ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកក្រុង​ប៉ោយ​ប៉ែ​ត​ទទួល​ការ​សរសើរ​យ៉ាង​ខ្លាំង ក្រោយ​ឃើញ​វី​ដេ​អូ​មួយ ពិតជា​គំរូ​ល្អ (​វី​ដេ​អូ​)

11 ខែ មុន
  • បន្ទាយមានជ័យ

ផ្ទុះ​ការ​សរសើរ​យ៉ាង​ខ្លាំង​នៅ​លើ​បណ្តាញ​សង្គម ចំពោះ​អ្នកក្រុង​ប៉ោយ​ប៉ែ​ត បន្ទាប់​ពី​វី​ដេ​អូ​ឃ្លី​ប​មួយ​ត្រូវ​បាន​គេ​បង្ហោះ និង​ចែករំលែក​បន្ត​គ្នា ខណៈ​ពេល​ភ្លេងជាតិ​បាន​បន្លឺ​ឡើង​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត គេ​ក៏​ឃើញ​ថា

ក្រុង​ប៉ោយ​ប៉ែ​ត ៖ ផ្ទុះ​ការ​សរសើរ​យ៉ាង​ខ្លាំង​នៅ​លើ​បណ្តាញ​សង្គម ចំពោះ​អ្នកក្រុង​ប៉ោយ​ប៉ែ​ត បន្ទាប់​ពី​វី​ដេ​អូ​ឃ្លី​ប​មួយ​ត្រូវ​បាន​គេ​បង្ហោះ និង​ចែករំលែក​បន្ត​គ្នា ខណៈ​ពេល​ភ្លេងជាតិ​បាន​បន្លឺ​ឡើង​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត គេ​ក៏​ឃើញ​ថា បងប្អូន​ខ្មែរ​គ្រប់​រូប មាន​ទាំង​ឡាន ទាំង​ម៉ូតូ រ៉ឺ​ម៉ក់​កង់​បី ក៏​ដូច​ជា​អ្នក​អូស​រទេះ​លក់ដូរ​ទាំងអស់ បាន​នាំ​គ្នា​ផ្អាក​ឈប់​ធ្វើ​ចរាចរណ៍ និង​ឈរ​គោរព​ភ្លេងជាតិ​បទ «​នគររាជ​» ដោយ​ទឹកមុខ​ញញឹម​គ្រប់​ៗ​គ្នា ទាល់តែ​ភ្លេងជាតិ​ចប់ ទើប​បន្ត​ការ​ធ្វើ​ចរាចរណ៍​ធម្មតា​វិញ ឃើញ​ហើយ គឺ​មិន​សរសើរ​មិន​បាន​ឡើយ ។

តាម​រយៈ​សកម្មភាព​មួយ​នេះ វា​គឺជា​គំរូ​មួយ​ដ៏​ល្អ​បំផុត​សម្រាប់​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​គួរ​យកតម្រាប់​តាម និង​ងាក​មក​ចូលរួម​គោរព​ទង់ជាតិ និង​ភ្លេងជាតិ​គ្រប់​ៗ​គ្នា ។ ជា​ពិសេស គួរ​ឲ្យ​កោតសរសើរ​ដល់​ថ្នាក់ដឹកនាំ​ដែល​បាន​ចាត់តាំង​ដាក់​បទ​ភ្លេង​គោរព​ទង់ជាតិ ដើម្បី​ឲ្យ​មហាជន​អនុវត្តន៍​បាន​យ៉ាង​ល្អ ។

មែនទែន​ទៅ មិន​ថា​តែ​អ្នកក្រុង​ប៉ោយ​ប៉ែ​ត​នោះ​ទេ ដែល​ធ្វើ​ទ​ង្វើ​គំរូ​ល្អ​មួយ​នេះ កន្លង​មក​ក៏​មាន​តាម​បណ្តា​រាជធានី​-​ខេត្ត​មួយ​ចំនួន ក៏​បាន​ធ្វើ​គំរូ​ល្អ​បែប​នេះ​ដែរ ភាគច្រើន​គឺ​នៅ​ទីកន្លែង​ប្រារព្ធ​ពិធី​នានា​។ ហើយ​បើ​មើល​តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​ខាងលើ​នេះ អាច​ជា​ពេល​ព្រឹក ព្រោះ​មិន​ទាន់​សូវ​មាន​មនុស្ស​ចេញចូល​ច្រើន​តាម​ច្រក​ទ្វារ​អន្តរជាតិ​ដ៏​សំខាន់​របស់​កម្ពុ​ជាមួយ​នេះ​ទេ ។

តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​ដែល​ត្រូវ​បាន​បង្ហោះ និង​ចែករំលែក​យ៉ាងច្រើន​ខាងលើ​នេះ មហាជន​បាន​សម្តែង​​ការ​កោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​បងប្អូន​ខ្មែរ​យើង​នៅ​ឯ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ដោយ​អ្នកខ្លះ​បាន​បញ្ចេញមតិ​ថា «​ចង់​ឲ្យ​បងប្អូន​នៅ​ទូ​ទាំង​២៥​ខេត្ត​-​ក្រុង​ធ្វើ​ទម្លាប់​ល្អ​បែប​នេះ​តាម​អ្នក​ប៉ោយ​ប៉ែ​ត​» ។ ខ្លះ​ទៀត​លើក​ឡើង​ថា «​ពេល​ឃើញ​វី​ដេ​អូ​នេះ មើល​ហើយ​បះ​រោម​តែ​ម្តង ដោយសារ​មាន​អារម្មណ៍​រំភើប​ពេក​»​។

គួរ​បញ្ជាក់​ថា យោង​តាម​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លេខ​០៧ អំពី​ការ​ប្រារព្ធ​ពិធី​គោរព​ទង់ជាតិ ក្នុង​គោលបំណង​ពង្រឹងពង្រីក​ខឿន​ឯករាជ្យ​ជាតិ និង​មហា​សាមគ្គី​ជាតិ ផ្សារ​ភ្ជាប់​នឹង​ការ​ពង្រឹងពង្រីក​មនសិកា​ស្នេហា​ជាតិ ស្នេហា​មាតុភូមិ ក្រោយ​ព្រះរាជកិច្ច​ដឹកនាំ​ដ៏​ឈ្លាសវៃ​នៃ​សម្តេចឪ ជាទី​គោរព​សក្ការៈ​ដ៏​ឧត្តុ​ង​ឧត្តម រាជរដ្ឋាភិបាល​ក៏​បាន​ណែនាំ​គ្រប់​ក្រសួង ស្ថាប័ន និង​ខេត្ត​-​ក្រុង​ទូ​ទាំង​ប្រទេស​ដូច​តទៅ ៖

១- គ្រប់​ក្រសួង ស្ថាប័ន ខេត្ត​-​ក្រុង មន្ទីរ អង្គភាព​ក្រោយ​ឱវាទ មន្ទីរពេទ្យ គ្រឹះស្ថានសិក្សា​ទូ​ទាំង​ប្រទេស ត្រូវ​ប្រារព្ធ​ពិធី​គោរព​ទង់ជាតិ នៅ​វេលា​ម៉ោង​៧​ព្រឹក​ជា​រៀងរាល់ថ្ងៃ​ធ្វើការ ។ ដោយឡែក​ចំពោះ​គ្រឹះស្ថានសិក្សា ត្រូវ​ប្រារព្ធ​ពិធី​គោរព​ទង់ជាតិ​២​ដង ក្នុង​មួយ​ថ្ងៃ គឺ​ពេល​ព្រឹក​មុន​ពេល​ចូល​សិក្សា និង​ពេល​ល្ងាច ក្រោយ​ពេល​បញ្ចប់​ការ​សិក្សា ។

២- រោងចក្រ មហា​ស្រព រោង​ភាពយន្ត វី​ដេ​អូ​រដ្ឋ និង​ឯកជន​នៅ​ទូ​ទាំង​ប្រទេស ត្រូវធ្វើ​ពិធី​គោរព​ទង់ជាតិ ដោយ​ក្រោកឈរ​គោរព​ឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ ព្រមទាំង​ចាក់​ភ្លេងជាតិ​បទ «​នគររាជ​» មុន​នឹង​ចាប់ផ្តើម​ដំណើរការ​សម្តែង ឬ​បញ្ចាំង​សាច់​រឿង ។

៣- ក្រសួង​ព័ត៌មាន ត្រូវ​ចាក់​ផ្សាយ​បន្ត​ភ្លេងជាតិ​បទ «​នគររាជ​» តាម​បណ្តាញ​វិទ្យុ​រៀង​រាល់​ព្រឹក​វេលា​ម៉ោង​៧ និង​ក្រោយ​ពេល​បញ្ចប់​ការ​ផ្សាយ​របស់​វិទ្យុ ។ ចំពោះ​ទូរទស្សន៍ មុន​ពេល​ចាប់ផ្តើម និង​ក្រោយ​ពេល​បញ្ចប់​នៃ​ការ​ផ្សាយ ក៏​ត្រូវ​ចាក់​ផ្សាយ​ភ្លេងជាតិ​បទ​នគររាជ​ដែរ ។

ទន្ទឹម​នេះ ក្រសួង​ព័ត៌មាន ត្រូវ​បោះ​ពុ​ម្ភ​ខ្លឹមសារ​បទ «​នគររាជ​» និង​អក្សរ​ភ្លេងជាតិ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​នៅ​ទូ​ទាំង​ប្រទេស ៕

អត្ថបទ​ដោយ ៖ មាស តុលា

@user701855856074

ប៉ុស្ដិ៍​នគរបាល​ច្រកទ្វាអន្តជាតិប៉ោយប៉ែត

♬ សំឡេងដើម – Sou Saban I’m – Sou Saban I’m

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ