ខេត្តរតនគិរី ៖ ដីព្រៃសហគមន៍មួយកន្លែង បច្ចុប្បន្ន ការពារដោយបរិស្ថានរាប់រយហិកតានៅក្នុងស្រុកអណ្តូងមាសជាប់ព្រំប្រទល់ ស្រុកតាវែង ត្រូវបានគេប្រទះឃើញមានគំនរចម្រៀកឈើយ៉ាងច្រើននៅទីនោះ ដែលក្រុមឈ្មួញចូលកាប់អារច្រៀកសម្រាប់ដឹកជញ្ជូនយកទៅលក់នៅប្រទេសវៀតណាម ។

ការប្រទះឃើញនោះ គឺក្រុមអ្នកកាសែតបានចូលទៅដល់ក្នុងព្រៃសហគមន៍នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ត្រង់ចំណុចអូរឡាប៉រ ស្ថិតក្នុងភូមិមុយស្រុកអណ្តូងមាស ខេត្តរតនគិរី ។ ក្រុមអ្នកកាសែតបានប្រទះឃើញឈើដែលគល់ឈើមានមុខកាត់ធំៗនៅជាប់និងដីដែលកាប់អារផ្តាច់និងមួយចំនួនបានអារច្រៀករួចនោះរាយប៉ាយយ៉ាងអនាធិបតេយ្យពាសពេញព្រៃសហគមន៍នោះ ។ បើទុកលោកប្រធានមុំ ពិសិដ្ឋ បន្តទៀត រលាយឈើឆាប់ហើយ ។

តាមប្រភពពីប្រជាពលរដ្ឋបានបង្ហើបថា ជាដីព្រៃសហគមន៍ធ្លាប់អាស្រ័យផលរណ្ដៅជ័រ និងប្រកបចម្ការវិលជុំកន្លងមក តាមតំបន់នោះបច្ចុប្បន្នត្រូវបានការពារដោយខាងបរិស្ថាន។ ប្រជាពលរដ្ឋបង្ហើបបន្តថា ស្នាក់ការបរិស្ថាននៅទីនោះ គ្រប់គ្រងដោយលោក មុំ ពិសិដ្ឋ ហើយបានដាក់ពង្រាយកូនចៅមន្ត្រីក្រោមឱវាទឃ្លាំមើលតាមព្រៃ និងហាមបងប្អូនប្រជាពលរដ្ឋដែលធ្លាប់អាស្រ័យផលនិងដាំដុះដំណាំផ្សេងៗទៀត ដូចជាស្វាយចន្ទីដាំដំឡូងមីជាដើមផង មិនអនុញ្ញាតអោយចូលធ្វើបន្តទៀតទេ ដោយបានដាក់ដីព្រៃនោះក្នុងដែនបរិស្ថានទៅហើយ ។

ពួកគាត់រៀបរាប់ប្រាប់អ្នកកាសែតបន្តថាតែផ្ទុយទៅវិញបែរជាលោក មុំពិសិដ្ឋ ប្រធានស្នាក់ការបរិស្ថាននោះ មានការឃុបឃិតជាមួយនិងក្រុមឈ្មួញ ដោយអនុញ្ញាតអោយយកម៉ាស៊ីន.រណារយន្តជាច្រើនគ្រឿងចូលទៅកាប់អារច្រៀកឈើដើមធំៗពាសពេញព្រៃដែលក្នុងដែនខ្លួនគ្រប់គ្រងមិនកោតញញើតបទបញ្ជាថ្នាក់លើឡើយ ។ ឱ! លោកប្រធានបរិស្ថាន មុំ ពិសិដ្ឋ អើយ… អាងតំបន់នោះនៅជាប់ព្រំដែនវៀតណាម អត់មានមន្ត្រីណាទៅឃើញ ម្ល៉ោះហើយប្រមូលលុយតាមចិត្ត មានឈើកេរអញឯណា?…ហេ! ហេ!

ប្រភពបង្ហើបបន្តទៀតថា ជាថ្នូរនឹងការអនុញ្ញាតឱ្យក្រុមឈ្មួញយកម៉ាស៊ីនរណារយន្តចូលទៅអារច្រៀកឈើពាសពេញព្រៃ ដើម្បីយកទៅលក់នៅប្រទេសវៀតណាមនោះ គឺតម្រូវអោយបង់ប្រាក់៨០ ម៉ឺនរៀលក្នុងរណារយន្តមួយគ្រឿង ។

ដីព្រៃសហគមន៍ដែលគ្រប់គ្រងដោយបរិស្ថាននោះរាប់រយហិកតាឯណោះនៅចំណុចអូរឡាប៉រ ស្រុកអណ្ដូងមាសជាប់ព្រំប្រទល់នឹងស្រុកតាវែងនោះ ប្រាកដជានិងរងនូវការវិនាសហិនហោច ស្ថិតដោយសារការគ្រប់គ្រងដោយលោក មុំ ពិសិដ្ឋ ជាប្រធានស្នាក់ការបរិស្ថានមិនខានឡើយ ។

ក្នុងពេលបច្ចុប្បន្ន ក្រុមឈ្មួញដែលចូលកាត់អារច្រៀកឈើយកទៅលក់អោយឈ្មួញវៀតណាមនោះ ឆ្លងកាត់តាមច្រករបៀងដីព្រៃការពារដោយខាងបរិស្ថាននោះឯង ដែលជាច្រកអំណោយផលក្នុងការឃុបឃិតគ្នាប្រព្រឹត្តទុច្ចរិតបទល្មើសព្រៃឈើនោះ ជាតំបន់ដាច់ស្រយាលលាក់បាំងបានយ៉ាងស្ងៀមស្ងាត់ ។

ទាក់ទិននឹងការចោទប្រកាន់ថា បានឃុបឃិតនិងក្រុមឈ្មួញអនុញ្ញាតអោយយករណារយន្តចូលកាប់ឈើលក់ឱ្យវៀតណាមយកលុយ៨០ម៉ឺនរៀលក្នុងម៉ាស៊ីនមួយគ្រឿងនោះ មិនអាចសុំការបំភ្លឺពីលោកមុំ ពិសិដ្ឋ ប្រធានស្នាក់ការបរិស្ថាននោះបានទេទូរសព្ទចូលទទួលហើយប្រាប់ថា «ជាប់
រវល់» ។
មានព័ត៌មានបន្ថែម កោះសន្តិភាពនឹងផ្សាយជូនបន្ត ។

ចែករំលែកព័តមាននេះ