ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋ​បាល​​ព្រៃ​ឈើ​​​ប្តេជ្ញា​​សា​ជា​ថ្មី​​ទប់​ស្កាត់​​បទ​​ល្មើស​​ព្រៃ​ឈើ​​​ដែល​​ស្ទើរ​តែ​​អន្តរាយ​​អស់​​ទៅ​​ហើយ

14 ឆ្នាំ មុន

ខេត្តសៀមរាប ៖ មន្ដ្រី​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើ​បាន​ប្ដេ​ជា្ញ​សា​ជា​ថ្មី​ក្នុង​ការ​ទប់ស្កាត់​បទ​ល្មើស​​ព្រៃឈើ​គ្រប់​ប្រភេទ ជា​ពិ​សេ​សបទល្មើស​ដឹក​​ជញ្ជូន​ឈើ​គ្រញូង ដោយ​ប្រើ​យុទ្ធសាស្ដ្រ​កាត់​ផ្ដាច់​ឫស​គល់​នៃ​បទល្មើស គឺ​បើក​​ការ​ត្រួ​តពិនិត្យ​ឡើង​វិញ​រាល់​ដេប៉ូ​ឈើ និង​សិប្បកម្មដែលមាន​ចំនួន​យ៉ាង​​ច្រើន​សន្ធឹកសន្ធាប់​ទូ​ទាំង​ខេត្ដ

ខេត្តសៀមរាប ៖ មន្ដ្រី​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើ​បាន​ប្ដេ​ជា្ញ​សា​ជា​ថ្មី​ក្នុង​ការ​ទប់ស្កាត់​បទ​ល្មើស​​ព្រៃឈើ​គ្រប់​ប្រភេទ ជា​ពិ​សេ​សបទល្មើស​ដឹក​​ជញ្ជូន​ឈើ​គ្រញូង ដោយ​ប្រើ​យុទ្ធសាស្ដ្រ​កាត់​ផ្ដាច់​ឫស​គល់​នៃ​បទល្មើស គឺ​បើក​​ការ​ត្រួ​តពិនិត្យ​ឡើង​វិញ​រាល់​ដេប៉ូ​ឈើ និង​សិប្បកម្មដែលមាន​ចំនួន​យ៉ាង​​ច្រើន​សន្ធឹកសន្ធាប់​ទូ​ទាំង​ខេត្ដ ដែល​សង្ស័យ​ថា​មាន​លួច​​លាក់​បំពួន​តាំង​លក់​ឈើ​​គ្មាន​ប្រ​ភ​ព​ស្របច្បាប់ និង​បន្លំ​អារច្រៀក​ឈើ​គ្រ​ញូ​ង​សម្រាប់​នាំចេញ​ទៅ​កាន់​ទីផ្សារ​ងងឹត​។

​ការ​ប្ដេជ្ញា​សា​ជា​ថ្មី​នេះ​ធ្វើ​ឡើង​ ខណៈ​ដែល​ខេត្ដ​សៀមរាប​ត្រូវ​បាន​គេ​សង្កេត​ឃើញ​កើត​មាន​បទ​ល្មើស​ដឹក​ជញ្ជូន​ផល​-​អនុ​ផល​ព្រៃឈើ​យ៉ាង​ពពាក់ពពូន និងបាន​ជាប់​ចំណាត់​ថ្នាក់ខ្ពស់​ក្នុង​ចំណោម​ខេត្ដ​នាំ​ឈើគ្រ​ញូង​ខុសច្បាប់​ទៅ​កាន់​ខេត្ដកំពង់ចាម​ជាប់​ព្រំដែន​យួន ដែល​ធ្វើ​ឱ្យ​ក្រុម​អ្នក​តាមដាន​បទ​ល្មើ​ព្រៃឈើ​សម្ដែង​នូវ​ការ​មិន​ជឿជាក់​ចំពោះ​ការ​ប្រឹងប្រែងទប់​​ស្កាត់​ដែល​រាង​​ជ្រេ​ពេល​បន្ដិច​ទៅ​ហើយ​។

លោក​វណ្ណ សុ​ផា​ន់​ណ្ណា នាយ​អធិការដ្ឋាន​រដ្ឋ​បាល​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប​ ដែល​មាន​វិសាលភាព​គ្រប់​គ្រង​ខេត្ដ​ចំនួន៥ រួម​មាន​ខេត្ដ​សៀមរាប បន្ទាយ​មាន​ជ័យ ឧត្ដរមានជ័យ ព្រះ​វិហារ និង​ខេត្ដកំពង់ធំផង​នោះ​ បាន​ថ្លែង​នៅ​ក្នុង​បទ​សម្ភា​សន៍​ដាច់​ដោយឡែក​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ឧសភា​ កន្លងមកនេះ​ថា ទោះបីជា​ពេល​នេះ​បញ្ហា​ឈើ​គ្រ​ញូ​ង​វា​បាន​រំកិល​ទៅ​ដល់​ដំណាក់​កាល​​ចុង​ក្រោយនៃ​ការ​អន្ដរាយ​ក៏ដោយ ​ក៏យើង​នៅ​តែ​ប្រឹងប្រែង​រិះរក​គ្រប់​មធ្យោបាយ​ស្ដារ​ស្ថាន​​ការណ៍​​ដ៏​អាក្រក់​នោះ​ឡើង​វិញ​ឱ្យ​ខាង​តែ​បាន ​គឺ​យើង​នឹងពង្រឹងសមត្ថភាព​ដល់​មន្ដ្រី​ក្រោម​ឱវាទ​ទាំងអស់​ឡើង​វិញ​ ដើម្បី​ការពា​រឈើ​គ្រ​ញូ​ង​ដែល​នៅ​សេស​សល់​នាដំណាក់កាល​ចុង​ក្រោយ​នេះ​។

លោក​បាន​បញ្ជា​ក់ថា សកម្មភាព​ដឹក​ជ​ញ្ចូ​ន​ឈើ​គ្រ​ញូង​ដែល​កំពុង​តែមាន​ហាងឆេង​ទៅ​កាន់​ខេត្ដ​ជាប់​ព្រំដែនប្រទេស​យួន ឆ្លងកាត់​ខេត្ដកំពង់​ធំ ត្រូវ​បាន​មើលឃើញ​ថា ​កំពុង​មានសន្ទុះ​កើន​ឡើង​​គួរ​ឱ្យ​ព្រួយ​បារ​ម្ភ ហើយ​ឈើ​ទាំងនោះ​ភាគ​ច្រើន​មាន​ប្រភព​នាំ​ចេញពី​ខេត្ដសៀមរាប។ ដូច្នេះ ដើម្បី​ទប់ស្កាត់​ឱ្យបាន​ទាំងស្រុង​នូ​វ​សកម្ម​ភាព​ល្មើស​ច្បាប់​ទាំងនោះ​ យើង​ត្រូវ​តែ​កាត់​ផ្ដាច់​ឫ​ស​គល់​​នៃ​ប្រភព​នាំ​ចេញ​ឈើ​ប្រភេទ​នោះ​ឱ្យ​អស់​ជា​មុន​សិន គឺ​យើង​ចាំបាច់​ត្រូវ​តែ​បើក​យុទ្ធនា​ការ​ចុះ​ត្រួត​ពិនិ​ត្យ​​គ្រប់ដេប៉ូ​ទិញ​-លក់​ឈើ និងសិប្ប​កម្ម​កែ​ច្នៃ​ឈើទាំង​មានច្បាប់​ទាំង​អត់​ច្បាប់ ដែល​​សង្ស័យ​ថា​មាន​នាំ​ចូល​ឈើពុំ​មាន​ប្រភព​​ស្របច្បាប់​មក​តាំង​លក់ ព្រមទាំង​អារ​ច្រៀក​​ឈើ​គ្រ​ញូ​ង​សម្រាប់​នាំ​ចេញ​ទៅ​កាន់​ទី​ផ្សារ​ង​ងឹ​ងនោះ​។

លោក​បាន​បញ្ជា​ក់​ទៀត​ថា ​ដើម្បី​ជំរុញ​យុទ្ធ​នា​ការ​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត​នោះ​កម្លាំង​​មន្ដ្រី​រដ្ឋបាល​ចំនួន២០រូបមក​ពី​ខេត្ដ​កំពង់​ធំ​ ត្រូវ​បាន​គេ​ប​ញ្ជូ​ន​មក​ជួយ​អន្ដរាគមន៍​ដល់​មន្ដ្រី​រដ្ឋបាល​ព្រៃឈើ​សៀមរាប ក្នុង​ការ​ចុះ​ត្រួត​ពិនិត្យ​គ្រប់កន្លែង​សង្ស័យ ហើយ​ប្រតិបត្ដិការ​នេះ​បាន​ចាប់ផ្ដើម​កាលពី​ថ្ងៃ​ទី​២៥ ឧសភា ដោយ​​ផ្ដើម​ចេញ​ពី​តំបន់​ស្រែ​ណូ​យ នៃ​ស្រុក​វ៉ា​រិ​ន របស់​ខេត្ដ​សៀមរាប ដែល​ជា​តំបន់​មួយ​ក្នុង​ចំណោម​​តំបន់​កើត​មាន​បទល្មើស​ព្រៃឈើ​គ្រប់​ប្រភេទ​​ដ៏​ចម្រូង​ចម្រាស។

ពេញ​មួយ​ថ្ងៃ​ទី២៥ ឧសភា ​កម្លាំង​ប្រតិ​បត្ដិ​ការ​ដែល​ដឹកនាំ​ផ្ទាល់​ដោយ​លោក​​វ​ណ្ណ សុ​ផា​ន់​ណា្ណ បាន​ឆ្មក់​ចូល​ដេប៉ូ​ឈើ និងសិប្បកម្មចំនួន​៨​កន្លែង​នៅ​ក្នុង​ឃុំ​ស្រែ​ណូ​យដែល​គ្រានោះ​ឈើ​ប្រមា​ណ​ជិត៤០ម៉ែត្រគូបត្រូវ​​បាន​រឹបអូស ក្នុង​នោះ​មាន​ឈើ​គ្រ​ញូង​ចំនួន​ជាង​១០ម៉ែត្រគូប។ ហើយ​ជន​ជាតិ​យួន​ចំនួន​ពីរ​នាក់ដែល​ជា​ថៅកែ និង​អ្នក​ទម្លាក់​លុយ​ទៅ​​ឱ្យ​បណ្ដាញ​ល្មើសច្បាប់​ប្រមូល​ទិញ​ឈើ​គ្រញូង​នៅ​ក្នុ​ងតំបន់​ស្រែ​ណូ​យ​នោះ​ត្រូវ​បាន​ចាប់ខ្លួន​ ហើយ​បច្ចុប្បន្ន​កំពុង​តែ​នាំ​ខ្លួន​មក​​សាក​សួរ​រក​អ្នក​ពាក់​ព័​ន្ធ​មកទទួលខុសត្រូវ​មុន​នឹង​បញ្ជូន​ខ្លួន​ពួក​គេ​ទៅ​តុលាកា​រដើម្បី​ផ្ដន្ទា​ទោស​ទៅ​តាម​ច្បាប់​ស្ដី​ពី​ព្រៃឈើ ហើយ​ចំពោះ​អ្នក​ពាក់​ព័ន្ធ​ក៏​ប្រឈម​​នឹង​​បទ​​ប្រព្រឹត្តអំពើ​ពុក​រលួយ​ផង​ដែរ ។ ដោយឡែកនៅ​ព្រឹក​ថ្ងៃបន្ទាប់ គឺ​នៅ​ថ្ងៃ​ទី២៦ ឧសភា កម្លាំង​ប្រតិបត្ដិការ​ដដែល​​នោះ​ចែក​ជា​ច្រើន​មុខព្រួញ​បន្ដ​ធ្វើការ​ឆ្មក់​ចូល​ឆែក​ឆេរ​ដេប៉ូ​ឈើ​ និង​សិប្បកម្ម​ជា​ច្រើន​ទៀត​នៅ​ក្នុង​ក្រុង​សៀមរាប​ដែលគេ​សង្ស័យ​​ថា ​បាន​ប្រព្រឹត្ត​កំហុសឆ្គង​ស្រដៀង​គ្នា​នឹង​ទីតាំង​ចំនួន៨ខាងលើ ក៏ប៉ុន្ដែ​លទ្ធផល​ចុះ​ត្រួត​ពិនិត្យ​នោះ​មិន​ត្រូវ​បាន​មន្ដ្រី​ជំនាញ​ណា​ម្នាក់​ចេញ​មុខ​មក​អះអាង​ដោយ​ផ្ទាល់​នៅឡើយ​ទេ ដោយ​ម្នាក់​ៗ​​សុទ្ធ​តែឆ្លើយ​ទម្លាក់​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ។

នាយ​អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប​លោក​វណ្ណ សុ​ផា​ន់​ណ្ណា បាន​ថ្លែង​បញ្ជា​ក់​ផង​ដែរ​ថា ​តាម​ការ​ស្រាវជ្រាវ​ឃើញ​ថា​ជា​រៀងរាល់ថ្ងៃ​មាន​រថយន្ដ​តូច​ធំ​គ្រប់​ប្រភេទ ជា​ពិសេស​គោ​យន្ដ​កន្ដ្រៃរាប់រយ​គ្រឿង​ បាន​សម្រុក​ដឹកឈើ​គ្រ​ញូ​ង​ដែល​នៅ​សេសសល់​ចេញពី​តំបន់​ព្រៃ​ជិត​ឆ្ងាយ​ ចូល​មក​ក្នុងរោងសិប្បកម្ម​ជា​ច្រើន​កន្លែង​ តាំងពី​នៅ​តាម​មាត់ទីប្រជុំជន ដើម្បី​អារ​ច្រៀកឈើ​ទាំងនោះ​ទៅ​តាម​ប្រភេទឈើជ្រុង​ឬ​ឈើ​ថ្លឹង​គីឡូ​ មុន​នឹង​ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​ទី​ផ្សារ​ងងឹត​ឯ​ខេត្ដកំពង់ចាម​ តាម​រូបភាពផ្សេង​ៗ ដែ​ល​បញ្ហា​ទាំង​​អស់​នេះ​ទាមទារ​ឱ្យ​មន្ដ្រី​ជំនាញ​គ្រប់​គ្រង​តំបន់​មានការ​ទទួលខុសត្រូវ​ខ្ពស់​។

ទោះបីជា​យ៉ាងណា​ ក្រុម​អ្នក​ឃ្លាំមើល​បទ​ល្មើស​ព្រៃឈើ​បាន​លើក​ឡើង​ថា ​ពួក​គេ​មានការ​ស្វាគមន៍​ចំពោះ​ចំណាត់ការ​សង្គ្រោះ​ឈើ​គ្រ​ញូ​ង​ដែល​ជា​ធន​ធាន​ដ៏​មាន​តម្លៃ​រួម​របស់​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប។ ប៉ុន្ដែ​គេក៏បាន​លើក​ឡើង​ដែរ​ថា វា​ហាក់​ដូច​ជា​យឺត​ពេល​​បន្តិច​​ទៅ​ហើយសម្រាប់​ចំណាត់​ការ​នេះ និង​គ្មាន​ស​ង្ឈឹ​ម​ថា​បាន​ទទួល​ជោគ​ជ័យ​ជា​​​ដុំកំភួន​នោះ​ទេ ព្រោះ​កន្លង​មក​ក៏​ឃើញ​មាន​ការ​​ប្ដេជ្ញា​ចិត្ដ​យ៉ាង​ដូច្នេះ​ដែរ តែ​វា​បាន​រលត់ទៅ​​បាត់​ដោយ​បន្សល់តែ​ភាព​​មន្ទិល​សង្ស័យ​រហូតមក ។

គួរ​បញ្ជា​ក់​ផង​ដែរ​ថា ​កាលពី​អំឡុង​ដើមឆ្នាំ ២០១០ កន្លង​ទៅ​នេះ ​សមត្ថកិច្ច​ចម្រុះ​ក៏បាន​បើក​​ប្រ​តិប​ត្ដិ​​ការ​យ៉ាង​ក្ដៅ​គ​គុក​ផង​ដែរ​ប​ង្ក្រា​ប​ទៅ​លើ​ដេប៉ូ​ឈើ និងឃ្លាំង​ឈើរបស់​ក្រុម​អ្នក​មាន​​លុយកាក់ និង​អំ​ណាច ដោយ​ធ្វើការ​រឹបអូស​បាន​ឈើ​គ្រប់​ប្រភេទ​ប្រមាណ​ជាង១.០០០​ម៉ែត្រ​គូប ប៉ុន្ដែ​មិន​ត្រូវ​បាន​យក​មក​រក្សាទុក​ដោយ​រដ្ឋបាល​ព្រៃឈើ​ទេ គឺ​ធ្វើ​កំណត់​ត្រា​រក្សា​ទុក​នៅ​ក្នុង​ឃ្លាំង​ធំ​ៗ​នោះ​ដដែល ដើម្បី​កោះហៅ​ម្ចាស់​ឈើ​ទាំងនោះ​មក​បង់​ពិន័យ​អន្ដរកាល​តាម​ច្បាប់។ តែ​រហូត​ដល់​ពេល​នេះ​គេ​នៅ​មិន​ទាន់​ឃើញ​​មាន​ម្ចាស់ឈើ​ណា​ម្នាក់​ចូលខ្លួន​មក​បង់​ពិន័យ​បាន​មួយ​កាក់​មួយ​សេន​ចូល​ខ្ទ​ង់​ថវិការដ្ឋ​នៅឡើយ​ទេ។ ​ដូច្នេះ​មាន​សំណួរសួរ​ថា​ តើ​ប្រតិ​បត្ដិការ​ពេល​នេះ​មាន​អ្វី​ខុស​ប្លែក​ពី​ពេល​​មុន ឬក៏​គ្រាន់តែ​ជា​យុទ្ធសាស្ដ្រ​វែក​ស្មៅ​បង្អើល​ពស់?