ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​នាំ​ទឹក​ចម្ងាយ​ជាង​៥០​គីឡូ ទៅ​សង្គ្រោះ​ស្រូវ​កសិករ​ជាង​៥០០​ហិច​តា​កំពុង​ប្រឈម​គ្រោះ​រាំង​ស្ងួត

3 ខែ មុន
  • បាត់ដំបង

អាជ្ញាធរ​ស្រុក​មោង​ឬ​ស្សី កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២៤​នេះ បាន​ប្រឹងប្រែង​នាំ​ទឹក​ដែល​មាន​ចម្ងាយ​រាប់​សិប​គីឡូម៉ែត្រ ពី​ទំនប់ «​ក​ង្ហ​ត​» ស្ថិត​នៅ​ស្ទឹង​សង្កែ ក្នុងស្រុក​បាណ​ន់ ដើម្បី​យក​ទៅ​ជួយ​សង្គ្រោះ​ដំណាំ​ស្រូវប្រាំង របស់​ប្រជា​កសិករ​ជាង​៥០០​ហិច​តា នៅ​ក្នុង​ទឹកដី

ខេត្តបាត់ដំបង ៖ អាជ្ញាធរ​ស្រុក​មោង​ឬ​ស្សី កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២៤​នេះ បាន​ប្រឹងប្រែង​នាំ​ទឹក​ដែល​មាន​ចម្ងាយ​រាប់​សិប​គីឡូម៉ែត្រ ពី​ទំនប់ «​ក​ង្ហ​ត​» ស្ថិត​នៅ​ស្ទឹង​សង្កែ ក្នុងស្រុក​បាណ​ន់ ដើម្បី​យក​ទៅ​ជួយ​សង្គ្រោះ​ដំណាំ​ស្រូវប្រាំង របស់​ប្រជា​កសិករ​ជាង​៥០០​ហិច​តា នៅ​ក្នុង​ទឹកដី ឃុំ​តា​លាស់ ដែល​កំពុង​ប្រឈម​នឹង​គ្រោះ​មហន្តរាយ​។

អភិបាលរង​ស្រុក​មោង​ឬ​ស្សី លោក បឿន សុវណ្ណ ដែល​កំពុង​ដឹកនាំ​មន្ត្រី​មូលដ្ឋាន ចុះ​ពិនិត្យ​ប្រព័ន្ធ​ប្រឡាយ​ទឹក បាន​ប្រាប់​ឱ្យ​ដឹង​ថា ដោយ​យោង​តាម​ការ​ស្នើ​សុំ​ទឹក​សង្គ្រោះ​បន្ទាន់​ពី​ប្រជាពលរដ្ឋ រួម​ទាំង​អាជ្ញាធរ​ស្រុក និង​យោង​ទៅ​លើ​ការ​ចុះ​ពិនិត្យ​ជាក់ស្ដែង​របស់​សម្ដេច​ក្រឡាហោម ស ខេ​ង កាលពី​ប៉ុន្មាន​ថ្ងៃមុន​ផង ដែល​បាន​បង្អុ​ល​បង្ហាញ ទើប​មន្ត្រី​ជំនាញ​គ្រប់គ្រង​ទឹក​នៅ​ទំនប់​«​ក​ង្ហ​ត​» សម្រេច​បើក​បញ្ជូន​ទឹក ដើម្បី​ជួយ​សង្គ្រោះ​ស្រូវប្រាំង​របស់​ប្រជា​កសិករ នៅ​តាម​បណ្ដា​ឃុំ​មួយ​ចំនួន ក្នុងស្រុក​មោង​ឬ​ស្សី ដែល​ខ្វះខាត​ទឹក​ស្រោច​ស្រប​។

លោក​អភិបាលរង​ស្រុក​មោង​ឬ​ស្សី បន្ត​ថា ដោយឡែក​ស្រូវប្រាំង​របស់​ពលរដ្ឋ នៅ​ឃុំ​តា​លាស ចំនួន​ជាង​៥០០​ហិច​តា យើង​ទើបបាន​ទទួល​ទឹក ដើម្បី​ជួយ​សង្គ្រោះ​នៅ​ពេល​នេះ​។ ប្រហែល​នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២៤ សន្ទុះ​ទឹក​អាច​នឹង​មក​ដល់​ស្រែប្រាំង​របស់​ពលរដ្ឋ​នៅ​ឃុំ​តា​លាស់​ហើយ​។

លោក បឿន សុវណ្ណ បាន​ឲ្យ​ដឹង​ទៀត​ថា សន្ទុះ​ទឹក​ហាក់​មានការ​យឹត​យ៉ាវ​បន្តិច ដោយសារ​តែ​មានការ​លួ​.​ច​ស្ទាក់​បូម លួ​.​ច​បើក​បង្ហូរ​ចេញពី​ប្រ​ឡា​មេ ទៅ​កាន់​កន្លែង​ផ្សេង និង​មាន​ជនខិលខូច​មួយ​ចំនួន​បិទ​ស្ទាក់​ដាក់​ឧបករណ៍​យក​ត្រី​។ ប៉ុន្តែ​ទោះបី​យ៉ាងណា លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ស្រាវជ្រាវ និង​អន្តរ​រាគ​មន៍​បើកទឹក​ឲ្យ​ដំណើរការ​ជា​ធម្មតា​វិញ​ហើយ​។

លោក បឿន សុវណ្ណ បាន​បញ្ជាក់​ដែរ​ថា ស្រូវប្រាំង​របស់​កសិករ​ជាង​៥០០​ហិច​តា​ខាងលើ​នេះ អាច​ប្រឈម​នឹង​ការ​ខូចខាត ប្រសិនបើ​មិន​អាច​នាំ​ទឹក​ពី​ទំនប់​«​ក​ង្ហ​ត​» នៅ​ក្នុងស្រុក​បាណ​ន់ ដែល​មាន​ចម្ងាយ​ជាង​៥០​គីឡូម៉ែត្រ មក​ជួយ​សង្គ្រោះ​មិន​ទាន់​ពេលវេលា​ទេ​។ ប៉ុន្ដែ​យ៉ាងណា នៅ​រសៀល​ថ្ងៃ​ដដែល​នេះ ទឹកនឹង​ចូល​ដល់​ស្រែ​គ្រប់គ្រាន់​ហើយ​។

ពាក់ព័ន្ធ​នឹង​ការ​ខ្វះខាត​ទឹក​ជួយ​សង្គ្រោះ​ស្រូវប្រាំង​របស់​ប្រជា​កសិករ នៅ​ក្នុង​ខេត្តបាត់ដំបង​នេះ បើ​យោង​តាម​សេចក្ដីរាយការណ៍​នានា បាន​ប្រាប់​ឲ្យ​ដឹង​ថា ដំណាំ​ស្រូវប្រាំង​ឆ្នាំ​នេះ ហាក់​ប្រឈម​នឹង​គ្រោះ​មហន្តរាយ​ខ្លាំង​បំផុត ដែល​កើត​មាន​ស្ទើរតែ​គ្រប់​ទីកន្លែង ដោយសារ​តែ​ខ្វះខាត​ទឹក​ស្រោច​ស្រប​។ ជា​ពិសេស​ស្រុក​ចំនួន​៣ ដែល​គេ​ពិនិត្យ​ឃើញ​ថា កំពុង​ប្រឈម​នឹង​គ្រោះ​រាំង​ស្ងួត​នេះ​ខ្លាំង​ជាងគេ គឺ​ស្រុក​មោង​ឬ​ស្សី ស្រុក​ថ្មគោល និង​ស្រុក​ឯក​ភ្នំ​។

ប៉ុន្តែ​ក្រោយ​ពី​សម្ដេច​ក្រឡាហោម ស ខេ​ង ដឹកនាំ​មន្ត្រី​នានា ចុះ​ពិនិត្យ​ផ្ទាល់​លើ​តំបន់​ធ្វើស្រែ​ប្រាំង ជា​ពិសេស​នៅ​ស្រុក​មោង​ឬ​ស្សី​កាលពី​ប៉ុន្មាន​ថ្ងៃមុន ទើប​មន្ត្រី​ជំនាញ​សម្រេច​បើក​បញ្ជូន​ទឹក​ពី​សំណង់​ធារាសាស្ត្រ​«​ក​ង្ហ​ត​» នៅ​ស្រុក​បាណ​ន់ ទៅ​តាម​ប្រព័ន្ធ​ប្រឡាយ​ទឹក ដើម្បី​ជួយ​សង្គ្រោះ​ស្រូវប្រាំង​នៅ​តាម​បណ្ដា​ស្រុក​នានា​។ ដោយឡែក ទឹក​ក្នុង «​អាង​កំពីងពួយ​» ក៏​ត្រូវ​បាន​បើក​បញ្ជូន​ទឹក​ទៅ​ជួយ​សង្គ្រោះ​ស្រូវប្រាំង​រាប់​ពាន់​ហិច​តា​របស់​កសិករ នៅ​ក្នុងស្រុក​ថ្មគោល និង​ស្រុក​បាណ​ន់​ផង​ដែរ​។ ប៉ុន្តែ​ប្រភព​ទឹក​ទាំងនេះ ទំនង​មិន​អាច​ផ្គត់ផ្គង់​ដល់​ការ​បង្កបង្កើន​ផល​ស្រូវប្រាំង​បន្ត​ទៀត​បាន​ទេ​។

នេះ​បើ​តាម​ការ​ផ្ដល់​ដំណឹង​ពី​មន្ត្រី​ជំនាញ ដែល​គ្រប់​គ្រង់​ទឹក ខណៈ​អាជ្ញាធរ​ស្រុក​ថ្មគោល បាន​ប្រកាស​ជូនដំណឹង ហាមឃាត់​មិន​អនុញ្ញាត​ឲ្យ​ប្រជា​កសិករ​របស់​ខ្លួន វា​.​យ​ដី​ធ្វើ​ស្រូវប្រាំង​បន្ត​ទៀត​ឡើយ បន្ទាប់​ពី​ប្រមូល​ផល​រួច​នា​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ ព្រោះ​គ្មាន​ប្រភព​ទឹក​គ្រប់គ្រាន់​សម្រាប់​ធ្វើ​ស្រូវប្រាំង​បន្ត​ទៀត​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ