ខេត្តឧត្តរមានជ័យ ៖ ជនសង្ស័យចំនួន៤នាក់ ១-ឈ្មោះសេង ពិសិដ្ឋ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ, ២-ឈ្មោះឡុញ ញ៉ៅ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង, ៣-ឈ្មោះសាន់ វ៉ាន់ធី ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង និង៤-ឈ្មោះស៊ឹម ឌីណា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅខេត្តបាត់ដំបង មុខរបរមិនពិតប្រាកដ ត្រូវសមត្ថកិច្ចប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានខេត្តឧត្តរមានជ័យឃាត់ខ្លួននៅផ្ទះសំណាក់បុត្រឧត្តមក្នុងភូមិអូរជញ្ជៀន ឃុំអន្លង់វែង កាលពីវេលាម៉ោង៨ និង៣០នាទី ថ្ងៃទី២៣ ឧសភា ។
លោកវរសេនីយ៍ត្រីថោង សាមិ នាយការិយាល័យប្រឆាំងគ្រឿងញៀនឱ្យកោះសន្តិភាពដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យទាំង៤នាក់នេះ លោកបានចាត់កំលាំងប៉ូលិសឱ្យស្រាវជ្រាវ និងស៊ើបអង្កេតអស់រយៈពេល២ខែ មកហើយ ដោយជនសង្ស័យបានចូលទៅសំរាកនៅផ្ទះសំណាក់បុត្រឧត្តមជាញឹកញាប់តែងតែប្រើប្រាស់ និងចែកចាយថ្នាំញៀន។ បន្ទាប់មកសមត្ថកិច្ចប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀនយោងតាមបទបញ្ជាពីលោកព្រះរាជអាជ្ញាសាលាដំបូងខេត្តឧត្តរមានជ័យ យោងតាមបញ្ជាពីលោកស្នងការខេត្តក៏ឆែកឆេរនៅក្នុងបន្ទប់ផ្ទះសំណាក់បុត្រឧត្តមរកឃើញថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន១៥កញ្ចប់តូច ទូរស័ព្ទដៃចំនួន៥គ្រឿង កន្ត្រៃចំនួន១ សំភារសំរាប់ជក់ចំនួន១ ប្រាក់អាមេរិកចំនួន១៥០ដុល្លារ និងប្រាក់ខ្មែរចំនួន៦៧៦.០០០រៀល។
លោកថោង សាមិ បន្តថា ជនសង្ស័យទាំង៤នាក់បានឆ្លើយសារភាពថា ពួកគេបានប្រើប្រាស់ និងបានចែកចាយគ្រឿងញៀនពិតប្រាកដមែន។ យោងតាមចម្លើយសារភាព និងវត្ថុតាង លោកបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ៕
ចែករំលែកព័តមាននេះ