ខេត្តស្វាយរៀង ៖ សមត្ថកិច្ចបានបើកប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន០៥នាក់ ជាជនជាតិចិនតៃវ៉ាន់ និងរឹបអូសគ្រឿងញៀនបានជិត០៣គីឡូក្រាម និងអាវុធវែងខ្លី ចំនួន០៣ដើម គ្រាប់ចំនួន៩២៨គ្រាប់ និងសម្ភារមួយចំនួនផ្សេងទៀត ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលផ្ទាល់ពីលោក ខាំ សុផារី ព្រះរាជអាជ្ញា និងលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តស្វាយរៀង កាលពីវេលាម៉ោង៨និង៣០នាទីថ្ងៃទី០៥-០៦ ខែមករា ឆ្នាំ២០២៤ កម្លាំងជំនាញ ផែននគរបាលប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធ គ្រាប់រំសេវ ដោយគ្មានការអនុញ្ញាត នៅចំណុចអាគារជួលស្នាក់ នៅស្ថិតក្នុងភូមិ បាវិតកណ្តាល សង្កាត់ បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបករណីខាងលើនេះ សមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យសរុបចំនួន០៥ នាក់ (ជនជាតិចិនតៃវ៉ាន់) និងចាប់យកវត្ថុតាង រួមមាន ៖
-ថ្នាំញៀន ប្រភេទកេតាមីន ចំនួន១៥កញ្ចប់ ទម្ងន់ ២២៤៥,០៦ក្រាម (២គីឡូ និង២៤៥,០៦ក្រាម)
-ថ្នាំញៀនគ្រាប់ ប្រភេទអ៊ិចស្តាស៊ី ទម្ងន់ ៣៩,០១ក្រាម
-ជញ្ជីងថ្លឹងថ្នាំញៀន ០៤ គ្រឿង
-អាវុធវែង០១ ដើម គ្រាប់ ៩៥គ្រាប់ បង់០២
-អាវុធខ្លី០២ ដើម គ្រាប់ ៨៣៣ គ្រាប់ បង់ ០៥ បំពង់ផ្ទប់សម្លេង ០២ ដើម
-ទូរសព្ទដៃ ៣១ គ្រឿង
-ឡេបថប ០១ គ្រឿង
-លិខិតឆ្លងដែន ១៩ ក្បាល
-ប្រាក់ដូល្លា ២,០០០$
-រថយន្ត ០២ គ្រឿង ព្រមទាំងឧបករណ៍ សម្ភារមួយចំនួនទៀត ។
បច្ចុប្បន្ន ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕





ចែករំលែកព័តមាននេះ