ខេត្តព្រះសីហនុ ៖ លោកវរសេនីយ៍ឯកខូវ លី អនុប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននរបាលជាតិក្រសួងមហាផ្ទៃ បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានកាលពីយប់ថ្ងៃទី២៥ ឧសភា កន្លងមកនេះថា គ្រោះថ្នាក់ចរាចរណ៍នៅតាមបណ្តោយផ្លូវជាតិលេខ៤ ដែលភាគច្រើនបង្កឡើងដោយរថយន្តកុងតឺន័រនោះ បច្ចុប្បន្នបានថយចុះពុំឃើញមានកើតឡើងទៀតទេ នៅក្នុងខែឧសភានេះ ។ ការថយចុះនេះកើតឡើងក្រោយពីសមត្ថកិច្ចចម្រុះចុះពង្រឹងការអនុវត្តច្បាប់ចរាចរណ៍តាមរយៈការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ក៏ដូចជាអ្នកបើកបរ នៅមុនពេលរថយន្តកុងតឺន័រ ដឹកទំនិញចេញពីកំពង់ផែស្វ័យតក្រុងព្រះសីហនុ។
ទោះបីយ៉ាងនេះក្តី លោកអនុប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់ដែលដឹកនាំក្រុមការងារចម្រុះអះអាងថា ការត្រួតពិនិត្យនេះនឹងធ្វើជារៀងរហូត ។ លោកបានអំពាវនាវដល់តំណាងក្រុមហ៊ុនដឹកជញ្ជូនក៏ដូចជាអ្នកបើកបររថយន្តកុងតឺន័រទាំងអស់ ត្រូវធ្វើការកែសម្រួលលក្ខណៈបច្ចេកទេសយានយន្តដែលនៅខ្វះចន្លោះ ហើយអ្នកបើកបរត្រូវប្រកាន់ខ្ជាប់ច្បាប់ចរាចរណ៍មិនផឹកគ្រឿងស្រវឹង ពិសេសអ្នកបើកបរត្រូវតែឆ្លងកាត់សាលាបើកបរ ។
លោកវរសេនីយ៍ឯកខូវ លី បានបង្ហាញអំពីតួលេខនៃការត្រួតពិនិត្យនៅតាមមាត់ច្រកពីកំពង់ផែស្វ័យតក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី៦ ដល់ទី២៤ ខែឧសភា ឆ្នាំ២០១១ ក្នុងនោះគណៈកម្មការចម្រុះបានត្រួតពិនិត្យរថយន្តចំនួន៥៥៧គ្រឿងរបស់ក្រុមហ៊ុនដឹកជញ្ជូនចំនួន៤៨ ដោយរកឃើញរថយន្ត៥២៩គ្រឿងពុំទាន់មានលក្ខណៈបច្ចេកទេសត្រឹមត្រូវរហូតដល់ទៅ១.២៩៩ចំណុច។ ភាពមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសនោះមានដូចជា សំបកកង់មិនល្អ បញ្ហាភ្លើងបំភ្លឺ បច្ចេកទេសផ្ទុកកុងតឺន័រ ស្លាកលេខ ព្រមទាំងបញ្ហាឯកសារផ្លូវច្បាប់នានារបស់អ្នកបើកបរ និងក្រុមហ៊ុនផ្ទាល់ផងដែរ ។ មុននឹងអនុញ្ញាតឱ្យរថយន្តដែលរកឃើញមានបញ្ហាខ្វះខាតបច្ចេកទេសដូចរៀបរាប់ខាងលើបើកបរដឹកទំនិញចេញពីកំពង់ផែក្រុងព្រះសីហនុ គណៈកម្មការចម្រុះបានតម្រូវឱ្យក្រុមហ៊ុននីមួយៗកែសម្រួលនៅនឹងកន្លែង ព្រមទាំងទទួលការផាកពិន័យទៀតផង ៕
ចែករំលែកព័តមាននេះ