ខេត្តឧត្តរមានជ័យ ៖ ទាហានកម្ពុជាម្នាក់ក្នុងចំណោម៣នាក់ត្រូវទាហានសៀមបាញ់ស្លាប់ ខណៈដើរល្បាតនៅតាមខ្សែបន្ទាត់ព្រំដែន ចំណែក២នាក់ទៀតបានរត់រួច ។ ទាហានកម្ពុជារងគ្រោះដល់ជីវិតនេះ ឈ្មោះទឹម ឆប អាយុ៥០ឆ្នាំ នៅកងវរសេនាតូចលេខ៤០៨ នៃអង្គភាព គ២ តំបន់ប្រតិបត្តិការសឹករងខេត្ត ។
ការបាញ់ទៅលើទាហានកម្ពុជានេះបានធ្វើឡើងកាលពីវេលាម៉ោង១២និង៥នាទីថ្ងៃត្រង់ ថ្ងៃទី២៦ ឧសភា ២០១១ នៅតាមខ្សែបន្ទាត់ព្រំដែនភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ចំណុចផែនទីលេខ៣៣.៣៣០, ៨៩.៣៨៦ ដែលឈមគ្នានឹងភូមិស្ទឹងច័ន្ទ ឃុំស្ទឹងច័ន្ទ ស្រុកឃុនហាន ខេត្តស៊ីសាកេត ប្រទេសសៀម។
អ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឱ្យដឹងថា មុនពេលពើបប្រទះបាញ់គ្នា ទាហានកម្ពុជា បានដើរល្បាតនៅតាមបន្ទាត់ព្រំដែន ស្រាប់តែជួបទាហានសៀម កំពុងដើរល្បាតដែរ គេក៏បាញ់ប្រហារមកលើទាហានកម្ពុជាមុន តែម្តង បណ្តាលឱ្យស្លាប់ម្នាក់ និង២នាក់ទៀតរត់រួច ។ ឆាកប្រយុទ្ធគ្នាបានកើតឡើងប្រហែល៥នាទីដោយប្រើកាំភ្លើងដៃបាញ់ទៅវិញទៅមក ប៉ុន្តែមិនបានប្រើកាំភ្លើងបេនោះទេ ៕
ចែករំលែកព័តមាននេះ