ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយទាហានកម្ពុជា ១២រូបហើយ បានបញ្ចប់​ការសិក្សា​ នៅបណ្ឌិត្យ​សភា​យោធាអូស្ត្រាលី​ និងមហាវិទ្យាល័យ​ភូមិ​ន្ទ​យោធាអូស្ត្រាលី-ដាក់ឌ្រូន​

1 ឆ្នាំ មុន
  • ភ្នំពេញ

​ភ្នំពេញ៖ ក្រុម RARA (RCAF ADFA and RMC-D Alumni) គឺជាក្រុមអតីតសិក្ខាកាមនាយទាហាន​កងយោធពលខេមរភូមិន្ទ ដែលបានបញ្ចប់ការសិក្សា…

​ភ្នំពេញ៖ ក្រុម RARA (RCAF ADFA and RMC-D Alumni) គឺជាក្រុមអតីតសិក្ខាកាមនាយទាហាន​កងយោធពលខេមរភូមិន្ទ ដែលបានបញ្ចប់ការសិក្សា នៅបណ្ឌិត្យសភា​យោធាអូស្រ្តាលី និងមហាវិទ្យាល័យភូមិន្ទយោធាអូស្រ្តាលី-ដាន់ឌ្រូន។ ក្រុមនេះ មានលោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាប្រធានក្រុម បានបង្កើតឡើង នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ក្រោមការផ្តួចផ្តើម ដោយនាយទាហានរបស់កងយោធពលខេមរភូមិន្ទ ចំនួន ០៧នាក់ ដែលជាអតីតសិក្ខាកាម បានបញ្ចប់ការសិក្សា ពីឆ្នាំ​២០០៩ រហូតដល់ឆ្នាំ២០២២ ក្នុងនោះ រួមមាន៖ លោក សៀ ទីន, លោក ផន ឫទ្ធីសក្កិ, លោក ឈន បូរី, លោក សួន វិទូ, លោក ប៊ុន ចាន់វិចិត, លោក ផន ដាវីដ និង លោក ចន្ថា សុធារិទ្ធិ។ មកដល់បច្ចុប្បន្ន ក្រុមនេះ មានសមាជិកចំនួន ១២​នាក់។

នៅថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ ២០២៤ ក្រុម RARA បានប្រារព្ធពិធីជួបជុំលៀងសាយភោជន៍ ដើម្បីអបអរសាទរខួប ១ឆ្នាំ នៃការបង្កើតក្រុមខ្លួន ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សួន សំណាង អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នៃក្រសួងការពារជាតិ រួមនឹងគណៈធិបតីអញ្ជើញចូលរួមជាច្រើនរូបផ្សេងទៀត។

ថ្លែងក្នុងពិធីលាងសាយភោជន៍នោះផងដែរ លោកវរសេនីយ៍ឯក សៀ ទីន បានលើកឡើងថា ការបង្កើតក្រុម RARA នេះឡើង គឺក្នុងគោលបំណង ដើម្បីផ្សាភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ រវាងអតីតសិក្ខាកាមដែលបានបញ្ឈប់ការសិក្សានៅបណ្ឌិតសភាយោធាអូស្រាលី និងមហាវិទ្យាល័យយោធាអូស្ត្រាលី ដាន់ឌ្រូន ក្រោមចក្ខុវិស័យ បង្កើតក្រុមអ្នកដឹកនាំ ដែលគួរឱ្យគោរព មានការប្រាស្រ័យទាក់ទងល្អ និងមានភាពផ្សាភ្ជាប់គ្នារវាងក្រុមអតីតសិក្ខាកាម​យោធាទាំងឡាយ ដែលបញ្ចប់ ការសិក្សាពីក្រៅប្រទេស។

បន្ថែមពីនេះទៀត ក្រុម RARA ក៏បានដាក់ចេញនូវគុណតម្លៃរបស់ខ្លួនមួយចំនួន ដូចជា៖

– កិត្តិយស៖ ជឿជាក់លើសច្ចធម៌ និងធ្វើអ្វីដែលត្រឹមត្រូវសំរាប់ខ្លួនឯង និងអ្នកជុំវិញខ្លួន។

– ការគោរព៖ មានការគោរពចំពោះអ្នកដទៃ ដូចទៅនឹងអ្វីដែលយើងចង់ទទួលបានពីគេ។ ត្រូវមាន ការគិតពិចារណា គោរពគំនិតនិងយោបល់អ្នកដទៃ។

– អាជីពភាវូបនីយកម្ម៖ អនុវត្តខ្លួនប្រកបដោយការទទួលខុសត្រូវ សុចរិតភាព គណនេយ្យភាព និង ឧត្តមភាព។

– មិត្តភាព៖ ត្រូវតស៊ូជាមួយគ្នា និងជួយគ្នាទៅវិញទៅមក មិនថាស្ថានភាពលំបាកយ៉ាងណា។

– វីរិយភាព៖ ការខិតខំប្រឹងប្រែងឥតឈប់ឈរ និងម៉ឹងម៉ាត់ ដើម្បីសម្រេចនូវអ្វីដែលកំពុងអនុវត្ត។

– សោមនស្ស៖ ខិតខំធ្វើការ និងបំពេញភារកិច្ចរៀងៗខ្លួន ប៉ុន្ដែមិនត្រូវភ្លេចការកំសាន្តសប្បាយ រីករាយម្តងម្កាលឡើយ។

គុណតំលៃខាងលើនេះ គឺជាកត្តា ដែល​កំណត់អត្តសញ្ញាណរបស់ក្រុម RARA ជាក្រុមអតីត​សិក្ខាកាម ដែលផ្ដោតសំខាន់លើអាជីពភាវូបនីយកម្មយោធាទៅតាមសម័យកាល និងមានបាវចនា គឺ “ឈានទៅមុខជានិច្ច”។

យោងទៅតាមចក្ខុវិស័យ និងគុណតំលៃខាងលើ ក្រុមRARA ក៏បានបង្កើតគោលដៅចំនួន ០៤ ធំៗគឺ៖

ទី១៖ ជំរុញការលើកកម្ពស់អាជីពភាវូបនីយកម្មយោធា និង មោទនៈភាពទៅលើក្រុមរបស់ខ្លួន។

ទី២៖ ធ្វើជាគំរូដល់មជ្ឈដ្ឋានជុំវិញ និងលើកកម្ពស់គំនិតឆ្នៃប្រឌិត

ទី៣៖ ចូលរួមចំណែកក្នុងកិច្ចការនានារបស់សង្គម និង អង្គភាពដែលពាក់ព័ន្ធ

ទី៤៖ ជំរុញក្នុងការងារណែនាំ និងអភិវឌ្ឍអាជីពភាវូបនីយកម្មរបស់សមាជិកក្រុម។

ជាចុងក្រោយ ក្នុងនាមនាយទាហានរបស់កងយោធពលខេមរភូមិន្ទ ក្រុម RARA ទាំងមូល ប្តេជ្ញានឹងយកចំណេះជំនាញ ដែលខ្លួនបានសិក្សា នៅសាលាបណ្ឌិត្យសភាយោធាអូស្រ្តាលី និងមហាវិទ្យាល័យភូមិន្ទយោធាអូស្រ្តាលី-ដាន់ឌ្រូន មកប្រើជាប្រយោជន៍ ក្នុងការចូលរួមបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និងត្រៀមខ្លួនជានិច្ច ក្នុងការបំពេញភារកិច្ចលើវិស័យយោធា ប្រកបដោយស្មារតី លះបង់ និងស្មោះត្រង់ ជារៀងដរាប៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ