ខេត្តស្វាយរៀង ៖ សមត្ថកិច្ចខេត្តស្វាយរៀងបានតាមប្រម៉ាញ់ក្រុមក្មេងទំនើង១ក្រុមដែលជិះម៉ូតូបង្ហោះតាមដងផ្លូវ និងមានដំបងដេញវា.យ ប្រជាពលរដ្ឋចំនួន០២នាក់ ដែលកំពុងជិះម៉ូតូធ្វើដំណើរតាមដងផ្លូវ ។
ហេតុការនេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ហើយបានជិះម៉ូតូរត់គេចខ្លួនទៅដល់ខេត្តកំពតក៏ត្រូវសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងសហការជាមួយសមត្ថកិច្ចនគបាលខេត្តកំពត ចាប់ខ្លួនបានបញ្ជូនមកសាលាដំបូងខេត្តស្វាយរៀង ចាត់ការតាមនីតិវិធី ។ បន្ទាប់មកលោកចៅក្រមនៃសាលាដំបូងខេត្តបានចេញដីកាឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តស្វាយរៀង នៅល្ងាចថ្ងៃទី១២ មករា២០២៤ ។

បើតាមមន្ត្រីនគរបាលការិយាល័យកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាដ៏មឹងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ក្នុងការចូលរួមលុបបំបាត់ក្រុមក្មេងទំនើងនៅទូទាំងខេត្តស្វាយរៀង និងដឹកនាំអនុវត្តដោយលោកឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញនគរបាលស្រុកស្វាយជ្រំ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង និងមានការសហការល្អជាមួយកម្លាំងអធិការនគរបាលស្រុកឈូកនៃស្នងការដ្ឋាននគរបាលខេត្តកំពត ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនមុខសញ្ញាក្មេងទំនើងចំនួន០៣នាក់ ដែលបានធ្វើសកម្មភាពដេញវា.យគ្នាទៅវិញទៅមក និងបង្ហោះម៉ូតូតាមផ្លូវសាធារណៈ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ នៅចំណុចភូមិល្វា ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

ប្រភពពីមហាជនបានលើកឡើងថា មុនពេលកើតហេតុគេឃើញមានក្រុមក្មេងទំនើង១ក្រុម មានគ្នា០៤នាក់ ជិះម៉ូតូឌុបគ្នា០២គ្រឿងបានធ្វើសកម្មភាពជិះម៉ូតូបង្ហោះតាមដងផ្លូវ និងបានដេញវា.យទៅលើជនរងគ្រោះចំនួន២នាក់ ដែលកំពុងជិះម៉ូតូតាមដងផ្លូវ ។ បង្កឲ្យជនរងគ្រោះភ័យជិះម៉ូតូ ដួលបណ្តាលឲ្យរងរបួសស្រាល ក៏ប៉ុន្តែខូចម៉ូតូធ្ងន់ ក៏បានដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ទើបក្រុមជនបង្កដឹងខ្លួនបានជិះម៉ូតូរត់គេចខ្លួនរហូតដល់ខេត្តកំពត ។ ក៏បន្តែត្រូវសមត្ថកិច្ចស្រាវជ្រាវអស់រយៈពេល០៦ថ្ងៃទើបចាប់ឃាត់ខ្លួនបាន ។
នៅចំពោះមុខសមត្ថកិច្ច ក្រុមក្មេងទំនើងទាំង០៣ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពជិះម៉ូតូបង្ហោះម៉ូតូ និងដេញវា.យជនរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្ន ក្រុមក្មេងទំនើងទាំង០៣នាក់ បានកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់លោកចៅក្រមបានចេញដីកាឃុំខ្លួនជនបង្កទាំង០៣នាក់ ដាក់ពន្ធនាគារខេត្តស្វាយរៀងរួចហើយ រីឯម្នាក់ទៀតរួមដំណើរបានដោះលែងឲ្យមានសេរីភាពវិញ ៕
ចែករំលែកព័តមាននេះ