ខេត្តកំពង់ចាម ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានសហការជាមួយកម្លាំងនគរបាលស្រុកត្បូងឃ្មុំ ដើម្បីបើកកិច្ចសហប្រតិបត្តិការបង្រ្កាប ក្រុមចែកចាយគ្រឿងញៀន បានមួយសំបុកមានគ្នា៥នាក់ កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៥ ឧសភា ឆ្នាំ២០១១ នៅក្នុងភូមិ៥ ឃុំជប់ ដោយដកហូតថ្នាំញៀនក្រាមពណ៌.ស ប្រភេទមេតំ ហ្វេតាមីនចំនួន៤៣កញ្ចប់ បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត។
តាមសេចក្តីរាយការណ៍ពីលោក អនុសេនីយ៍ឯក ឡុង សារិន អធិការរងនគរបាល ស្រុកត្បូងឃ្មុំ ទទួលផែនព្រហ្មទណ្ឌបានឱ្យដឹងថា ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ត្រី នួន សាមិន ស្នងការនគរបាលខេត្ត និងលោកវរសេនីយ៍ឯកជឹម សេងហុង ស្នងការរងនគរបាលខេត្ត ទទួលផែនកណ្តាលយុត្តិធម៌ ក្នុងវិធានការបង្ក្រាប និងទប់ស្កាត់បទល្មើសគ្រឿងញៀន ដែលបានលួចធ្វើចរាចរណ៍ឆ្លងកាត់ខេត្តកំពង់ចាម។
លោកអធិការរងនគរបាលស្រុកត្បូងឃ្មុំបានបន្តថា ប្រជាពលរដ្ឋបានឃើញ ម៉ូតូចំនួន២គ្រឿងជិះចូលផ្ទះរបស់ឈ្មោះ មី សុភា ភេទប្រុស អាយុ២៣ រស់នៅភូមិ៥ ឃុំជប់ ស្រុកត្បូងឃ្មុំវេលាម៉ោងខាងលើដើម្បីជក់ថ្នាំ ញៀនហើយក៏រាយការណ៍មកកាន់កម្លាំងសមត្ថកិច្ច ទើបឈានដល់បង្រ្កាបជាបន្ទាន់បានជនសង្ស័យចំនួន៥នាក់ រួមមាន ១-ឈ្មោះឌីរ៉ាត់ ម៉ារិន ហៅអ៊ូយ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិ៥ ឃុំជប់ ២-ឈ្មោះម៉ី សុភា ៣-ឈ្មោះ អ៊ាង វ៉ានណូ ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិ៥ ឃុំជប់ ៤-រឿន ចំរុង ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិ៦ ឃុំជប់ ស្រុកត្បូងឃ្មុំ និង៥-ឈ្មោះឃីន ចាន់ណាក់។ ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចដកហូតបានថ្នាំ ញៀនចំនួន៤៣កញ្ចប់តូច។
តាមរយៈការឆ្លើយសារភាពរបស់ឈ្មោះណូ និងឈ្មោះអ៊ូយ ថា ថ្នាំញៀនទាំងនេះពួកគេ បានទិញពីឈ្មោះ ឃីន ចាន់ណាក់ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិ៦ ឃុំជប់។ បន្ទាប់មកដោយការសហការជាមួយនឹងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តនៅវេលាម៉ោងជាង៤រសៀលថ្ងៃដដែលនោះ សមត្ថកិច្ចក៏ចុះទៅឆែកឆេរផ្ទះរបស់ឈ្មោះណាក់ ទៀត តែមិនបានរឹបអូសថ្នាំញៀនទេ។ លោកវរសេនីយ៍ត្រី សោម រស់ ប្រធានការិយាល័យប្រឆ្នាំងគ្រឿងញៀនខេត្តបានបញ្ជាក់ថា ក្នុងចំណោមមនុស្សទាំង៥នាក់ មានម្នាក់ឈ្មោះ អ៊ូយ ដែលមានដីកាចាប់ខ្លួនលេខ២៣៥ ចុះថ្ងៃទី២៤ ឧសភា ឆ្នាំ ២០១១ ដោយលោក ទិត សុទ្ធី ប្រធានសាលាដំបូងខេត្ត ចោទប្រកាន់ពីបទជួញដូរគ្រឿងញៀនខុសច្បាប់ប្រព្រឹត្តនៅភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម កាលពីថ្ងៃទី១៧ មេសា ឆ្នាំ ២០១១ កន្លងមក។
សូមបញ្ជាក់ថា ជនសង្ស័យឈ្មោះ ចាន់ ណាក់ ត្រូវបានប្រពន្ធវាយត្រូវចិញ្ចើមឡើងរយះហូរឈាមមុនពេលចាប់ខ្លួន២ថ្ងៃ ព្រោះតែខឹងជននេះដើរផឹកស៊ី និងជក់គ្រឿងញៀននិយាយមិនស្តាប់ ។ លោកវេសេនីយ៍ត្រី សោម រស់ បានបញ្ជាក់ថា ជនទាំង៥នាក់នេះ ត្រូវបានបំពេញសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់រួចរាល់ហើយ៕
ចែករំលែកព័តមាននេះ