ខេត្តព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ត្រី តាក វណ្ណថា ស្នងការនគរបាលខេត្ត បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ដល់មន្រ្តីជំនាញគ្រប់ផ្នែក និង នគរបាលប៉ុស្តិ៍គ្រប់ឃុំ-សង្កាត់ ត្រូវពង្រឹងកិច្ចប្រតិបត្តិការការពារទប់ស្កាត់បទល្មើសផ្សេងៗ ពិសេសបទល្មើសចោរកម្ម និងការជួញដូរគ្រឿងញៀន។ លោកស្នងការបានដាក់បទបញ្ជាបែបនេះ កាលពីថ្ងៃទី២៥ ឧសភា ក្នុងឱកាសប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈប្រចាំខែឧសភា ឆ្នាំ២០១១ និងទិសដៅបន្តនៅសាលប្រជុំស្នងការដ្ឋានខេត្ត។
កិច្ចប្រជុំបានធ្វើឡើងដោយមានការអញ្ជើញចូលរួមពីសំណាក់លោកស្នងការរង នាយ-នាយរងការិយាល័យជំនាញ លោកអធិការ-អធិការរងស្រុក-ក្រុង និងនាយប៉ុស្តិ៍រដ្ឋបាលគ្រប់ប៉ុស្តិ៍។ តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបានឱ្យដឹងថា បទល្មើសព្រហ្មទណ្ឌកើតមានចំនួន១៥ករណី (ពាក់ព័ន្ធជនបរទេស៦ករណី) ប្រៀបធៀបខែមេសា ឆ្នាំ២០១១ កើនឡើង១០ករណី ក្នុងនោះមានបទឧក្រិដ្ឋ១ករណី និងបទមជ្ឈិម១៤ករណី។ ចំពោះការងារបង្ក្រាបជាក់សែ្តងបាន១១ករណីស្មើនឹង៧៣,៣៣ភាគរយ នៃចំនួនសរុបបទល្មើសដែលកើតមានឡើងនិងឃាត់ខ្លួនមនុស្សបាន១៦នាក់។ ចំពោះលទ្ធផលបង្រ្កាបបទលើ្មសជួញដូរមនុស្សបានចំនួន៣ករណី បង្ក្រាបគ្រឿងញៀនបាន៩ករណី ចាប់ខ្លួនជនល្មើសបានម្នាក់ ។ បទល្មើសសេដ្ឋកិច្ចបានឃាត់រថយន្តចំនួន១គ្រឿង រកឃើញឈើគ្រញូងចំនួន៦១ដុំ ស្មើនឹង៧១៤គីឡូក្រាម ។ គ្រប់ករណីទាំងអស់ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត។
លោកតាក វណ្ណថា បានជំរុញឲ្យកងកម្លាំងក្រោមឱវាទយកចិត្តទុកដាក់អំពីភូមិ-ឃុំសុវត្ថិភាព និងបានពាំនាំប្រសាសន៍របស់ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្ត្រីក្រសួងមហាផ្ទៃទាំងប្រាំពីរចំណុចដែលបានថ្លែងក្នុងឱកាសប្រារព្ធខួបកំណើតនគរបាលជាតិនាពេលកន្លងទៅជូនដល់កងកម្លាំងក្រោមឱវាទ។ នៅក្នុងឱកាសនោះ ក៏មានការប្រគល់ត្រាដល់អធិការដ្ឋាននគរបាលស្រុក-ក្រុង និងប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងខេត្តផងដែរ៕
ចែករំលែកព័តមាននេះ