្រោះនៅមន្ទីរពេទ្យចម្ការចេកខេត្ត ។ ហេតុការណ៍នេះបង្កឡើងដោយយុវជន៥នាក់ រួមមាន១-ឈ្មោះប្រាក់ វ៉ាន់ដា អាយុ២២ឆ្នាំ (ចាប់ខ្លួនថ្ងៃទី៩ ឧសភា ២០១១) ២-ឈ្មោះចាន់ ទ្រា ហៅស៊ី អាយុ២២ឆ្នាំ (ចាប់ខ្លួនថ្ងៃទី៩ ឧសភា ២០១១) ៣-ឈ្មោះគីរដ្ឋា អាយុ២០ឆ្នាំ (គេចខ្លួន) ៤-ឈ្មោះឌីង អាយុ២០ឆ្នាំ (គេចខ្លួន) និង៥-ឈ្មោះចិត្ត អាយុ២៥ឆ្នាំ (គេចខ្លួន) ។
ជនទាំង៥នាក់ជាកម្មករទូក ហើយក្រោយពីធ្វើសកម្មភាពរួចក៏រត់ទៅពួនលាក់ខ្លួននៅផែរបស់ឈ្មោះធិម និមល ចំនួន៣នាក់ ។ បន្ទាប់មកដោយមានព័ត៌មានពីប្រជាពលរដ្ឋ សមត្ថកិច្ចក៏សុំឈ្មោះធិម និមល ធ្វើការឆែកឆេររកជនល្មើស ឈ្មោះនេះមិនអនុញ្ញាតឱ្យសមត្ថកិច្ចចូលឆែកឆេរឡើយ ទើបតែថ្ងៃទី២៤ ឧសភា តុលាការសម្រេចចេញដីកាកោះហៅឈ្មោះធិម និមល ឱ្យចូលខ្លួននិងឃាត់ខ្លួនតែម្តង ។ បច្ចុប្បន្នបុរសឈ្មោះធិម និមល នេះដែលជាប់ពាក់ព័ន្ធពីបទមនុស្សឃាត ត្រូវបានសមត្ថកិច្ចប៉ូលិសកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ៕
ចែករំលែកព័តមាននេះ