ខេត្តស្វាយរៀង ៖ កាលពីព្រឹកថ្ងៃទី២៦ ឧសភា នៅសាលប្រជុំនៃសាកលវិទ្យាល័យខេត្តស្វាយរៀង មានរៀបចំធ្វើសន្និបាតបូកសរុបលទ្ធផលការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរយៈពេល៦ខែ ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការនគរបាលជាតិ ។ អញ្ជើញចូលរួមនាឱកាសនោះ មានលោកអភិបាល-អភិបាលរងខេត្ត អគ្គស្នងការរងនគរបាលជាតិ លោកស្នងការ-ស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹក លោកអធិការ-អធិការរង នាយប៉ុស្តិ៍ និងលោក-លោកស្រីក្នុងក្រុមប្រឹក្សាខេត្ត-ក្រុងសរុបជាង២០០នាក់ ។
លោកកែវ សាមឿន អភិបាលរងខេត្ត បានអានរបាយការណ៍បូកសរុបការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពក្នុងរយៈពេល៦ខែកន្លងមកនេះ ដែលនៅទូទាំងខេត្ត បទល្មើសពាក់ព័ន្ធដល់លក្ខណសម្បត្តិទាំង៥យ៉ាងរបស់ភភូមិ-ឃុំមានសុវត្ថិភាពបានកើតឡើងចំនួន៣៦លើក ក្នុងនោះបទឧក្រិដ្ឋ១១លើក បទមជ្ឈិម២៥លើក ។ បើប្រៀបធៀបទៅនឹងរយៈពេល៦ខែមុនអនុវត្តគោលនយោបាយនេះ ឃើញថា បទល្មើសឧក្រិដ្ឋថយចុះ៩លើក ស្មើនឹង៤៥% បទល្មើសមជ្ឈិមកើនឡើង៦លើកស្មើនឹង៣១,៥៧% ។ ទន្ទឹមនឹងនេះ សមត្ថកិច្ចក៏ធ្វើការបង្ក្រាបបទល្មើសដែលកើតមានបានចំនួន៣០លើក ស្មើនឹង៨៣,៣៣% ដោយចាត់វិធានការជំនាញ វិធានការមហាជន និងវិធានការច្បាប់ ឃាត់ខ្លួនជនសង្ស័យចំនួន៥៥នាក់ (ស្រី៤នាក់) ។
លោកពេជ្រ សាវ៉ាន់ អភិបាលស្រុកកំពង់រោទ៍ និងលោកឈូក បណ្ឌិត អភិបាលក្រុងបាវិត ដែលជាស្រុក-ក្រុងប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព បានធ្វើបទបង្ហាញអំពីលទ្ធផលការងារដែលសម្រេចបានរយៈពេល៦ខែកន្លងមកនេះ និងធ្វើការបង្ហាញពីទស្សនៈរបស់ប្រជាពលរដ្ឋក៏ដូចជាទស្សនៈរបស់លោកផ្ទាល់លើគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ព្រមទាំងភ្ជាប់មកជាមួយនូវសំណូមពរមួយចំនួនផងដែរ ។
នាឱកាសនោះលោកជៀង អំ អភិបាលខេត្ត បានសង្កត់ធ្ងន់ទៅលើចំណុចសំខាន់ចំនួន២គឺទី១-ចំពោះការផ្សព្វផ្សាយពីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពត្រូវតែធ្វើបន្តឱ្យស៊ីជម្រៅ និងទូលំទូលាយទៅដល់គ្រប់មជ្ឈដ្ឋាន ។ ចំពោះចំណុចនេះ លោកបានធ្វើសំណូមពរដល់ប្រជា ពលរដ្ឋ សង្គមស៊ីវិល ក៏ដូចជាមន្ត្រីរាជការទាំង អស់ត្រូវរាយការណ៍ព័ត៌មានអំពីមុខសញ្ញាប្រព្រឹត្តបទល្មើសចោរលួច ប្លន់ និងមុខសញ្ញាចែកចាយគ្រឿងញៀននានាមកដល់សមត្ថកិច្ច ដើម្បីឱ្យសមត្ថកិច្ចមានឱកាសអាចទប់ស្កាត់ និងបង្ក្រាបមុខសញ្ញាទាំងនោះបានទាន់ពេលវេលា។ ទី២-ការចាត់តាំងប្រជាការពារនៅតាមមូលដ្ឋានលោកសង្កេតឃើញថា ភូមិ-ឃុំខ្លះមានទីតាំងសម្រាប់ឱ្យប្រជាការពារចូលរួមយាមកាមជាមួយសមត្ថកិច្ច ប៉ុន្តែភូមិ-ឃុំខ្លះនៅមិនទាន់មាននៅឡើយទេ ។ ចំណែកឯភូមិ-ឃុំខ្លះទៀតមានទីតាំងយាមកាមហើយ ប៉ុន្តែការយាមកាមហាក់ដូចនៅមិនទាន់បានជាប់លាប់ និងត្រឹមត្រូវនៅឡើយ ដូចនេះសូមឱ្យលោកនាយប៉ុស្តិ៍ទាំងអស់ដែលសហការគ្នាជាមួយកម្លាំងប្រជាការពារ ត្រូវកំណត់ទីតាំងសម្រាប់យាមកាមឱ្យបានច្បាស់លាស់ ហើយត្រូវដាក់វេនគ្នាយាមឱ្យបានជាប់លាប់និងទាន់ពេលវេលា ព្រមទាំងឱ្យមានទាំងបញ្ជីកត់ត្រាថា អ្នកណាបានមកយាមអ្នកណាមិនបានមកយាមឱ្យបានត្រឹមត្រូវផងដែរ។
លោកនាយឧត្តមសេនីយ៍នេត សាវឿន បានមានប្រសាសន៍គាំទ្រការវាយតម្លៃរបស់ក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព និងការវាយតម្លៃរបស់គណៈបញ្ជាការឯកភាពខេត្ត លើលទ្ធផលការងារដែលសម្រេចបានរយៈពេល៦ខែកន្លងមកនេះ ។ លោកបានថ្លែងថា ខេត្តស្វាយរៀងជាខេត្តដែលទទួលបានជ័យលាភីប្រភេទទី១ ដោយអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពបានជោគជ័យ៦០ឃុំលើ៨០ឃុំ ហើយក៏សូមកោតសរសើរចំពោះការចងក្រងគណៈបញ្ជាការអចិន្ត្រៃយ៍មួយនៅសាលាខេត្តដែលមានកម្លាំងចម្រុះចូលរួមប្រចាំបញ្ជាជារៀងរាល់ថ្ងៃ និងសុំឱ្យបន្តសកម្មភាពទាំងនេះឱ្យកាន់តែមានប្រសិទ្ធភាពនិងជោគជ័យថែមទៀត ។
លោកអគ្គស្នងការនគរបាលជាតិ បានសំណូមពរដល់អស់លោកជានាយប៉ុស្តិ៍ អធិការ ស្នងការ ក្រុមប្រឹក្សាឃុំ ស្រុកទាំងអស់ត្រូវបន្តផ្សព្វផ្សាយពីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពនេះទៅដល់ប្រជាពលរដ្ឋឱ្យបានកាន់តែច្បាស់ និងបន្តបើកវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋឱ្យបានច្រើនថែមទៀត ពង្រឹងការអនុវត្តរបស់គណៈបញ្ជាការអចិន្ត្រៃយ៍ ពង្រឹងរដ្ឋបាលមូលដ្ឋាន ពង្រឹងជំនាញ (ចរាចរណ៍,សន្តិសុខ, ការបង្ក្រាបបទល្មើស ) និងពង្រឹងក្រុមប្រឹក្សាប្រឡងប្រណាំងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពថែមទៀត ៕
ចែករំលែកព័តមាននេះ