រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៥ ឧសភា សមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានី បានចាត់បញ្ជូនអតីតបុគ្គលិកក្រុមហ៊ុនហ្សូអេលីហ្គហ្វាម៉ាម្នាក់ទៅសាលាដំបូងរាជធានី ដើម្បីធ្វើការចោទប្រកាន់តាមផ្លូវច្បាប់ យោងទៅលើអតីតបុគ្គលិកក្រុមហ៊ុនរូបនេះធ្វើឱ្យបាត់បង់ប្រាក់របស់ក្រុមហ៊ុនជាង៣ម៉ឺនដុល្លារសហរដ្ឋ អាមេរិក។ អតីតបុគ្គលិកក្រុមហ៊ុនខាងលើនោះឈ្មោះជឿន ណាង ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិដើមស្តៅ ឃុំពង្រ ស្រុកកោះសុទិន ខេត្តកំពង់ចាម ។
នៅសាលាដំបូងរាជធានីភ្នំពេញ លោកមេធាវីច័ន្ទ វិចិត្រ តាំងខ្លួនជាដើមបណ្តឹងបានរៀបរាប់ថា មួយរយៈកន្លងមក ក្រុមហ៊ុនរបស់លោកមានការខាតបង់ប្រាក់ចំណូលយ៉ាងច្រើនទៅលើការលក់ទំនិញថ្នាំពេទ្យនៅសាខាខេត្តកំពង់ចាមដោយរកមូលហេតុមិនឃើញសោះ ។ ការខាតបង់ប្រាក់ចំណូលរបស់ក្រមហ៊ុននោះនៅថ្ងៃទី២៦ មករា ២០១១ ក្រុមហ៊ុនបានចាត់បញ្ជូនបុគ្គលិកជំនាញម្នាក់ឈ្មោះជា តារា ឱ្យចុះទៅផ្ទៀងផ្ទាត់របាយការណ៍គណនេយ្យដែលជំពាក់ប្រាក់របស់អតិថិជន ។ ក្រោយពីក្រុមហ៊ុនបានឱ្យអ្នកជំនាញទៅពិនិត្យលើឯកសារទាំងឡាយឃើញថា ឈ្មោះជឿន ណាង ធ្វើឱ្យបាត់បង់ប្រាក់របស់ក្រុមហ៊ុនសាខាខេត្តកំពង់ចាម អស់ជាង៣ម៉ឺនដុល្លារសហរដ្ឋអាមេរិកមែន ក្រុមហ៊ុនបានយោគយល់ឱ្យឈ្មោះជឿន ណាង នេះឯងនិងក្រុមគ្រួសារធ្វើកិច្ចសន្យាមួយក្នុងគោលបំណងរកប្រាក់សងរំលស់ទៅឱ្យក្រុមហ៊ុនវិញ ។ ប៉ុន្តែឈ្មោះជឿន ណាង មិនព្រមផ្តិតមេដៃទទួលខុសត្រូវចំពោះការបាត់បង់ប្រាក់យ៉ាងសន្ធឹកសន្ធាប់នោះឡើយ ។
ហេតុនេះក្រុមហ៊ុនបានប្រគល់សិទ្ធិឱ្យលោកមេធាវីច័ន្ទ វិចិត្រ ធ្វើជាដើមបណ្តឹងព្រមទាំងនាំខ្លួនឈ្មោះជឿន ណាង ប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ និងបានចោទប្រកាន់ពីបទរំលោភលើសេចក្តីទុកចិត្ត ។ ជនដែលត្រូវចោទឈ្មោះជឿន ណាង បានឆ្លើយបំភ្លឺចំពោះមុខអ្នកច្បាប់ថា ខ្លួនអតីតពិតជាបុគ្គលិកបម្រើការងារឱ្យក្រុមហ៊ុនហ្សូអេលីហ្គហ្វាម៉ា នោះមែន ដោយទទួលប្រាក់កម្រៃក្នុង១ខែ១៧៥ដុល្លារ ។ ជឿន ណាង បានសារភាពថា ខ្លួនត្រូវក្រុមហ៊ុនឱ្យឈរជើងលក់និងចែកចាយថ្នាំពេទ្យនៅសាខាខេត្តកំពង់ចាម ខ្លួនបានធ្វើឱ្យបាត់បង់ប្រាក់ក្រុមហ៊ុនតាមការបំបែកថ្នាំពេទ្យទៅលក់នៅខេត្តដទៃតាមរយៈបុគ្គលិក២ទៅ៣នាក់ទៀត ។
ប្រាក់មួយចំនួនត្រូវបានឱសថស្ថានខ្លះជំពាក់កប់មិនទាន់បង្វិលសង ប៉ុន្តែទោះជាយ៉ាងណា ពេលនេះខ្លួនត្រូវរងនូវការប្តឹងចោទប្រកាន់ពីសំណាក់លោកច័ន្ទ វិចិត្រ មេធាវីការពារសិទ្ធិ និងផលប្រយោជន៍របស់ក្រុមហ៊ុនចោទពីបទរំលោភលើទំនុកចិត្ត ។ ជនដែលត្រូវចោទមិនអាចរកប្រាក់សងក្រុមហ៊ុនវិញបានមានតែផ្លូវមួយ គឺលោកចៅក្រមស៊ើបសួរសម្រេចចេញដីកាឃុំខ្លួនរូបគេដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដើម្បីបង្ខំរាងកាយរកប្រាក់មកដោះបំណុលដើមបណ្តឹងវិញ ៕
ចែករំលែកព័តមាននេះ